សាកសពពលករខ្មែរចំនួន ៦នាក់ និងអ្នករបួសស្រាលចំនួន ១៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកដល់កម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៨ ខែមិថុនា។
ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា ឲ្យដឹងនៅថ្ងៃទី៩ មិថុនា ថា ពលករដែលស្លាប់នោះមានស្រី ៣នាក់ និងប្រុស ៣នាក់។ ក្នុងនោះមាន ៣នាក់មកពីខេត្តសៀមរាប ម្នាក់មកពីស្រុកសង្កែ ខេត្តបាត់ដំបង ពីខេត្តកំពង់ឆ្នាំង ម្នាក់ និងខេត្តកោះកុងម្នាក់។
លោកបន្ថែមថា អ្នករងរបួសធ្ងន់ចំនួន ៦នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្រះកែវ នៅឡើយ៖ «ពលករទាំងអស់គ្នានោះបានជិះរថយន្តឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់។ នៅពេលធ្វើដំណើរនោះ រថយន្តបានបើកបុកសសរបង្គោលភ្លើងអគ្គិសនី ហើយបានក្រឡាប់ធ្លាក់ទឹកតែម្ដង»។
លោកអះអាងថា សមត្ថកិច្ចថៃ កំពុងស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដើម្បីឲ្យអ្នកប្រព្រឹត្តទទួលខុសត្រូវ និងផ្ដល់សំណងដល់ជនរងគ្រោះ។ ចំណែកឯសាកសពពលករត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យនៅឯស្រុកកំណើត នៅយប់ថ្ងៃទី៨ ខែមិថុនា រីឯអ្នករងរបួសស្រាលបានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួននៅយប់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
