កម្មករ​៦​នាក់​ក្នុង​ចំណោម​៦៧​នាក់​ដែល​របួស​ដោយសារ​ក្រឡាប់​ឡាន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ

ដោយ ស៊ុន ហេង
2016.10.28
ឪពុក​កម្មករ​គ្រោះថ្នាក់ ៨៥៥ កសិករ​​នៅ​ខេត្ត​កណ្ដាល លោក ស្រី ហៀង ជា​ឪពុក​កម្មករ​ដែល​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Phann Yasy

ពលករ​រោងចក្រ​កាត់ដេរ យូ.ឌី.អេស (U.D.S) ចំនួន ៦៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​ឡាន​ដែល​ពួកគេ​ជិះ​ទៅ​ធ្វើ​ការ​ជាង​រៀងរាល់ថ្ងៃ​ក្រឡាប់​​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​តុលា នៅ​ឃុំ​ឫស្សីជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

​ព័ត៌មាន​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​ដឹង​ថា មក​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​តុលា មនុស្ស ៦​នាក់​ក្នុង​ចំណោម ៦៧​នាក់ ដែល​រង​របួស កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​វះកាត់​សង្គ្រោះ​បន្ទាន់។

​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​សាស្ត្រាចារ្យ កុយ វ៉ាន់នី បន្ថែម​ពី​លើ​នេះ​ទៀត​ថា អ្នក​របួស​ចំនួន ៦១​នាក់​ទៀត ទោះបីជា​មិន​មាន​របួស​ធ្ងន់ គ្រូពេទ្យ​កំពុង​បន្ត​តាមដាន​ថា តើ​អាការៈ​នឹង​អាច​ប្រែប្រួល​ទៅ​ជា​យ៉ាង​ណា។

កម្មករ​កាត់​ដេរ​ទាំង ៦៧​នាក់​នេះ គឺ​ជា​ជនរងគ្រោះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ។ រថយន្ត​ដឹក​ពលករ​កាត់​ដេរ​របស់​រោងចក្រ យូ.ឌី.អេស បាន​ក្រឡាប់​ចាក់​អ្នក​ដំណើរ​របស់​ខ្លួន​ទៅ​លើ​ថ្នល់។

ពលករ​កាត់ដេរ​លោកស្រី អ៊ឹម សុលីម ជាមួយ​នឹង​បងប្អូន​របស់​លោកស្រី ៣​រូប​ទៀត​ជា​អ្នក​ធ្វើ​ដំណើរ​លើ​រថយន្ត​នោះ។ ខុស​ពី​បងប្អូន​លោកស្រី​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​លោកស្រី សុលីម មិន​បាន​រង​របួស​អ្វី​ទាំង​អស់​ក្រៅ​ពី​ការ​តក់ស្លុត​ក្នុង​អារម្មណ៍ និង​ការ​ព្រួយ​បារម្ភ​ទៅ​ស្ថានភាព​របស់​បងប្អូន។

លោកស្រី​ឯកភាព​ពណ៌នា​ពី​ទិដ្ឋភាព​នៅ​ពេល​ក្រឡាប់​ឡាន​នោះ​មក​អាស៊ីសេរី៖ «កាល​ដំបូង (មួយ) ឡាន​តែ ៦០​នាក់​ជាង​ទេ តែ​កន្លះ​ខែ​ក្រោយ​នេះ​មាន​អ្នក​ធ្វើ​តេស​ថែម អ៊ីចឹង​គេ​កៅអី ៣ ចេញ​ឲ្យ​ឈរ​វិញ។ អ្នក​ឈរ​មាន​ជាង ៣០​នាក់។ ពេល​ក្រឡាប់​ឡាន​អូស​ជាង ២០​ម៉ែត្រ។ ពេល​ឡាន​អូស​ហ្នឹង​ហើយ​ដែល​មាន​រលាត់​ដៃ​រលាត់​ជើង​រលាត់​មុខ។ ណា​មួយ​មាន​បែក​កញ្ចក់។ កញ្ចក់​ជួង​មុខ​តែម្ដង។ អ្នក​នៅ​លើ​ហែក​តង់​ចេញ។ ពេល​ចេញ​រួច ជួយ​ហែក​តង់​គ្នា​យក​អ្នក​សន្លប់ និង​អ្នក​របួស​ចេញ​យក​ទៅ​ដាក់​កៀនៗ​ថ្នល់»

​កសិករ​មួយ​រូប​នៅ​ខេត្ត​កណ្ដាល លោក ស្រី ហៀង អាយុ ៧៣​ឆ្នាំ ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​កាល់ម៉ែត ទាំង​ស្លៀក​ក្រមា បន្ទាប់​ពី​ទទួល​ដំណឹង​ថា កូនស្រី​របស់​លោក​តា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ លោក​គឺ​ជា​អាណាព្យាបាល​មួយ​រូប​ក្នុង​ចំណោម​អាណាព្យាបាល​ជា​ច្រើន​ដែល​មក​អង្គុយ​ត្រៀបត្រា​នៅ​ក្បែរ​អគារ​ព្យាបាល​រង់ចាំ​ស្ដាប់​ដំណឹង​ពី​ជនរងគ្រោះ៖ «អារម្មណ៍​ហ្នឹង​គឺ​ញាប់​ញ័រ​រន្ធត់ បារម្ភ​ពី​កូន។ មក​នេះ​គ្មាន​លុយ​គ្មាន​កាក់​អ្វី​ទេ គឺ​មក​តែ​ខ្លួន​ទេ។ ព្រលឹង​មក​កូន​អស់​ហើយ»

​មន្ត្រី​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក សំ សាលីន ឲ្យ​ដឹង​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​២៧ ខែ​តុលា នេះ លោក​មិន​ទាន់​បាន​ទទួល​បញ្ជា​ពី​ថ្នាក់លើ​ទេ​ថា នឹង​មាន​ចំណាត់​ការ​យ៉ាង​ណា​ទៅ​លើ​តៃកុង​ឡាន និង​ក្រុមហ៊ុន យូ.ឌី.អេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។