អង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតជូនដំណឹង និងលិខិតអញ្ជើញអង្គការសង្គមស៊ីវិល គណបក្សនយោបាយ ក្រុមហ៊ុន និងបុគ្គលឯកជន ឱ្យចូលរួមសង្កេតការណ៍ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នៅក្នុងឆ្នាំ២០១៤ នេះ។ អង្គការសង្គមស៊ីវិលមួយចំនួន ហាក់នៅមានភាពមិនទាន់ស្របគ្នានៅឡើយទេ។
អង្គការសង្គមស៊ីវិលខ្លះស្វាគមន៍ចំពោះលិខិតជូនដំណឹង និងលិខិតអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល និងបុគ្គលឯកជន ចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នៅខែសីហា ខាងមុខ។
អ្នកសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍នៅថ្ងៃទី៣ មេសា ថា សេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅត្រង់ឧបសម្ពន្ធទី២ គឺជាសញ្ញាវិជ្ជមានមួយក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល។
លោក សន ជ័យ៖ «គឺហាក់ដូចជាបានបង្ហាញអំពីឱកាសទូលំទូលាយក្នុងការចូលរួម ដូចជាការផ្ដល់លទ្ធភាពឱ្យមានការធ្វើការចូលរួមពីអង្គការ NGOs មានពីក្រុមហ៊ុន អ្នកឯកជន មានពីមហាជន និងអ្នកស្ម័គ្រចិត្តពីសហគមន៍។ អ៊ីចឹងវាជាចំណុចមួយល្អ ហើយក្នុងនោះដែរ ក៏បើកឱកាសឱ្យមានការចេញសេចក្ដីថ្លែងការណ៍ ឬប្រកាសព័ត៌មាន អាចថាជាព័ត៌មានរួមជាមួយអង្គភាពប្រឆាំងអំពីពុករលួយ ឬក៏អង្គការហ្នឹងមានសិទ្ធិចេញសេចក្ដីថ្លែងការណ៍អំពីរបាយការណ៍នៃក្រុមរបស់ខ្លួនបានធ្វើការហ្នឹង។ អ៊ីចឹង នេះជាដំណើរការមួយខ្ញុំគិតថា ផ្ដល់ឯករាជ្យដល់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដែលត្រូវចូលរួម»។
លិខិតជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលចេញនៅថ្ងៃទី៣១ ខែមីនា បានបង្ហាញពីការគាំទ្ររបស់អង្គភាពនេះ ចំពោះការកែទម្រង់លើការប្រឡងគ្រប់ប្រភេទរបស់ក្រសួងអប់រំ ដែលកំណត់ទិសស្លោកថា "អ្នកចេះ គឺជាប់"។
អង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញអង្គការសង្គមស៊ីវិល និងបុគ្គលឯកជន ឱ្យចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើនៅខែសីហា ខាងមុខនេះ ក៏ជាការតាមដានវាយតម្លៃ និងធ្វើអន្តរាគមន៍ ដើម្បីឱ្យបទប្បញ្ញត្តិទាំងឡាយរបស់ក្រសួងអប់រំ និងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់នានា ត្រូវបានអនុវត្តពេញលេញពីគ្រប់ភាគី នៅក្នុងដំណើរការប្រឡង ក្នុងទិសដៅពង្រឹងធ្វើឱ្យមានស្មើភាព យុត្តិធម៌ មានគុណភាព និងដោយតម្លាភាព ហើយបង្កើតជាទម្លាប់ថ្មីល្អនៅពេលខាងមុខ។
ទោះជាដូច្នេះក្ដី អនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា អ្នកស្រីនៅមិនទាន់ប្រាកដថា យន្តការចូលរួមត្រួតពិនិត្យថ្មីនេះ អាចធ្វើឱ្យភាពយុត្តិធម៌ក្នុងពេលប្រឡងបានប្រសើរឡើយ៖ «តាមគំនិតខ្ញុំគិតថា មិនអាចកាត់បន្ថយអំពើពុករលួយបានទេ ព្រោះអីដូច ហ៊ុន សែន គាត់ស្រែកហើយថា មិនឱ្យកាប់ព្រៃឈើ ប៉ុន្តែព្រៃឈើកាន់តែរលស់ កាន់តែអស់ទៅៗ ហើយគាត់សុខចិត្តកាត់ក្បាលកាត់អី។ អ៊ីចឹងសួរថាមានន័យ ឬអត់? វាអត់ន័យ។ ចុះទម្រាំអំពើពុករលួយតែបន្តិចមួយហ្នឹង។ អាហ្នឹងរឿងជាតិទាំងមូលនៅតែបាត់បង់ ចុះទម្រាំអំពើពុករលួយ ហើយទម្រាំការប្រឡង អាហ្នឹងរឿងកំប៉ិកកំប៉ុកផង ដូចខ្ញុំថាអ៊ីចឹង ត្រីងៀតនៅតែឆ្លៀតពងអ៊ីចឹង»។
ការប្រឡងយកសញ្ញាបត្រជារៀងរាល់លើកនៅប្រទេសកម្ពុជា តែងតែមានបាតុភាពអំពីអំពើពុករលួយសូកប៉ាន់មេប្រយោគ ដើម្បីទទួលបានចម្លើយសម្រាប់វិញ្ញាសាប្រឡង។
នៅក្នុងលិខិតជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានសរសេរអំពីយន្តការរៀបចំ និងនីតិវិធីប្រឡង ព្រមទាំងការដាក់វិន័យចំពោះបេក្ខជនប្រព្រឹត្តខុសឆ្គងនៅពេលប្រឡង ដែលចេញដោយក្រសួងអប់រំ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១។ វិន័យទាំងនោះ មានទាំងការកំណត់ឱ្យធ្លាក់ ការបណ្ដេញពីបន្ទប់ប្រឡង ការផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។ ករណីខ្លះត្រូវលុបឈ្មោះចេញពីគ្រឹះស្ថានសិក្សា រួចត្រូវបញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់ទៀតផង។
កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៤ នេះ គឺនៅថ្ងៃទី៤ និងទី៥ ខែសីហា ហើយដំណើរការតាមមណ្ឌលប្រឡងដែលប្រមូលផ្ដុំនៅទីរួមខេត្ត រាជធានី និងនៅខេត្តខ្លះ អាចមានដល់ស្រុកជិតទីរួមខេត្ត ប្រសិនបើចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
