ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ស្នើឲ្យរដ្ឋាភិបាលស៊ុយអែត (Sweden) តាមរយៈស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ ជួយពន្លឿនការដោះស្រាយដល់កម្មករខ្មែរដែលមិនទាន់ទទួលបានប្រាក់ខែគ្រប់ចំនួន ពីក្រុមហ៊ុនដាំកូនឈើមួយនៅក្នុងប្រទេសនេះនៅឡើយ។
បញ្ហាប្រទាញប្រទង់គ្នារវាងក្រុមហ៊ុនដាំកូនឈើមួយឈ្មោះ ស្កកស្វាសាប៊ីធា ហូស បូនៀ ស្កក អេប៊ី (Skogsvardsarbetare hos Botnia Skog AB) នៅប្រទេសស៊ុយអែត និងពលករកម្ពុជា នៅមិនទាន់មានដំណោះស្រាយនៅឡើយទេមកទល់ពេលនេះ។
ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ឬហៅថាគណៈកម្មការទី៨ នៃរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា អ្នកស្រីនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតស៊ុយអែត ប្រចាំកម្ពុជា នៅថ្ងៃទី៤ មិថុនា ខាងមុខ ដើម្បីឲ្យពន្លឿនរកដំណោះស្រាយជូនពលករខ្មែរ។ សំណើនេះ ធ្វើឡើងក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់តំណាងពលករខ្មែរ កាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ៖ «រឿងនេះ គឺជាប្រធានបទមួយដែលខ្ញុំត្រូវជួយ។ ស្ថានទូតស៊ុយអែត គឺស្ពានដោះស្រាយបញ្ហារវាងក្រុមហ៊ុនស៊ុយអែត និងពលករកម្ពុជា»។
ក្រុមពលករខ្មែរអះអាងថា ខណៈដែលមិនទាន់ទទួលបានប្រាក់ខែគ្រប់ចំនួនផង ស្រាប់តែថ្មីៗនេះ ភាគីក្រុមហ៊ុនបានប្ដឹងចោទថា ពួកគាត់ជំពាក់ប្រាក់ក្រុមហ៊ុនជាច្រើនពាន់ដុល្លារទៅវិញ។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងជាមេធាវីរបស់ក្រុមពលករខ្មែរ លោក ហម សុនរិទ្ធិ មានប្រសាសន៍ថា ការទាមទារប្រាក់ខែឆ្លងប្រទេស និងការប្ដឹងជំទាស់ការចោទប្រកាន់របស់ក្រុមហ៊ុននេះ គឺមានយុត្តាធិការនៅប្រទេសស៊ុយអែត។ ដូច្នេះ លោកកំពុងរៀបចំបណ្ដឹង និងប្រមូលភស្តុតាងផ្សេងៗ ដើម្បីបញ្ជូនទៅប្រទេសស៊ុយអែត។
ទាក់ទិនបញ្ហានេះ តំណាងក្រុមហ៊ុន និងជាអ្នករត់ការឯកសារផ្សេងៗជាមួយស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា លោក ហង្ស ពិសិដ្ឋ ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុនពិតជាទទួលស្គាល់ថា មិនទាន់បានបើកប្រាក់ខែគ្រប់ចំនួនដល់កម្មករខ្មែរមែន ប៉ុន្តែពលករទាំងនោះក៏មិនទាន់សងប្រាក់ដែលខ្ចីពីបងស្រីរបស់លោក ដែលត្រូវជាភរិយាម្ចាស់ក្រុមហ៊ុននោះដែរ៖ «គាត់ថា ក្រុមហ៊ុនមិនទាន់បើកប្រាក់ខែឲ្យគាត់ទេ ដូច្នេះពិតណាស់ថា គាត់បានខ្ចីលុយគេចាយ។ អ៊ីចឹង គឺក្រុមហ៊ុនគ្រាន់តែចង់ឲ្យពួកគាត់ដោះស្រាយរឿងលុយដែលជំពាក់សិន»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ ក្រុមពលករខ្មែរទាំង ៣៤នាក់អះអាងថា មុននឹងត្រឡប់មកកម្ពុជា វិញ ពួកគេបានទូទាត់សងបំណុលរួចរាល់ហើយ។ ពួកគាត់បញ្ជាក់ថា ក្រុមហ៊ុនមិនបានផ្ដល់ប្រាក់ប្រចាំខែសម្រាប់កម្មករកម្ពុជា ឲ្យបានទៀងទាត់ទៅតាមកិច្ចសន្យាការងារនោះទេ។ ដូច្នេះ ពួកគាត់សម្រេចខ្ចីលុយតិចតួច ដើម្បីដោះស្រាយជីវភាពពេលនៅធ្វើការទីនោះ។
តំណាងកម្មករខ្មែរ លោក ឡុង សម្ពស្ស បានរៀបរាប់ថា វាមិនអាចទៅរួចនោះទេដែលថា ពួកគាត់ជំពាក់ប្រាក់ក្រុមហ៊ុនជាច្រើន ព្រោះម្នាក់ៗទៅធ្វើការនៅក្រៅប្រទេស សុទ្ធតែដើម្បីបានប្រាក់ខែច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លោកបន្តថា ក្រុមពលករមិនចង់ប្ដឹងវែងឆ្ងាយនោះទេ សំខាន់គឺក្រុមហ៊ុនត្រូវបើកប្រាក់ខែបង្គ្រប់តាមកិច្ចសន្យាការងារឲ្យបានឆាប់ ព្រោះសព្វថ្ងៃនេះ ពួកគាត់ជួបបញ្ហាលំបាកជាច្រើន៖ «អ្នកខ្លះគាត់ជំពាក់លុយធនាគារ ហើយជិតដល់ពេលដែលគេរឹបអូសយកផ្ទះ រីអ្នកខ្លះទៀត ដោយសារតែប្ដីទៅធ្វើការនៅស៊ុយអែត ហើយមិនមានលុយ បង្កទៅជាជម្លោះក្នុងគ្រួសារលែងលះគ្នាជាដើម»។
កាលពីឆ្នាំ១០១៤ កន្លងទៅ ពលករខ្មែរចំនួន ៧២នាក់ បានទៅធ្វើការងារជាអ្នកដាំ និងកាត់ដើមឈើនៅប្រទេសស៊ុយអែត ក្នុងចំណោមនោះមានពលករខ្មែរ ៣៤នាក់ មិនទាន់បានប្រាក់ខែគ្រប់ចំនួន និងគ្រប់គ្នានៅឡើយរហូតមកដល់ពេលនេះ។ ពួកគេចោទក្រុមហ៊ុនថា មានចេតនាគេចវេសមិនបើកប្រាក់ខែឲ្យពួកគាត់ឡើយ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសក្ស័យធនទៅក្រសួងការងារ របស់ប្រទេសស៊ុយអែត កាលពីអំឡុងខែមីនា ឆ្នាំ២០១៥។ អ្នកខ្លះអះអាងថា ក្រុមហ៊ុននៅជំពាក់ពួកគេចំនួន ៣ពាន់ដុល្លារ និងអ្នកខ្លះពី ៦ ទៅ ៧ពាន់ដុល្លារទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
