អាជ្ញាធរនឹងបញ្ជូនអ្នកបើកបររថយន្ត និងម្ចាស់កំពង់ចម្លងមួយនៅស្រុកស្អាង ខេត្តកណ្ដាល ទៅតុលាការ នៅថ្ងៃទី៥ មេសា ក្រោយពីមនុស្ស៧នាក់ស្លាប់ក្នុងទឹកទន្លេ ពេលរថយន្តបើកធ្លាក់ចុះពីទូកដ។
ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ មេសា ថា អ្នកជាប់ពាក់ព័ន្ធទាំងពីរនាក់នេះ ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនភ្លាមៗ កាលយប់ពីថ្ងៃទី៣ មេសា បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ធ្វើឲ្យមនុស្ស៧នាក់ស្លាប់។
លោកបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីនេះ ដោយសារអ្នកបើកបររថយន្តម៉ាកឡិចស៊ីស (Lexus) ៣០០ បើកចុះកំពង់ចម្លង ក្នុងស្ថានភាពងងឹត និងបន្ទះក្ដារឆ្លងតូច ខណៈអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបន្តិចផង ក៏ជាន់ហ្គែរ ច្រឡំថា ហ្រាំងស្ទុះទៅប៉ះកំណល់ទូកដ ធ្លាក់ចុះទឹកទន្លេបាសាក់តែម្ដង៖ «ពេលហ្នឹងសមត្ថកិច្ចយើង ទាំងនគរបាល ទាំងអាវុធហត្ថស្រុកបានចុះអន្តរាគមន៍ជាមួយអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋនៅជុំវិញហ្នឹងជួយជ្រោមជ្រែងមុជទឹករកសាកសព ក្រែងលោអាចជួយបានដោយវិធីធ្វើចលនាដៃជើង ដែលយើងបានរៀនសូត្រកន្លងមក។ ដល់ពេលរថយន្តសង្គ្រោះមកដល់ ហើយយើងមិនអាចសង្គ្រោះបានផង ក៏បញ្ជូនទៅមន្ទីរពេទ្យ តែវាហួសពេលទៅហើយ ដោយមិនអាចសង្គ្រោះបានដដែល អ្នកទាំង៧នោះបានស្លាប់ហើយ»។
ក្នុងរថយន្តដែលមនុស្សទាំង៧នាក់ស្លាប់នោះ មានគ្នា១១នាក់ តែ៣នាក់ បានចុះចេញពីរថយន្តពេលចុះកំពង់ចម្លង នៅពេលពួកគេធ្វើដំណើរចេញពីសែនដូនតា ឬឆេងម៉េងវិញ វិលទៅគេហដ្ឋានរបស់ខ្លួន នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
