មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តស្ទឹងត្រែង ឲ្យដឹងថា និស្សិតមួយរូបត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនពេញមួយថ្ងៃនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ សាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង និងជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ សេលកាត (CellCard) លោក ចិត្រ វិជ្ជា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មួយក្រុម ទៅនាំខ្លួនពីការិយាល័យក្រុមហ៊ុន យកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងហេតុផលសាកសួរ និងធ្វើកំណត់ហេតុពាក់ព័ន្ធករណីបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ លោកបន្តថា មន្ត្រីសិទ្ធិមនុស្សកំពុងឃ្លាំមើលបញ្ហានេះ។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តស្ទឹងត្រែង ឱ្យដឹងថា និស្សិតឈ្មោះ ចិត្រ វិជ្ជា បានបង្ហោះព័ត៌មានក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៤ វិច្ឆិកា។ អត្ថបទព័ត៌មានបានចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថថា បានចាប់ម៉ូតូគ្មានបង់ពន្ធនាំចូលក្នុងទីរួមខេត្តស្ទឹងត្រែង ជិត ១០០គ្រឿង ប៉ុន្តែបានដោះលែងវិញជាថ្នូរបង់ប្រាក់ ១គ្រឿងតម្លៃ ២០០ដុល្លារ។
ទាក់ទិនករណីនេះដែរ លោក សិទ្ធិ ប៊ុននី ជាឪពុកជនជាប់សង្ស័យ មានប្រសាសន៍បញ្ជាក់ថា សមត្ថកិច្ចកងរាជអាវុធហត្ថបានទាមទារពិន័យជាប្រាក់ ៥ម៉ឺនដុល្លារ ចំពោះកូនប្រុសគាត់ក្នុងរឿងនេះ។ លោកបន្តថា សមត្ថកិច្ចកងរាជអាវុធហត្ថមិនមានសិទ្ធិទាមទារប្រាក់ពិន័យអ្វីក្នុងរឿងនេះទេ។
ឆ្លើយតបចំពោះការអះអាងនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ទៀង វ៉ាន់ឌី មានប្រសាសន៍ថា សមត្ថកិច្ចអាវុធហត្ថមិនបានចាប់ខ្លួន ឬដាក់ពិន័យជាប្រាក់ចំពោះនិស្សិតនោះទេ ក៏ប៉ុន្តែបានអញ្ជើញនិស្សិតរូបនេះមកឆ្លើយបំភ្លឺ និងទទួលខុសត្រូវលើព័ត៌មានដែលបានផ្សព្វផ្សាយនោះ។ លោកបន្តថា នេះគឺជាលើកទីបីហើយដែលនិស្សិតរូបនេះបានបង្ហោះព័ត៌មានមិនពិត ចោទប្រកាន់មន្ត្រីមានសមត្ថកិច្ច។ ហេតុនេះ លោកព្រមានទារជំងឺចិត្ត ៥ពាន់ដុល្លារ ប្រសិនរឿងនេះត្រូវបញ្ជូនទៅកាន់តុលាការ៖ «តាមច្បាប់ខ្ញុំបញ្ជូនទៅតុលាការគាត់មានទោស។ ខ្ញុំមិនដែលគិតអ៊ីចឹងទេ គ្រាន់តែព្រមានឲ្យរាង។ អ្វីជាការពិតគាត់ចុះចុះ គាត់លេងចុះហ្វេសប៊ុក តែខ្ញុំបម្រើផលប្រយោជន៍ប្រជាជនជាក់ស្ដែងដូចជារឿងម៉ូតូអ៊ីចឹង ថាខ្ញុំយកលុយ អ៊ីចឹងខូចកេរ្តិ៍ឈ្មោះខ្ញុំ ហើយខ្ញុំមិនបានប្រព្រឹត្តផង»។
យោងអត្ថបទសារភាពដែលវិទ្យុអាស៊ីសេរី ទទួលបានពីបណ្ដាញព័ត៌មានសង្គមរបស់និស្សិត ចិត្រ វិជ្ជា នៅរសៀលថ្ងៃទី២០ វិច្ឆិកា បានសរសេរថា ខ្ញុំចង់និយាយពាក្យសុំអភ័យទោសទៅកាន់ លោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលខ្ញុំបានធ្វើខុសឆ្គងទៅលើគាត់ ដោយប្រើប្រាស់ពាក្យសម្ដីមិនគួរគប្បីទៅកាន់គាត់ ដែលជាមនុស្សមានឋានៈខ្ពង់ខ្ពស់ម្នាក់ ហើយរាល់សម្ដីរបស់ខ្ញុំដែលខ្ញុំបាននិយាយ ខ្ញុំសុំសារភាពថា ខ្ញុំពិតជាខុសមែន។ ខ្ញុំសុំសន្យាថានឹងមិនធ្វើអ្វីឲ្យប៉ះពាល់ទៅលើគាត់ទៀតទេ និងអ្នកដទៃផ្សេងទៀត ចាប់ពីពេលនេះតទៅ។ ដោយការគិតខ្លីរបស់ខ្ញុំមួយពេល ធ្វើឲ្យខ្ញុំប្រព្រឹត្តទង្វើមួយមិនគួរគប្បី។ ម្យ៉ាងវិញទៀត ខ្ញុំមិនមែនអ្នកសារព័ត៌មាន ខ្ញុំពិតជាសោកស្ដាយនូវទង្វើរបស់រូបខ្ញុំខ្លាំងណាស់ សូមអ្នកទាំងអស់កុំយកតម្រាបតាមរូបខ្ញុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
