ម្ចាស់​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំង​៩​សន្យា​អនុវត្ត​ការ​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​តាម​រដ្ឋាភិបាល

ប្រតិបត្តិករ ឬ​ម្ចាស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត និង​អចល័ត​ចំនួន​៩ នៅ​កម្ពុជា សន្យា​មិន​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​តាម​សង្គ្រាម​តម្លៃ និង​បាន​ឯកភាព​គោរព និង​អនុវត្ត​ការ​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល ដើម្បី​ធានា​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ របស់​បណ្ដា​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំង ៩​ក្រុមហ៊ុន ដោយ​ប្រតិបត្តិ​ទូរស័ព្ទ​ទាំងអស់​បាន​ឯកភាព​គោរព និង​អនុវត្ត​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្ដាញ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​បញ្ហា​គុណភាព​សេវា ចៀសវាង​ការ​ប្រកួត​ប្រជែង​គ្នា​តាម​សង្គ្រាម​តម្លៃ​ដែល​ប៉ះពាល់​ដល់​គុណភាព​សេវាកម្ម។

កិច្ច​ប្រជុំ​នោះ បណ្ដា​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំងអស់ គ្រោង​រៀប​ចំ​បង្កើត​នូវ​សមាគម​ទូរគមនាគមន៍​មួយ (Telecom Association) ដើម្បី​ជា​ប្រយោជន៍​ជជែក និង​ដោះស្រាយ​វិវាទ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​រវាង​គ្នា សម្រាប់​ជជែក​ពិភាក្សា​ជាមួយ​បញ្ញត្តិករ ឬ​អ្នក​រៀប​ចំ​ឲ្យ​អនុវត្ត​បទ​បញ្ជា​សេវា​ទូរគមនាគមន៍ និង​រាជ​រដ្ឋាភិបាល​ជាដើម។

កិច្ច​ប្រជុំ​រវាង​ប្រតិបត្តិករ​ទូរស័ព្ទ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់​មិន​ត្រូវ​ផ្តល់​លុយ​បន្ថែម​ដែល​បណ្ដាល​ឲ្យ​អត្រា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​តិច​ជាង ៤,៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ត្រូវ​អនុវត្ត​តាម​តម្លៃ​កំណត់​ពី​សារាចរ​អន្តរ​ក្រសួង កាល​ពី​ឆ្នាំ​២០០៩ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច។

មន្ត្រី​បញ្ញត្តិករ​មួយ​រូប​ធ្លាប់​ប្រាប់​ថា ក្រុមហ៊ុន ស្មាត (Smart) មិន​បាន​អនុវត្ត​តាម​សារាចរ​អន្តរ​ក្រសួង​លេខ​២៣២ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​សេដ្ឋកិច្ច កាល​ពី​ឆ្នាំ​២០០៩ ដោយ​ផ្តល់​សេវា​ហៅ​ចេញ​ចូល​ទូរស័ព្ទ​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ដើម ដើម្បី​ប្រជែង​ទីផ្សារ​យក​អតិថិជន ដែល​យុទ្ធសាស្ត្រ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​ពន្ធ​លើ​វិស័យ​មួយ​នេះ។ ភ្លាមៗ ក្រុមហ៊ុន ស្មាត បាន​ផ្លាស់​ប្ដូរ​កម្មវិធី​សេវាកម្ម​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល។

លិខិត​របស់​ក្រសួង​ប្រៃសណីយ៍ ក៏​បាន​រំលឹក​ថា ការ​បន្ទាប​តម្លៃ​ដែល​ក្រុមហ៊ុន​ខ្លះ​ទម្លាក់​មក​ស្ទើរ​ស្មើ​សូន្យ​នោះ គឺ​ជា​ការ​បង្ខូច​តម្លៃ ដែល​ផ្ទុយ​ពី​បទប្បញ្ញត្តិ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​កម្ពុជា ជា​សមាជិក​ក្នុង​ការ​ធានា​ការ​ប្រកួត​ប្រជែង​ដោយ​សេរី និង​ស្មោះត្រង់​ចំពោះ​អ្នក​វិនិយោគ។ ការ​ប្រជែង​មិន​ស្មោះត្រង់ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ដួល​រលំ និង​ត្រូវ​បាន​បញ្ចូល​ជាមួយ​ក្រុមហ៊ុន​ដទៃ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៃ​វិស័យ និង​ជំនឿ​ទុក​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។