អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើយុទ្ធការស្វែងរកឈ្មោះ ឬមន្ត្រីខ្មោច ដែលនៅទទួលប្រាក់ខែពីស្ថាប័នរដ្ឋ តែគ្មានមនុស្សធ្វើការនៅពេលឆាប់ខាងមុខ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រកាសចាត់វិធានការករណីឈ្មោះខ្មោចក្នុងស្ថាប័នរដ្ឋនេះ ដោយលោកចាត់ទុកថា ជាករណីពុករលួយធំមួយដែលត្រូវចាត់វិធានការជាបន្ទាន់៖ «បានន័យថាខ្លួនខ្មោច ខ្លួននៅទទួលយកប្រាក់ខែ ដូច្នេះ លើកនេះយើងចាប់ខ្មោចម្ដង។ មានន័យថា បញ្ហាសាមញ្ញទេ គឺអ្នកដែលរក្សាក្របខ័ណ្ឌខ្មោចនេះទុក ហើយយកលុយរបស់ជាតិ យកដាក់ហោប៉ៅខ្លួនឯង អ្នកនោះត្រូវតែប្រឈមមុខនឹងការកេងយកផលប្រយោជន៍ដោយខុសច្បាប់»។
លោក ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងវិស័យឯកជននៅការិយាល័យប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១៥ ខែសីហា។ លោកបញ្ជាក់ថា មន្ត្រីណាដែលមានជាប់ពាក់ព័ន្ធក្នុងរឿងនេះ អាចមានទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ទាក់ទងបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាប់ផ្ដើមប្រកាសព័ត៌មាននេះទៅគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះ។
មុននឹងមានវិធានការ អង្គភាពប្រឆាំងអំពើពុករលួយ នឹងទុករយៈពេល ៣ខែ ចាប់ពីថ្ងៃប្រកាសព័ត៌មាន ដើម្បីស្ថាប័ននីមួយៗមានពេលសម្អាតបញ្ជី ឬលុបឈ្មោះខ្មោចចេញពីបញ្ជីបើកប្រាក់ខែរដ្ឋនោះ។ ស្ថាប័នដដែលនេះ នឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តការងារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
