អ្នកទោសមួយក្រុមមានគ្នា៧នាក់ រស់នៅក្នុងបន្ទប់ឃុំឃាំងតែមួយ នៃពន្ធនាគារខេត្តរតនគិរីបានអារចម្រឹងបង្អួចហើយរត់គេចខ្លួន៦នាក់ រីឯអ្នកទោសម្នាក់ទៀតត្រូវបានមន្ត្រីពន្ធនាគារប្រទះឃើញទាន់ និងបានចាប់ខ្លួនខណៈកំពុងព្យាយាមគេចខ្លួន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សដាក់ការសង្ស័យថាការរត់គេចខ្លួននេះ ជាគម្រោងការរៀបចំទុកជាមុន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី អំពាវនាវឲ្យមានការស៊ើបអង្កេតបន្ទាន់ជុំវិញការរត់គេចខ្លួនរបស់ទណ្ឌិត និងពិរុទ្ធជន៦នាក់ នៅពន្ធនាគារខេត្តកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៣ ខែតុលា។
មន្ត្រីសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី ដែលបានចូលរួមស៊ើបអង្កេតករណីនេះ ថ្លែងថាអាចមានភាពមិនប្រក្រតីមួយចំនួនជុំវិញរឿងនេះ។
លោកសង្ស័យថាសកម្មភាពអារចម្រឹងបង្អួចបន្ទប់ឃុំឃាំងនិងការកាត់របងលួសហ៊ុំព័ទ្ធពន្ធនាគាររបស់អ្នកទោសនោះអាចមានគម្រោងការរៀបចំទុកជាមុនឬអាចនឹងមានការឃុបឃិតពីបុគ្គលផ្សេងពីអ្នកទោសទាំងនោះ។
លោកចាត់ទុកថាការរត់ចេញពីពន្ធនាគារ បានដោយសុវត្ថិភាពពេលនេះគឺជាចំណុចអវិជ្ជមាន បន្ថែមទៀតរបស់មន្ត្រីពន្ធនាគារក្នុងការគ្រប់គ្រងពិរុទ្ធជន និងទណ្ឌិតពាក់ព័ន្ធបទល្មើសឧក្រិដ្ឋនិងមជ្ឈិមមិនបានត្រឹមត្រូវ៖ «ទទួលបានពត៌មានដំបូងការរត់រួចនេះគឺអ្នកទោសមានកន្ត្រៃ និងជណ្តើរ ប៉ុន្តែអ្វីដែលយើងស៊ើប អង្កេតជាក់ស្តែងយើងឃើញអ្នកទោសបានអារចម្រឹងដែក ដែលមានទំហំធំរហូតដល់១៩លី ហើយអារដាច់អស់ពីរចម្រឹង ហើយចេញតាមចម្រឹងបង្អួចនៅអាគារខាងលិចពន្ធនាគារ។ យើងនៅមានការសង្ស័យច្រើនដោយមានឧបករណ៍សម្រាប់ឲ្យអ្នកទោសរត់ ជំហានទី១ យើងឃើញចម្រឹងបង្អួចអារដាច់ដោយរណា យើងឃើញរបងរហែកដោយសារកន្ត្រៃកាត់ ហើយយើងឃើញរបងខ្ពស់បើមិនមានជណ្ដើរទេអ្នកទោសមិនអាចលោតផ្លោះរហ័សទេ»។
អ្នកទោសទាំង៦នាក់ដែលបានរត់គេចខ្លួនមានឈ្មោះ ចាន់ សារស់ ស៊ី ណូយ លឹម ស៊ីថា អ៊ិន ចន្ធូ លាស់ សារ៉េត និងអ៊ុក សុភាព ចំណែកឈ្មោះ វ៉ន ប្រុស ត្រូវចាប់ខ្លួនបានវិញ។
ប្រធានពន្ធនាគារខេត្តរតនគិរី លោក ទីន សុវន្នី មានប្រសាសន៍បញ្ជាក់ថាក្រុមអ្នកទោសទាំងនោះបានប្រើប្រាស់ដង្កាប់ និងរណារអារចម្រឹងបង្អួចហើយរត់គេចខ្លួន ក៏ប៉ុន្តែលោកបដិសេធមិនអធិប្បាយពីអង្គហេតុផ្សេងទៀត ទាក់ទិនការរត់គេចខ្លួននោះទេ។
លោកបន្តថាសមត្ថកិច្ចកំពុងសួរចម្លើយអ្នកទោស ឈ្មោះ វ៉ន ប្រុស ដែលឆ្មាំពន្ធនាគារចាប់ខ្លួនបានវិញចំណែកលទ្ធផលយ៉ាងណា លោកមិនទាន់ដឹងនៅឡើយ៖ «ការសន្និដ្ឋានរបស់ខ្ញុំគឺអារចម្រឹងបង្អួចម៉ោងប្រហែលបី ខ្ញុំដើរត្រួតពិនិត្យស្រាប់តែប្រទះឃើញពួកហ្នឹងវាចេញតាមបង្អួចមក។ ចម្លើយមិនទាន់ឆ្លើយអស់ទេ»។
ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ផែន ឌីណា មានប្រសាសន៍បញ្ជាក់ថាសមត្ថកិច្ចបានរកឃើញទូរស័ព្ទមួយគ្រឿងរណាអារដែកបីដើម និងដង្កាប់មួយបន្សល់នៅកន្លែងកើតហេតុ។ លោកបន្តថាក្រុមសមត្ថកិច្ចចម្រុះមួយក្រុមកំពុងបើកការស៊ើបអង្កេតករណីនេះហើយ ក៏ប៉ុន្តែរហូតមកទល់នឹងរសៀលថ្ងៃដដែលនេះសមត្ថកិច្ចមិនទាន់រកឃើញ និងចាប់ខ្លួនអ្នកទោសទាំង៦នាក់បាននៅឡើយ៖ «កម្លាំងជំនាញយើងចុះទៅកន្លែងកើតហេតុឃើញមានរណាហ្នឹងបីដង្កាប់១ ហើយនិងទូរស័ព្ទមិនដឹងរបស់អ្នកមក ឬយ៉ាងម៉េចយើងមិនដឹង ។ យើងកំពុងស្រាវជ្រាវថាតើទូរស័ព្ទ មកពីណា រឿងហ្នឹងយើងបង្កើតជាក្រុមដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញា»។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែតុលា មិនអាចទាក់ទងព្រះរាជអាជ្ញារង លោក ម៉ម វណ្ណដា ដែលដឹកនាំការស៊ើបអង្កេតករណីបាននៅឡើយ។
នេះជាលើកទី៤ ហើយដែលអ្នកទោសអារចម្រឹងបង្អួចដូចគ្នានេះហើយរត់ចេញពីពន្ធនាគារ ខេត្តរតនគិរីចាប់ពីឆ្នាំ២០១៣ រហូតបច្ចុប្បន្នមានចំនួនកើនឡើងដល់២០នាក់និងពីរនាក់ទៀតត្រូវចាប់ខ្លួនបានវិញ។ អ្នកទោសទាំងនោះពាក់ព័ន្ធបទសម្លាប់មនុស្សជួញដូរគ្រឿងញៀនចាប់រំលោភនិងអំពើចោរកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។