ADB​ប្រកាស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជិត​១០០លាន​ដុល្លារ​លើ​គម្រោង​ចំនួន​៣

ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) នៅ​ថ្ងៃ​ទី​២៧ តុលា បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​សម្បទាន ចំនួន ៩៩​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា ដែល​ផ្ដោត​លើ​គម្រោង​អភិវឌ្ឍ​ចំនួន​បី ក្នុង​នោះ​រួម​មាន ការ​កែ​លម្អ​ផ្លូវ​ជនបទ ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​គម្រោង​កាត់​បន្ថយ​ហានិភ័យ​ពី​គ្រោះ​មហន្តរាយ​ នៅ​តាម​សហគមន៍។

តាម​ការ​ប៉ាន់ប្រមាណ ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​បង្ហាញ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​ផល​ពី​គម្រោង​នេះ មាន​​ប្រមាណ​១​លាន​នាក់​ក្នុង​នោះ ប្រមាណ​៨០​ម៉ឺន​នាក់ ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ផ្លូវ​នៅ​ជនបទ ប្រមាណ​៦​ម៉ឺន​​នាក់ ទទួល​ផល​ពី​គម្រោង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ ការ​​កាត់​បន្ថយ​ហានិភ័យ​ ចំនួន​១៥%​ ​​នៃ​ក្រុម​អ្នក​ងាយ​រង​គ្រោះ​​ពី​គ្រោះ​ធម្មជាតិ។

ទឹក​ប្រាក់​ជំនួយ​​អភិវឌ្ឍ​ដើម្បី​លើក​កម្ពស់​គុណភាព​ប្រជាពលរដ្ឋ របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​មាន​រយៈ​ពេល​៥​ឆ្នាំ​ ដែល​បាន​ចុះ​ហត្ថលេខា​ទទួល​ដោយ​រដ្ឋមន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន ហើយ​នឹង​ចាប់​អនុវត្តន៍​នៅ​ដើម​ឆ្នាំ​២០១៥​តទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។