មនុស្ស​៨​នាក់​ស្លាប់​និង​ជាង​៣០​នាក់​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

ព្រះសង្ឃ​​មួយ​អង្គសុគត និង​មនុស្ស ៧​នាក់​​បាន​ស្លាប់ និង​របួស​ជាង ៣០​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ​រវាង​រថយន្ត​ក្រុង​និង​ឡាន​ស្ទូច​នៅ​ភូមិ​​បឹងព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

អធិការ​នគរបាល​ស្រុក​មោងឬស្សី លោក​ គិត ហ៊ាង មាន​ប្រសាសន៍​ថា ​រថយន្ត​​ក្រុង​ក្រុមហ៊ុន ភី.អេស (PS) ដឹក​អ្នក​ដំណើរ​ពី​ភ្នំ​ពេញ ទៅ​ទីក្រុង​ប៉ោយប៉ែត បាន​បុក​ឡាន​ស្ទូច​ក្នុង​ដំណើរ​បញ្ច្រាស​ទិស​គ្នា។ លោក​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​ការ​ធ្វើ​ប្រហែស​របស់​អ្នក​បើក​ឡាន​ក្រុង៖ «យើង​មើល​ទៅ​កន្លែង​គ្រោះ​ថ្នាក់​ឃើញ​ឡាន​ក្រុង​រំលោភ​ខាង​ស្ដាំ​គេ ព្រោះ​ឃើញ​មាន​ស្នាម​អូស​កង់ ហើយ​បុក​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង ធ្វើ​ឲ្យ​រួញ​ឡាន​ក្រុង​តែម្ដង»

លោក​បន្ត​ថា អ្នក​បើក​ឡាន​ស្ទូច​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់។ ចំណែក​ឯ​ឡាន​ក្រុង​ សុគត​ព្រះសង្ឃ​មួយ​អង្គ និង​ស្លាប់ ៦​នាក់ ហើយ​របួស​ធ្ងន់ និង​ស្រាល​ចំនួន ៣១​នាក់។ សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​រង​របួស​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​បង្អែក​​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។