កម្មករ​៧​នាក់​របួស​ដោយសារ​បាក់​ស្រុត​ពិតាន​អគារ​រោងចក្រ​នៅ​តាកែវ

0:00 / 0:00

កម្មការិនី​រោងចក្រ​ដេរ​សំលៀកបំពាក់ នីស៊ីគូ (Nishiku) ចំនួន ៧​នាក់ បាន​រង​របួស​ស្រាល​ក្នុង​ហេតុការណ៍​បាក់​ស្រុត​ពិតាន និង​អគារ​រោងចក្រ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ភូមិ​ឃ្លាំងសម្បត្តិ ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​​តាកែវ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២១ តុលា ក្នុង​ពេល​កម្មករ​ប្រមាណ ៨០០​នាក់ កំពុង​បំពេញ​ការងារ។

អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ បាន​ហៅ​ការ​បាក់​ស្រុត​ពិតាន និង​អគារ​រោងចក្រ​ក្នុង​ពេល​កម្មករ​បំពេញ​ការងារ​ថា បណ្ដាល​មក​ពី​ការ​សាងសង់​ខ្វះ​បច្ចេកទេស។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពត់សរ លោក នួន វណ្ណរ៉ា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា ថា បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​ក្នុង​ហេតុការណ៍​នេះ​ដោយ​ក្រុម​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ដែន​ដី មន្ត្រី​ក្រសួង និង​មន្ទីរ​ការងារ បាន​រក​ឃើញ​ថា កម្មការិនី ៧​នាក់ ដែល​ជា​បុគ្គលិក​ផ្នែក​ដេរ​បាន​រង​របួស​ស្រាល​នៅ​ពេល​ពួកគេ​កំពុង​បំពេញ​ការងារ។ លោក​ថា ទាំង​មនុស្ស​និង​ម៉ាស៊ីន​ដេរ​បាន​ធ្លាក់​ចូល​​ក្នុង​ទឹក ដោយសារ​បាក់​បេតុង​ក្រាល​ពី​លើ​អាង​ស្តុក​ទឹក​ដែល​នៅ​ខាង​ក្រោម​អគារ​នោះ ព្រោះ​តែ​ការ​សាងសង់​ខុស​បច្ចេកទេស​ហើយ​ឲ្យ​កម្មករ​អង្គុយ​ធ្វើការ​ពី​លើ​កម្រាល​ថ្ម​នោះ។

លោក នួន វណ្ណរ៉ា៖ «ដំបូង ​វា​បណ្ដាល​មក​ពី​ស្រុត​ពិតាន ឬ​បាក់​ពិតាន​មក បាន​អាហ្នឹង​ទៅ​គ្រឹប​ទៅ ពិតាន​អគារ​ខាង​ត្បូង​នោះ។ ដល់​ពេល​បាក់​ហើយ​បាន​ស្រុត​អា​ហ្នឹង​គ្រឹប​តែ​ម្ដង​ទៅ។ អា​ហ្នឹង​វា​ចាក់​ប្លង់សេ គ្រាន់​តែ​ប្លង់សេ​លើ​អាង តែ​វា​អត់​មាន​ដែក ដល់​មាន​ដែក​សរសៃ​អី​រែង​ទៅ​បាន​វា​ជាប់ អ៊ីចឹង​ថា​សំណង់​នេះ​វា​ខុស​ស្ដង់ដារ។ វា​សំណាង​ល្អ​ដែល​ជញ្ជាំង​វា​អត់​បាក់​ស្រុត​ពី​លើ អត់​មាន​ថា​គ្រោះថ្នាក់​ ហ្នឹង​ឲ្យ​ធ្ងន់ធ្ងរ​បាក់​ដៃ​បាក់​ជើង​អី​ទេ វា​រាង​រលាត់​ជង្គង់​អី​តិចតួច​មិន​ខាន​ទេ»

កម្មការិនី នួន បូរ៉ាត់ ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​ថ្លែង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កើត​មាន​ហេតុការណ៍​បែប​នេះ​នៅ​ក្នុង​រោងចក្រ។ គាត់​បន្ត​ថា នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក​ក្នុង​ពេល​កម្មករ​កំពុង​បំពេញ​ការងារ​នោះ ស្រាប់​តែ​ពិតាន​អគារ​រោងចក្រ​បាន​បាក់ ទើប​បណ្ដាល​ឲ្យ​មាន​ភាព​ច្រួលច្របល់​រួច​ក៏​បាន​បាក់​ស្រុត​អគារ​ទៅ​ទៀត។

កម្មការិនី នួន បូរ៉ាត់៖ «ខ្ញុំ​កំពុង​អង្គុយ​ធ្វើការ​នោះ ក៏​លឺ​សូរ​សំឡេង​បាក់​ពិតាន​ហ្នឹង បាក់​សូរ​ព្រូ​អ៊ីចឹង​ទៅ ក៏​កម្មករ​ផ្អើល ធ្លាក់​កម្ទេច​មក ក៏​កម្មករ​ផ្អើល​ទៅ បាក់​អា​ក្រោម​នោះ​ស្រុត​ទៅ​ទៀត​ទៅ។ មាន​អ្នក​ខ្លះ​យំ​ផល​អី​ផង គាត់​ភ័យ​ខ្លាំង​នោះ រត់​ចេញ​អស់​ទៅ។ កន្លែង​ក្រុម​អ៊ី (E) បាក់​មុន​គេ មាន​កម្មករ​ពីរ​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ហ្នឹង តែ​បាន​កម្មករ​គ្នា​យើង​ហ្នឹង​ទាញ​ដៃ​គាត់​ឡើង​មក​វិញ​ទៀត​មក គាត់​របួស​ជើង។ ពេល​ហ្នឹង​ជ្រួល​ច្របល់​ឆ្វេចឆ្វាច​រត់​ចេញ​មក​អស់​ហើយ ភ្លេច​យក​ទូរស័ព្ទ​ដៃ កាបូប​លុយ​អី​ភ្លេច​ក្នុង​រោងចក្រ​ហ្នឹង»

កម្មការិនី​ទាំង ៧​នាក់ ដែល​រង​របួស​និង​មាន​កម្មការិនី​មាន​ផ្ទៃ​ពោះ​ម្នាក់ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​បាទី។ ថ្វី​ត្បិត​តែ​មាន​ការ​អះអាង​ពី​ប៉ូលិស​ថា ពួកគេ​រង​របួស​ស្រាល ក៏​ប៉ុន្តែ​គ្រូពេទ្យ​បាន​ឆ្លុះ​ថត​កាំរស្មី​អ៊ិច ឲ្យ​ពួកគេ។

អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ក៏​បាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​នោះ​ដែរ និង​បាន​ជំរុញ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​នេះ។

ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ដែន​ដី មន្ត្រី​ក្រសួង និង​មន្ទីរ​ការងារ និង​ភាគី​រោងចក្រ បាន​សម្រេច​ឲ្យ​កម្មករ​ផ្អាក​ការងារ​មួយ​រយៈ ដោយ​ឲ្យ​ក្រសួង​ដែន​ដី​នគររូបនីយកម្ម និង​សំណង់ ត្រួត​ពិនិត្យ រួច​សាងសង់​ឲ្យ​រួច​រាល់​សិន ទើប​តម្រូវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ និង​រក្សា​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ជា​រៀងរាល់​ខែ​ធម្មតា។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​ឃ្លាំមើល​បញ្ហា​នេះ បាន​បន្ទោស​ខាង​រោងចក្រ​និង​អ្នក​ពាក់ព័ន្ធ​ថា មាន​ការ​ធ្វេសប្រហែស​ចំពោះ​គុណភាព​សំណង់។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​សំណង់​អគារ​រោងចក្រ​ទាំង​នោះ ជៀសវាង​កើត​ឡើង​បញ្ហា​ម្ដង​ហើយ​ម្ដង​ទៀត។

ការ​បាក់​ស្រុត​អគារ​រោងចក្រ​គឺ​មិនមែន​ជា​លើក​ទី​១​ទេ ហើយ​កន្លង​មក​ក្រោយ​ពី​កើត​មាន​ហេតុការណ៍​រួច មន្ត្រី​ការងារ​ដែល​បាន​ចុះ​សិក្សា​រក​ឃើញ​ថា ការ​សាងសង់​អគារ​រោងចក្រ​មិន​គោរព​ស្តង់ដារ និង​បាន​សាងសង់​ឡើង​ខុស​បច្ចេកទេស​ជា​ដើម៕