ក្រុមគ្រួសារមេប៉ុស្តិ៍រដ្ឋបាលនៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះ លោក ចាន់ សុផល ដែលបានសម្រេចធ្វើបុណ្យ ៧ថ្ងៃ កាលពីថ្ងៃទី២៧ មិថុនា គឺបន្ទាប់ពីមេប៉ុស្តិ៍រូបនោះ បានបាត់ខ្លួនដោយពុំមានដំណឹងអស់រយៈពេលជាច្រើនថ្ងៃ។
សមត្ថកិច្ចសន្និដ្ឋានថា អ្នកបាត់ខ្លួន គឺអាចស្លាប់ ប៉ុន្តែយ៉ាងណាសមត្ថកិច្ចក៏នៅតែបន្តស្វែងរក និងស៊ើបអង្កេតបន្ថែមទៀតជុំវិញបញ្ហានេះ។
អធិការនគរបាលស្រុកស្រីសន្ធរ លោក ខេង ស្រេង មានប្រសាសន៍នៅថ្ងៃទី២៨ មិថុនា ថាសមត្ថកិច្ច និងសាច់ញាតិក្រុមគ្រួសារ បានតាមស្វែងរក លោក ចាន់ សុផល ជាច្រើនថ្ងៃមកហើយ ប៉ុន្តែគ្មានតម្រុយសោះឡើយ ទើបក្រុមគ្រួសារមេប៉ុស្តិ៍រូបនោះ សម្រេចធ្វើបុណ្យសពខួបគម្រប់ ៧ថ្ងៃ។ ចំណែកអាជ្ញាធរវិញ នៅតែបន្តតាមស្រាវជ្រាវករណីបាត់ខ្លួននេះបន្តទៀត៖ «មានវិធានការពីរដូចខ្ញុំបានលើកឡើងខាងដើមមិញហ្នឹង។ ទីមួយ គឺស្រាវជ្រាវរកព័ត៌មានដោយសហការជាមួយប៉ូលិសខ្សាច់កណ្ដាល។ ទីពីរ ប្រជាពលរដ្ឋអាជ្ញាធរភូមិឃុំសហការជាមួយសមត្ថកិច្ចខ្ញុំហ្នឹង ដើម្បីចុះទៅរុករកបន្តទៀត»។
មេប៉ុស្តិ៍រដ្ឋបាលឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបាត់ខ្លួនកាលពីថ្ងៃទី២១ មិថុនា ក្រោយពេលនាយប៉ុស្តិ៍រូបនោះ ចុះទៅបំពេញការងារត្រួតពិនិត្យករណីនេសាទខុសច្បាប់ នៅក្នុងបឹងមួយក្នុងឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
