ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍នាំពលការិនីខ្មែរម្នាក់ទៀតមកកាន់ប្រទេសកម្ពុជា វិញ។ ពលការិនីម្នាក់នោះមានឈ្មោះ យូ ចិន្តា មានស្រុកកំណើតនៅភូមិកសាង ឃុំចង្រ្កង ស្រុកចិត្របុរី ខេត្តក្រចេះ បានចេញទៅធ្វើការងារផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣។
លិខិតរបស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី១១ មេសា បញ្ជាក់ថា ពលការិនី យូ ចិន្តា មិនត្រូវបានថៅកែបើកប្រាក់ខែដែលនៅសេសសល់ឲ្យ ដូច្នេះនាងបានសុំឲ្យស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី ជួយដោះស្រាយ។
ស្ថានទូតបានប្ដឹងរឿងនេះទៅតុលាការម៉ាឡេស៊ី ហើយថៅកែរបស់នាង ក៏យល់ព្រមបើកប្រាក់ខែដែលនៅសេសសល់ដល់នាង។
ពលការិនី យូ ចិន្តា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១២ មេសា តាមជើងយន្តហោះ AK ៥៣៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
