ពលរដ្ឋ​​ខ្មែរ​៧​នាក់​ស្លាប់​និង​១៤​នាក់​របួស​ដោយសារ​បាក់​​​អគារ​នៅ​ថៃ

0:00 / 0:00

ពលករ​ខ្មែរ ៧​នាក់​ស្លាប់ និង​១៤​នាក់​របួស​នៅ​ប្រទេស​ថៃ ដោយសារ​សំណង់​អគារ​មួយ​បាក់​​សង្កត់​លើ​ក្នុង​ពេល​ពួកគេ​កំពុង​បំពេញ​ការងារ។ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​​ក្រុង​បាងកក ​បាន​អម​ដំណើរ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដើម្បី​ទទួល​សព​ពលករ​ទាំង​នោះ​មក​កម្ពុជា​វិញ ខណៈ​ពលករ​ខ្មែរ​ដែល​រង​របួស​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថៃ បន្ត​ទៅ​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា កម្មករ​ដែល​ស្លាប់​​នៅ​ពេល​នោះ​មាន​ចំនួន​សរុប ១០​នាក់ ក្នុង​នោះ​មាន​កម្មករ​ខ្មែរ​ចំនួន ៧​នាក់ ប្រុស​៤ ស្រី​៣ និង ១៤​នាក់​ទៀត​រង​របួស ក្នុង​នោះ​មាន​ប្រុស ៩ និង​ស្រី ៥​នាក់។

លោក​ថា ឧបទ្ទវហេតុ​នេះ​កើត​ឡើង​ក្នុង​ការដ្ឋាន​សង់​មន្ទីរពេទ្យ​ថៃ​មួយ កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ស្ថិត​ក្នុង​ខេត្ត​សមុទ្រប្រាខាន់ (Samut Prakharn) ប្រទេស​ថៃ (Thailand)៖ «ហេតុការណ៍​នេះ​កើត​នៅ​ឯ​មន្ទីរពេទ្យ​មួយ​ដែល​អគារ​ហ្នឹង​គេ​សាងសង់​បន្ថែម។ កើត​វេលា​ថ្ងៃ​ត្រង់ គឺ​ពលករ​ខ្មែរ​យើង​មា​ការ​សម្រាក​ទទួល​ទាន​អាហារ ខ្លះ​ទទួលទាន​អាហារ ហើយ​មាន​ការសម្រាក​អ៊ីចឹង​ទៅ ស្រាប់​តែ​ពិតាន​នោះ​វា​ធ្លាក់។ ពេល​ដែល​ស្លាប់​នោះ គឺ​ស្លាប់​ពលករ​សរុប ១០​នាក់។ ប៉ុន្តែ​ក្នុង​នោះ​មាន​ខ្មែរ​យើង ៧​នាក់ ហើយ​របួស ១៤​នាក់​ខ្មែរ​យើង​ទាំង​អស់ មាន​ប្រុស​៩ ស្រី​ចំនួន ៥​នាក់»

លោក​បន្ត​ថា នៅ​ពេល​នេះ​ក្រុមហ៊ុន​សំណង់​ថៃ ដែល​ទទួល​ខុសត្រូវ​សាងសង់​មន្ទីរពេទ្យ​ថៃ នោះ បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​គ្រួសារ​សព​ខ្មែរ​ជា​បឋម​ក្នុង​មួយ​គ្រួសារ​ចំនួន ២០.០០០​បាត ស្មើ​ប្រមាណ​ជាង ២​លាន​រៀល ដើម្បី​ធ្វើ​សោហ៊ុយ​ជា​បណ្ដោះ​អាសន្ន សម្រាប់​ដឹក​ជញ្ជូន​សព​មក​ស្រុក​ខ្មែរ។ រី​ឯ​កម្មករ​រង​របួស​នៅ​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ បន្ត​ទៅ​ទៀត​សិន។

លោក កុយ គួង៖ «ថ្ងៃ​នេះ​គឺ​ថា​មន្ត្រី​ស្ថានទូត​យើង​អម​ដំណើរ​ជាមួយ​គ្រួសារ​សព​ដើម្បី​នាំ​យក​សាកសព​មក​ប្រទេស​ខ្មែរ​យើង​វិញ​នៅ​ថ្ងៃ​ហ្នឹង នៅ​ថ្ងៃ​ទី​២៧ (កុម្ភៈ) យើង​ហ្នឹង។ ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ដែរ​ថា យើង​មិន​ចាំបាច់​មាន​ការ​ប្ដឹង​ផ្ដល់​អី​ទេ ព្រោះ​អា​នេះ​គេ​ហៅ​ថា គ្រោះ​ថ្នាក់​ការងារ យើង​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ឯង។ ដូច្នេះ ស្ថានទូត​យើង​កំពុង​ធ្វើការ​មមាញឹក​ជាមួយ​នឹង​អាជ្ញាធរ​ថៃ ពាក់​ព័ន្ធ ក៏​ដូច​ជាមួយ​ក្រុមហ៊ុន​ហ្នឹង ដើម្បី​ទាមទារ​សំណង​ទៅ​តាម​ច្បាប់»

ទាក់ទង​ការ​បាក់​អគារ​របស់​នេះ​ដែរ កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះ​ផ្សាយ​ថា កម្មករ​ ដែល​ស្លាប់​និង​របួស​នោះ គឺ​ដោយសារ​ធ្នឹម​បេតុង​មួយ​យ៉ាង​ធំ​នៅ​ជាន់​ទី​មួយ​បាក់​កិន​លើ នៅ​ពេល​កម្មករ​កំពុង​បាយ​ថៃ​ត្រង់។

កាសែត​បន្ត​ថា សំណង់​ថ្មី​នេះ​សង់​ត​ភ្ជាប់​អគារ​មន្ទីរពេទ្យ​ចាស់​ឈ្មោះ​ថា មន្ទីរពេទ្យ រ៉ាម៉ាធិបឌី (Ramathibodi) ដែល​គុណភាព​នៃ​ការ​សាងសង់​នេះ​មិន​រឹង​មាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។