រដ្ឋាភិបាល​កោះ​ហៅ​ប្រធាន​សហជីព​កម្មករ​ចូល​ប្រជុំ​ថ្ងៃ​២៧ ធ្នូ

កម្មករ​កាន់​តែ​ច្រើន​បាន​ឈប់​ធ្វើ​ការ​បណ្ដោះ​អាសន្ន ដើម្បី​ចូល​រួម​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ខណៈ​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា (GMAC) ស្នើសុំ​ឲ្យ​ថៅកែ​រោងចក្រ​មួយ​ចំនួន​ពិចារណា​ឲ្យ​កម្មករ​ឈប់​សម្រាក​មួយ​រយៈ​ដោយ​គ្មាន​កាល​កំណត់ ទម្រាំ​ស្ថានភាព​បាតុកម្ម​ហាក់​ធូរ​ស្រាល​បន្តិច។ ការ​ដក​ឃ្លា​របស់​សមាគម​រោងចក្រ​នេះ ក៏​ស្រប​ពេល​ដែល​ក្រសួង​ការងារ បាន​ព្រមាន​ថា​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់ ចំពោះ​មន្ត្រី​សហជីព និង​អ្នក​នយោបាយ​ណា​ដែល​បាន​បំផុស​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម។

0:00 / 0:00

គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា ហៅ​ថ្នាក់​ដឹក​នាំ​សហជីព​ធំៗ​ចំនួន​៦ អោយ​ទៅ​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​ធ្នូ ពី​រឿង​តវ៉ា​ប្រឆាំង​នឹង​ការ​ដំឡើង​ប្រាក់​ខែ។

គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា បាន​ចេញ​លិខិត​អញ្ជើញ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោកស្រី ម៉ម ញឹម ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់​ដេរ​កម្ពុជា និង​លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ទៅ​ប្រជុំ​នៅ​ក្រសួង​ការងារ ជា​បន្ទាន់ ក្រោម​ការ​ដឹក​នាំ​របស់ លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ក្រសួង​ការងារ បាន​បញ្ជា​ឲ្យ​សហជីព​ទាំងអស់​ដែល​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​ដំឡើង​ប្រាក់​ខែ​កម្មករ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ និង​កំពុង​បំពុល​បរិយាកាស អោយ​បញ្ឈប់​បន្ទាន់​នូវ​ការ​បំផុស​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម។

អគ្គលេខាធិការ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា លោក ប្រាក់ ចាន់ធឿន នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​មន្ត្រី​សហជីព និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​ខ្លះ ដែល​រឹង​ទទឹង​បំផុស​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម។

«សំឡេង»

លោក ប្រាក់ ចាន់ធឿន បន្ត​ថា មាន​កម្មករ​ជាង ៥០០​រោងចក្រ​នៅ​ទូទាំង​ប្រទេស នៅ​បន្ត​ការងារ​ធម្មតា ខណៈ​ដែល​កម្មករ​ជិត ១០០​រោងចក្រ បាន​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង ហើយ​គណបក្ស​មួយ​នេះ​កំពុង​កេង​ចំណេញ​នយោបាយ​ពី​កម្មករ។ លោក​ទទួល​ស្គាល់​ថា សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ខ្លះ​កំពុង​កក​ស្ទះ ហើយ​ថៅកែ​រោងចក្រ​អាច​នឹង​ដក​ខ្លួន​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង។

«សំឡេង»

ក្រុម​សហជីព​ហាក់​ធ្វើ​ផ្គើន​ទៅ​នឹង​ការ​កោះ​ហៅ​ចរចា​រឿង​ប្រឆាំង​នឹង​ការ​ដំឡើង​ប្រាក់​ខែ ដោយ​បាន​សរសេរ​លិខិត​មួយ​ទៅ លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បញ្ជាក់​ពី​ជំហរ​បន្ត​ធ្វើ​បាតុកម្ម​ចាប់​ពី​ដើម​ខែ​មករា ត​ទៅ​ឲ្យ​ទាល់​តែ​បាន​ជោគជ័យ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន និង​ការ​ដង្ហែ​ក្បួន​ជា​សាធារណៈ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​តិច ១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៤។

ក្រុម​ប្រឹក្សា​ការងារ​ដែល​មាន​ភាគី​ថៅកែ​រោងចក្រ រដ្ឋាភិបាល និង​សហជីព បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ពី ៨០ ដល់ ៩៥​ដុល្លារ ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៤។ នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត នឹង​ត្រូវ​ដំឡើង ១៥​ដុល្លារ​ទៀត រហូត​ដល់​ឆ្នាំ​២០១៨ ទើប​ប្រាក់​ខែ​កម្មករ​រោងចក្រ​ឡើង​ដល់ ១៦០​ដុល្លារ។ ការ​សម្រេច​ផ្តល់​ប្រាក់​ខែ​ជា​ដំណាក់ៗ​នេះ ត្រូវ​បាន​ពន្យល់​ថា ដើម្បី​ពង្រឹង​ជីវភាព​កម្មករ និង​រក្សា​និរន្តរភាព​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​នៅ​កម្ពុជា។ ក្រុម​ប្រឹក្សា​ការងារ​បញ្ជាក់​ថា ការ​សម្រេច​នោះ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​បើ​អង្គការ​សហជីព​ណា​ប្រឆាំង​ជំទាស់ គឺ​ប្រឆាំង​នឹង​ច្បាប់។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បដិសេធ​ទទួល​ការ​សម្រេច​នោះ។ លោក​បាន​ប្រៀបធៀប​ការ​សន្ទុះ​បាតុកម្ម​របស់​កម្មករ​នៅ​ពេល​នេះ ហាក់​ដូច​ជា​ការ​បាក់​ទំនប់​ដែល​មិន​អាច​ទប់​បាន ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​ក្នុង​កម្រិត​សមរម្យ។

«សំឡេង»

ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា មូលហេតុ​ប្រាក់​ខែ​តិច​ធ្វើ​ឲ្យ​កម្មករ​មិន​អាច​រស់​នៅ​បាន នៅ​ពេល​ដែល​តម្លៃ​ស្បៀង​អាហារ​កាន់​តែ​កើន​ខ្ពស់។ កម្មករ​ជាង ៧០% មាន​ភាព​ស្គមស្គាំង និង​ស្លេកស្លាំង ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​កម្មករ​សន្លប់​កំឡុង​ពេល​បំពេញ​ការងារ។

អ្នក​វិភាគ​សេដ្ឋកិច្ច ធ្លាប់​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ គឺ​អាច​ធ្វើ​បាន​លើស​ពី ១០០​ដុល្លារ​ក្នុង​មួយ​ខែ។ ការ​អះអាង​នេះ បន្ទាប់​ពី​អ្នក​សេដ្ឋកិច្ច​រក​ឃើញ​ថា ថៅកែ​រោងចក្រ​កាត់​ដេរ​ទាំងអស់​ក្នុង​មួយ​ឆ្នាំ​នៅ​សល់​ប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ ទុក​សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ​ទាក់ទង​នឹង​ការ​គ្រប់គ្រង ការ​ចំណាយ​ប្រតិបត្តិការ និង​ផល​ចំណេញ។ ក្រោយ​ពី​ផាត់​ការ​ចំណាយ​លើ​ថ្លៃ​ប្រាក់​ខែ​កម្មករ ៣០០​លាន​ដុល្លារ និង​ថ្លៃ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ចំនួន ១.៧០០​លាន​ដុល្លារ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មិន​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​ឲ្យ​បាន​ច្រើន​ភ្លាមៗ​ក្នុង​រយៈពេល​ខ្លី​បាន​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​និរន្តរភាព​នៃ​ការ​វិនិយោគ។

«សំឡេង»

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​រូប​នេះ​ក៏​បាន​ព្រមាន​ថា អ្នក​វិនិយោគ​ខ្លះ​អាច​នឹង​ដក​ខ្លួន​ចេញ​ទៅ​រក​ស៊ី​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ វិញ ប្រសិន​បើ​កម្មករ​នៅ​តែ​បង្ក​ឲ្យ​មាន​វិបត្តិ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សង្វាក់​ផលិតកម្ម ដែល​នាំ​ឲ្យ​គ្មាន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។