អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្រោង​រៀបចំ​ជំនួប​លើកដំបូង​ជាមួយ​អ្នកសារព័ត៌មាន

ដោយ អាស៊ីសេរី
2017.12.20
ឱម យ៉ិនទៀង ៨៥៥ ២០១៦ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ឃាត់​ខ្លួន​មន្ត្រី​​មន្ត្រី គ.ជ.ប និង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Cheu Sideth

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ជាមួយ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី២៥ ខែ​ធ្នូ ដើម​សប្ដាហ៍​ក្រោយនេះ។

នេះ​គឺជា​គម្រោង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​លើកដំបូង​បង្អស់ តាំង​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ឱម យ៉ិនទៀង ដែល​ជា​មន្ត្រី​ជំនិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ កាលពី​ឆ្នាំ​២០១០ តាមរយៈ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី ២០ ធ្នូ ថា ប្រធានបទ​នៃ​សិក្ខាសាលា​នេះ គឺ “​អ្នកសារព័ត៌មាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​” តែ​គោលបំណង និង​របៀបវារៈ​នៃ​សិក្ខា​សិលា​នេះ មិន​ត្រូវ​បាន​លោក​ទម្លាយ​ឱ្យ​ដឹង​នោះ​ទេ។

សិក្ខាសាលា​នេះ​នឹង​បើកទូលាយ​សម្រាប់​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញការងារ​តាម​ស្ថាប័ន​នីមួយៗ និង​ស្ថាប័ន​ដែល​ក្រសួង​ព័ត៌មាន​បាន​លុបឈ្មោះ​ចោល​កាល​ពី​ពេល​ថ្មីៗ នេះ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ទទួល​ចុះឈ្មោះ​អ្នកសារព័ត៌មាន ដែល​មាន​បំណង​ចូលរួម​ក្នុង​កម្មវិធី​នេះ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ធ្នូ ខាងមុខ។ អ្នកសារព័ត៌មាន​អាច​ទៅ​ចុះឈ្មោះ​ចូលរួម​កម្មវិធី​នេះ​បាន នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផ្ទាល់ ឬ​ទាក់ទង​ទៅ​មន្ត្រី​នៃ​អង្គភាព​មួយ​នេះ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺជា​ស្ថាប័នរដ្ឋ​មួយ ដែល​អ្នកសារព័ត៌មាន​ភាគច្រើន​នាំគ្នា​ត្អូញត្អែរ​ថា ជា​ស្ថាប័ន​ពិបាក​ទាក់ទង​សុំ​ព័ត៌មាន ឬ​សម្ភាស។ ជាពិសេស​លោក ឱម យ៉ិនទៀង ដែល​ជា​ប្រធាន​អង្គភាព​តែម្ដង គឺ​លោក​នឹង​មិន​លើក​ទូរស័ព្ទ​ណា ដែល​លោក​មិន​ស្គាល់​លេខ​ឡើយ ឬ​បើ​លោក​លើក​ទូរស័ព្ទ គឺ​លោក​នឹង​ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​ស្ដីបន្ទោស​អ្នកសារព័ត៌មាន។ លោក​ជា​មន្ត្រី​សាធារណៈ​មួយ​រូប ដែល​តែងតែ​សួរ​បក និង​ឆាប់​ខឹង ពេល​អ្នកសារព័ត៌មាន​សួរ​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទាក់ទង​នឹង​រឿង​អំពើពុករលួយ។

លើស​ពី​នេះ​ទៅ​ទៀត អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែង​រង​ការរិះគន់​ពី​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទូទៅ ទាក់ទង​នឹង​ការ​បំពេញ​មុខងារ​របស់​ខ្លួន។ នោះ​គឺជា​ការ​មិន​អើពើ​ស៊ើបអង្កេត រឿងអាស្រូវ​ពុករលួយ​ធំៗ មាន​ជាអាទិ៍ អាណាចក្រ​ជំនួញ​គ្រួសារ​ត្រកូល​ហ៊ុន ការ​រកស៊ី​ខុសច្បាប់​របស់​ក្រុម​អ្នក​មាន​អំណាច និង​ករណី​បាត់​លុយ​ខ្សាច់​ជិត ៨ រយ​លាន​ដុល្លារ​ជាដើម។ ផ្ទុយទៅវិញ ស្ថាប័ន​នេះ​បែរជា​ចាត់ការ​យ៉ាង​លឿន​រហ័ស​ទៅលើ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទៅវិញ ដូចជា ការ​ចាត់​វិធានការ​លើ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (Adhoc) និង​មន្ត្រី គ..ប ហើយ​ករណី​ចុងក្រោយ គឺ​ការ​តម្រូវ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រាប់​ពាន់​នាក់​របស់​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ទ្រព្យសម្បត្តិ​ក្រោយ​ពេល​ដែល​បក្ស​របស់​ពួកគេ​ត្រូវ​បាន​រំលាយ​ទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។