កុមារីនៅខេត្តកោះកុង ម្នាក់ដាច់ជើងទាំងពីរត្រឹមជង្គង់ ដោយសារជាន់មីនពេលចូលព្រៃរកបេះផ្លែឈើ ត្រង់ចំណុចព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី៩ មេសា។
មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែននៅខេត្តកោះកុង មួយរូបដែលមិនបញ្ចេញឈ្មោះ ឱ្យដឹងថា កុមារីដែលដាច់ជើងទាំងពីរនោះមានអាយុ ១៤ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់វង់កាថាក់ ត្រង់ចំណុចព្រំដែនលេខ២០៥៖ «ឮសំឡេងផ្ទុះ យើងក៏ចេញទៅមើល មានហេតុការណ៍អីផ្ទុះនៅព្រំដែនហ្នឹង។ ចេញទៅប្រតិបត្តិការទៅ ឃើញក្មេងនៅដេកវៀនទីហ្នឹង គឺវាជាន់មីនផ្ទុះដោយខ្លួនឯងទេ។ អ៊ីចឹងប្រញាប់បីចុះពីលើភ្នំហ្នឹងមក ដាក់ម៉ូតូដឹកទៅមន្ទីរពេទ្យ។ ក្មេងហ្នឹង គឺផ្ទះគាត់អនាធិបតេយ្យ ផ្ទះនៅលើភ្នំហ្នឹង។ គាត់នៅកៀកនឹងព្រំដែនហ្នឹង។ គាត់មានផ្ទះនៅហ្នឹង។ គាត់ដើរជិតផ្ទះប្រហែល ៥០ ទៅ ៦០ម៉ែត្រហ្នឹង។ វាដើរទៅបេះផ្លែមាក់ប្រាងអីហ្នឹងក៏ជាន់។ វាមានបងប្អូនវាប៉ុន្មាននាក់ដែរ វានៅផ្ទះ តែអាហ្នឹងធំជាងគេ វាទៅបេះអីឱ្យប្អូនហូបអ៊ីចឹងណា។ ផ្ទះវានៅចំលើព្រំដែនតែម្ដង គឺខ្នងភ្នំព្រំដែន»។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ សរសេរថា កុមារីរងគ្រោះ គឺឈ្មោះ សួត វ៉ាទីម៉ាស់ ដែលមានម្តាយឈ្មោះ លី រំឡាស់ អាយុ ៣៣ឆ្នាំ និងឪពុកឈ្មោះ សែម សួត អាយុ ៣៥ឆ្នាំ មានទីលំនៅនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការផ្ទុះនោះ កើតឡើងនៅម៉ោង ២ និង ៤នាទី នៅចំណុច ២០៥ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក៨២៧ ចម្ងាយ ៤០០ម៉ែត្រពីប៉ុស្តិ៍ការពារ។
មន្ត្រីនគរបាលការពារព្រំដែនបញ្ជាក់ថា នៅពេលនេះកុមារីនៅមានជីវិត ហើយគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តកោះកុង កំពុងជួយសង្គ្រោះនៅឡើយ។ លោកសន្និដ្ឋានថា គ្រាប់មីនដែលផ្ទុះផ្ដាច់ជើងកុមារីនោះ ទំនងជាប្រភេទមីនស្គរ ដែលសល់យូរមកហើយ ពីព្រោះគ្រាប់មីនប្រភេទនេះមានប្រសិទ្ធភាពអាចនៅយូរឆ្នាំបែបនេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
