រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការ ជី.អាយ.ហ្សិត (GIZ) សហការជាមួយក្រសួងកសិកម្ម និងអង្គការសេដាក (CEDAC) កំពុងប្រជុំរយៈពេល ៣ថ្ងៃនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ពិភាក្សាអំពីគម្រោងអាស៊ាន បាយអូកុងត្រូល (ASEAN Biocontrol) ផ្ដោតលើវិស័យកសិកម្ម ដែលធានានូវចីរភាពប្រព័ន្ធកសិចំណីអាហារ ក្នុងសហគមន៍អាស៊ាន ឲ្យប្រើប្រាស់ និងអនុវត្តនូវវត្ថុធាតុដើមកសិកម្មតាមស្តង់ដារតែមួយ ទាំងការប្រើជី ថ្នាំ ពូជ ជាដើម។
តំណាងប្រទេសចំនួន៩ ជាសមាជិកអាស៊ាន បានជួបប្រជុំគ្នានៅក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីគោលដៅក្នុងការប្រើពូជ ជី ថ្នាំ ក្នុងវិស័យកសិកម្ម ដើម្បីធានាឲ្យមានស្តង់ដារនៅក្នុងចំណោមប្រទេសសហគមន៍អាស៊ាន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ លោក ហ៊ាន វណ្ណហន មានប្រសាសន៍ថា ការប្រជុំនិយាយពីវិធានការជីវសាស្ត្រ ដែលធានាផលិតកម្ម កសិកម្ម ត្រូវតែមានសុវត្ថិភាពអាហារ។ លោកថា ប្រសិនបើដាំគ្រាប់ពូជ ត្រូវគិតពីពូជយកពីធម្មជាតិ ឬពូជបង្កាត់បើប្រើជី គឺជីធម្មជាតិ ឬជីគីមី បើប្រើថ្នាំពុល គឺថ្នាំផ្សំពីធម្មជាតិ ឬថ្នាំពុលកសិកម្ម គឺធ្វើយ៉ាងណាឲ្យសហគមន៍អាស៊ាន ត្រូវមានស្តង់ដារដូចគ្នាក្នុងចង្វាក់ផលិតកម្មកសិកម្ម។
លោក ហ៊ាន វណ្ណហន៖ «ផលិតផលចំណីអាហារហ្នឹងក៏អាចផ្លាស់លក់ពីមួយទៅមួយដោយអត់មានរបាំងពន្ធ។ ប៉ុន្តែ នៅក្នុងអាស៊ាន គឺយើងមានកិច្ចព្រមព្រៀងមួយ ASEAN Trad in Goods Agreement ប៉ុន្តែវិធានការ អែស.ភី.អែស (SPS) នឹងត្រូវតែពង្រឹង អ៊ីចឹង កម្ពុជា ខ្លួនយើងក៏ត្រូវតែពង្រឹង ព្រោះថាប្រយ័ត្នតែយើង នាំទៅគេមិនបាន តែគេហូរមកយើង នេះបើសិនជាយើងមិនបានពង្រឹងវិធានការ អែស.ភី.អែស របស់យើង»។
នាយកគម្រោងអាស៊ាន បាយអូកុងត្រូល លោក Matthias Bickel ថ្លែងថា គម្រោងអាស៊ាន បាយអូកុងត្រូល គឺប្រមូលផ្តុំឲ្យសមាជិកនៃសហគមន៍អាស៊ាននីមួយៗ ត្រូវប្រើប្រាស់វត្ថុធាតុដើម ក្នុងការដាំដុះដំណាំកសិកម្ម ដែលសំដៅលើការសម្រេចយកគ្រាប់ពូជ ថ្នាំ និងជី មកប្រើឲ្យត្រូវស្តង់ដារដូចៗគ្នាក្នុងសហគមន៍អាស៊ានទាំងមូល ដើម្បីធានាចីរភាពប្រព័ន្ធកសិចំណីអាហារ និងសុវត្ថិភាពអាហារ។ លោកថា គម្រោងអាស៊ាន បាយអូកុងត្រូល បានចំណាយថវិកា ៩លានយូរ៉ូ សម្រាប់អនុវត្តគម្រោងនោះក្នុងសហគមន៍អាស៊ាន ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។
តំណាងអង្គការសេដាក លោក គាម មករាឌី ឲ្យដឹងថា អង្គការ ជី.អាយ.ហ្សិត បានផ្តល់ប្រឹក្សា និងថវិកាចាប់ពីឆ្នាំ២០១០ មកឲ្យសេដាក ដើម្បីបណ្ដុះបណ្ដាលកសិករឲ្យដាំស្រូវ និងបន្លែ ដោយគោរពតាមស្តង់ដារកសិកម្មសរីរាង្គអន្តរជាតិ សម្រាប់ការនាំស្រូវចេញទៅអាល្លឺម៉ង់ និងអាមេរិក។ លោកថា ក្នុងប្រទេសកម្ពុជា មានសមាជិកផលិតស្រូវសរីរាង្គជាង ២.០០០គ្រួសារ និងអ្នកដាំបន្លែសរីរាង្គប្រមាណ ១០០គ្រួសារ ដែលអង្គការសេដាក ចងក្រង ហើយបាននាំចេញផលិតផលនោះទៅលក់នៅបរទេស និងលក់នៅក្នុងស្រុក។ លោកថា នៅឆ្នាំ២០១៤ អង្គការសេដាក បានអនុវត្តគម្រោងចីរភាពប្រព័ន្ធកសិចំណីអាហារសហគមន៍អាស៊ាន ផ្ដោតសំខាន់លើភាពជាដៃគូជាមួយរដ្ឋបាលសាធារណៈ និងឯកជននៅក្នុងចង្វាក់ផលិតកម្មកសិកម្ម ដែលនឹងនាំមកនូវផលចំណេញដល់កសិករខ្នាតតូច។
កិច្ចប្រជុំដៃគូគម្រោងលើកទី៤ រយៈពេល ៣ថ្ងៃពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា មានគោលបំណងសំខាន់ ដើម្បីពិនិត្យមើលរាល់សមិទ្ធផលដែលសម្រេចបានកន្លងមក។ ការពិភាក្សាលើការអនុវត្តគម្រោងក្របខ័ណ្ឌសមាហរណកម្មសុវត្ថិភាពចំណីអាហារ នៃសហគមន៍អាស៊ានក្នុងរយៈពេលវែង។ ការពិភាក្សាលើកកម្ពស់ជីវភាពកសិករ នៃសហគមន៍អាស៊ានទាំងមូល ការបង្កើនផលិតកម្មចំណីអាហារ និងបង្កើនវត្ថុធាតុដើមកសិកម្មឲ្យមានសុវត្ថិភាព។ បន្ថែមលើនោះ គម្រោងនេះក៏សហការជាមួយផ្នែកឯកជន ដើម្បីសាកល្បង អនុវត្ត និងប្រើប្រាស់ធាតុចូលប្រកបដោយនិរន្តរភាពនៅតំបន់សាកល្បងមួយចំនួនក្នុងប្រទេសកម្ពុជា ថៃ និងប្រទេសឥណ្ឌូនេស៊ី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
