សហជីព​កម្មករ​៩​រក្សា​ជំហរ​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម

មេ​ដឹក​នាំ​សហជីព​កម្មករ​ធំៗ បាន​កំណត់​ពេល ៣​ថ្ងៃ ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួប​ចរចា​គ្នា​ជាមួយ​តំណាង​សហជីព​កម្មករ​លើ​ករណី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែៗ ព្រម​ទាំង​បាន​ព្រមាន​ថា បើ​គ្មាន​ការ​ឆ្លើយ​តប ឬ​ចរចា​ណា​មួយ​កើត​ឡើង​ទេ នឹង​បន្ត​ដឹក​នាំ​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​នៅ​ទូទាំង​ប្រទេស​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ រហូត​មាន​ដំណោះស្រាយ​សមរម្យ។

0:00 / 0:00

ទន្ទឹម​គ្នា​នេះ ក៏​មាន​ក្រុម​កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​បាន​ចូល​ធ្វើ​ការ និង​មួយ​ចំនួន​ទៀត បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​រោងចក្រ និង​បាន​បិទ​ផ្លូវ​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ផង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មករា។

ក្រុម​មេ​ដឹក​នាំ​សហជីព​កម្មករ​ធំៗ​ចំនួន ៩​ស្ថាប័ន ដែល​មិន​រណប​រដ្ឋាភិបាល បាន​ច្រាន​ចោល​ចំពោះ​សេចក្តី​សម្រេច​ផ្តល់​ប្រាក់​ខែ​គោល​ឆ្នាំ​២០១៤ ចំនួន ១០០​ដុល្លារ​ក្នុង​១​ខែ​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ស្ថិត​ក្នុង​ចំណោម​មេ​ដឹក​នាំ​សហជីព​ទាំង​៩ បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា បាន​ទុក​ពេល ៣​ថ្ងៃ ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការងារ ជួប​ចរចា​គ្នា​ជាមួយ​មេ​ដឹក​នាំ​សហជីព​ទាំង ៩​ស្ថាប័ន ស្ដីពី​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​សមរម្យ​ជូន​កម្មករ។

មេ​ដឹក​នាំ​សហជីព​បាន​ព្រមាន​ថា បើ​ក្នុង​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​មករា មិន​មាន​ជំនួប​ចរចា​រវាង​មន្ត្រី​ពាក់ព័ន្ធ​ជាមួយ​តំណាង​សហជីព​កម្មករ​ទេ នឹង​បន្ត​សកម្មភាព​ដឹក​នាំ​ក្រុម​កម្មករ​នៅ​ទូទាំង​ប្រទេស​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ ១៦០​ដុល្លារ​ត​ទៅ​ទៀត៖ «បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាង ១​ម៉ោង​មក​នេះ យើង​បាន​លទ្ធផល និង​មូល​មតិ​គ្នា​ថា បើ​មាន​ជំនួប​ចរចា ឬ​បើ​មាន​ដំណោះស្រាយ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។ សហព័ន្ធ​សភាព នឹង​ប្រកាស​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។ ប៉ុន្តែ បើ​គ្នា​ជំនួប​ចរចា​គ្នា ឬ​ដំណោះស្រាយ​ទេ ការ​កូដកម្ម ឬ​បាតុកម្ម​នឹង​បន្ត​រហូត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ ដើម្បី​បំភ្លឺ​ចំពោះ​ការ​ព្រមាន​ដឹក​នាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​របស់​មេ​ដឹក​នាំ​សហជីព​ចំនួន​៩ បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មករា។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​ចុង​ក្រោយ ផ្តល់​ប្រាក់​ខែ​គោល​ឆ្នាំ​២០១៤ ជូន​កម្មករ​ចំនួន ១០០​ដុល្លារ​ក្នុង​១​ខែ។

ប្រាក់​ខែ​គោល​របស់​កម្មករ​ឆ្នាំ​២០១៣ មាន​ចំនួន ៨០​ដុល្លារ​ក្នុង​១​ខែ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​សមាសភាព​មន្ត្រី​ក្រសួង​ការងារ តំណាង​សហជីព តំណាង​ភាគី​ថៅកែ​រោងចក្រ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ឆ្នាំ​២០១៤ ជូន​កម្មករ​ពី ៨០​ដុល្លារ ដល់ ៩៥​ដុល្លារ​ក្នុង​១​ខែ។ ប៉ុន្តែ ត្រូវ​កម្មករ​បដិសេធ និង​ផ្ទុះ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស ហើយ​ក្រោយ​មក ក៏​បាន​ដំឡើង​ប្រាក់​ខែ​គោល​ដល់ ១០០​ដុល្លារ។

សហជីព​កម្មករ​ធំៗ​ចំនួន​៩ ពិភាក្សា​ពី​ការ​ស្នើសុំ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣។
សហជីព​កម្មករ​ធំៗ​ចំនួន​៩ ពិភាក្សា​ពី​ការ​ស្នើសុំ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣។ (RFA/Den Ayuthyea)

ទោះ​យ៉ាង​ណា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មករា មាន​រោងចក្រ​មួយ​ចំនួន មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា បាន​ចូល​ធ្វើ​ការ​វិញ ប៉ុន្តែ​មាន​មួយ​ចំនួន​ទៀត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ និង​បាន​បិទ​ផ្លូវ​ជាតិ​ក្នុង​រយៈពេល​ខ្លី ឬ​ស្ទើរ​ពេញ​មួយ​ព្រឹក មាន​ដូច​ជា ផ្លូវ​ជាតិ​លេខ​២ ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ជាតិ​លេខ​៥ ជាដើម។ ក្រុម​កម្មករ​បាន​អះអាង​ថា សកម្មភាព​បិទ​ផ្លូវ​របស់​ពួក​គេ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ឆ្នាំ​២០១៤ ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ។

ក្រុម​កម្មករ​ដែល​ពុំ​ព្រម​ចូល​ធ្វើ​ការ បាន​អះអាង​នៅ​ថ្ងៃ​ទី​២ ខែ​មករា ថា នឹង​បន្ត​ទាមទារ​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ៖ «ពួក​ខ្ញុំ​ឈប់​នេះ​ឈប់​ដោយសារ​ខ្ញុំ​ទាមទារ​ប្រាក់​ខែ ១៦០​ដុល្លារ​ក្នុង​១​ខែ។ ពួក​ខ្ញុំ​ទាមទារ​នេះ គឺ​ដើម្បី​ដំឡើង​ប្រាក់​ខែ​ទាំងអស់​គ្នា មិន​មែន​ឡើង​តែ​ខ្ញុំ​ទេ។ ដំណោះស្រាយ គឺ​រដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​ទៅ។ ចង់​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​បាន ១៦០​ដុល្លារ​ទៅ​អាច​រួច​ថ្លៃ​ផ្ទះ​ជួល ឬ​ថ្លៃ​ទំនិញ។ មិន​ទាន់​ឡើង​ថ្លៃ​ប្រាក់​ខែ​ផង ថ្លៃ​ជួល​ផ្ទះ​ឡើង​ថ្លៃ​ខ្ពស់​បំផុត ឡើង​ថ្លៃ​ទំនិញ​គ្រប់​បែប​យ៉ាង។ ខ្ញុំ​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​សមរម្យ។ ប្រទេស​គេ​ជិត​ខាង​គេ​បាន​ប្រាក់​ខែ​ជាង ៣០០ ហើយ​ពួក​ខ្ញុំ​មិន​ទាន់​បាន​ជាង ១០០​ទេ។ ហើយ​ក្រុមហ៊ុន ឬ​រោងចក្រ​បាន​បើក​ជាង ២០​ឆ្នាំ​ហើយ​នៅ​ស្រុក​ខ្មែរ»

បន្ថែម​លើ​នេះ ពួក​គេ​ក៏​បាន​អំពាវនាវ​ដល់​កម្មករ​ដទៃ​ទៀត ត្រូវ​ចូល​រួម​ក្នុង​ការ​ទាមទារ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​មាន​ជីវភាព​រស់​នៅ​បាន​សមរម្យ។

សកម្មភាព​ធ្វើ​បាតុកម្ម​របស់​កម្មករ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ បាន​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​កម្មករ និង​កម្លាំង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​ចាប់​ខ្លួន​តំណាង​សហជីព និង​កម្មករ​មួយ​ចំនួន​ផង។

បន្ថែម​លើ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ មាន​បំពាក់​អាវុធ ដំបង​ឆក់ និង​ខែល មាន​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ជាដើម ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ក្បែរ​ក្រសួង​សំខាន់ៗ​របស់​រដ្ឋាភិបាល និង​ពង្រាយ​នៅ​ក្បែរ​ភូមិ​គ្រឹះ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា។

ទោះ​ជា​បែប​ណា មេ​ដឹក​នាំ​សហជីព​កម្មករ​ធំៗ​ចំនួន​៩ បាន​ព្រមាន​ថា បើ​គ្មាន​ការ​ចរចា​រវាង​ផ្នែក​ពាក់ព័ន្ធ​លើ​ករណី​ស្នើ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ទេ នឹង​បន្ត​ដឹក​នាំ​ក្រុម​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​រហូត​មាន​ដំណោះស្រាយ។

ក្រុម​មេ​ដឹក​នាំ​សហជីព​បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឬ​មន្ត្រី​ក្រសួង​ការងារ ត្រូវ​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​ដល់​មេ​ដឹក​នាំ​សហជីព ឬ​កម្មករ​ត​ទៅ​ទៀត និង​ងាក​មក​តុ​ចរចា ដើម្បី​កុំ​ឲ្យ​វិវាទ​នេះ​រីក​រាល​ដាល​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។