អង្គការមូលនិធិបង្ការរបួសអាស៊ី ហៅកាត់ថា អេ.អាយ.ភី (AIP) បង្ហាញការព្រួយបារម្ភជាថ្មីទៀតចំពោះអត្រាស្លាប់ និងរងរបួសក្បាលធ្ងន់ធ្ងរនៅកម្ពុជា ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥។ កង្វល់នេះ បង្ហាញនៅក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពដល់តំណាងអង្គភាពសារព័ត៌មានចំនួន ៤០ស្ថាប័ន រៀបចំនៅថ្ងៃទី២៤ ខែធ្នូ នាខេត្តព្រះសីហនុ។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី អេ.អាយ.ភី ប្រចាំកម្ពុជា លោក គឹម បញ្ញា ដែលជាអ្នកផ្ដួចផ្ដើមបង្កើតឲ្យមានសិក្ខាសាលាជួបជាមួយបណ្ដាញសារព័ត៌មានមកពី ៤០ស្ថាប័ន ដោយមានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងមន្ត្រីស្ថាប័នជំនាញដទៃទៀត ចូលរួមផ្តល់បទបង្ហាញ។ លោកឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងផ្តល់ជំនាញ និងចំណេះដឹងបន្ថែមទាក់ទងការសរសេរអត្ថបទផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអប់រំដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីសារសំខាន់នៃការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ពិសេសកុមារតូចៗ។ លោក គឹម បញ្ញា បានអំពាវនាវដល់អ្នកជិះម៉ូតូ ត្រូវពាក់មួកការពារសុវត្ថិភាពទាំងក្មេងចាស់ឲ្យបានទាំងអស់គ្នា ទោះចម្ងាយផ្លូវធ្វើដំណើរជិត ឬឆ្ងាយក្តី ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានចម្រុះ ពេលចុះពិនិត្យមើលសកម្មភាពរបស់កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះអនុវត្តច្បាប់ស្ដីពីការពាក់មួកសុវត្ថិភាព ទៅលើអ្នកប្រើមធ្យោបាយម៉ូតូតាមផ្លូវឯករាជ្យ ខេត្តព្រះសីហនុ ល្ងាចថ្ងៃពុធ ទី២៣ ខែធ្នូ លោក គឹម បញ្ញា ឲ្យដឹងថា តាមការស្រាវជ្រាវរបស់អង្គការ អេ.អាយ.ភី រកឃើញថា ឆ្នាំ២០១៥ នេះ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរដែលពាក់មួកសុវត្ថិភាពមានចំនួនត្រឹមតែ ១៥ភាគរយទេ៖ «យើងគាំទ្រ និងលើកទឹកចិត្តឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ពង្រឹងការអនុវត្តច្បាប់ឲ្យមានភាពម៉ឺងម៉ាត់ ជាប់លាប់ ស្មើភាព និងឲ្យមានតម្លាភាព ព្រោះថា មានតែការពង្រឹងច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពទេ អាចជំរុញឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ឈានដល់ពាក់មួកសុវត្ថិភាពឲ្យបានទាំងអស់គ្នា»។
ផ្ដើមពីបញ្ហានេះ នាយកអង្គការ អេ.អាយ.ភី លោក គឹម បញ្ញា បញ្ជាក់បន្ថែមថា លទ្ធផលដែលកើតមានពីការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ឬអ្នកជិះម៉ូតូបានពាក់មួកសុវត្ថិភាពឲ្យបាន ១០០ភាគរយ គឺអាចជួយសង្គ្រោះជីវិតមនុស្ស និងការពារការខាតបង់ថវិការាប់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលកំណត់ឲ្យអ្នករួមដំណើរត្រូវតែពាក់មួកសុវត្ថិភាព បានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០១៥ ប៉ុន្តែច្បាប់នេះនៅមិនទាន់បានអនុវត្ត ឬឈានដល់សមត្ថកិច្ចផាកពិន័យនៅឡើយទេ។ លោកថា ក្នុងឆ្នាំ២០១៥ នេះ មានមនុស្សស្លាប់ចំនួន ៦នាក់ជារៀងរាល់ថ្ងៃ ហើយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នឹងបន្តកើនថែមទៀត ប្រសិនបើអ្នកប្រើប្រាស់ម៉ូតូមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ។
ត្រង់ចំណុចនេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈ លោក អ៊ី សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូ ទាំងអ្នកបើកបរ និងរួមដំណើរ រស់នៅខេត្តព្រះសីហនុ ត្រូវពាក់មួកការពារសុវត្ថិភាពឲ្យបានទាំងអស់គ្នា។ លោកថា បើមិនដូច្នេះទេ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខ នគរបាលចរាចរណ៍ដែលដាក់ពង្រាយនៅតាមគោលដៅនានា នឹងចាប់ផាកពិន័យចំនួន ១៥.០០០រៀលក្នុងមនុស្សម្នាក់ដែលមិនពាក់មួកសុវត្ថិភាព៖ «ខ្ញុំបានរៀបចំកម្លាំងចុះតាមគោលដៅមួយចំនួននៅពេលយប់ ដើម្បីអប់រំ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីសារសំខាន់នៃការពាក់មួកសុវត្ថិភាព មុននឹងចុះផាកពិន័យអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ក្នុងម្នាក់ផាកលុយ ១ម៉ឺន ៥ពាន់រៀល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខ។ រាល់ថ្ងៃនេះ កម្លាំងជំនាញនគរបាលទេសចរណ៍ចំនួន ៤០នាក់ បានពង្រាយតាមផ្លូវសាធារណៈ ដើម្បីអប់រំអ្នកជិះម៉ូតូឲ្យពាក់មួកសុវត្ថិភាព។ សកម្មភាពនេះ ក៏ដើម្បីឆ្លើយតបបទបញ្ជា ឬផែនការលេខ០៣៥ របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានដាក់ឲ្យអនុវត្ត មុននឹងឈានទៅអនុវត្តការផាកពិន័យចំពោះអ្នកជិះម៉ូតូ និងអ្នកអមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦»។
បញ្ហានេះដែរ អភិបាលរងខេត្តព្រះសីហនុ លោក សុខ ផន បានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ម៉ូតូ ទាំងអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូ ត្រូវការពារអាយុជីវិតរបស់ខ្លួនតាមរយៈចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នាពេលធ្វើដំណើរតាមម៉ូតូ៖ «សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា មានន័យថា ការពារអាយុជីវិតយើង គ្មានអ្នកណាផ្សេងក្រៅពីខ្លួនយើងនោះទេ។ ដូច្នេះ គ្រោះថ្នាក់ចរាចរណ៍អាចឲ្យយើងធ្លាក់ខ្លួនពិការអស់មួយជីវិត ប៉ុន្តែបើមនុស្សយើងមានលុយមានមាសប្រាក់ ប៉ុន្តែបើមិនមានសុខភាពល្អ ឬធ្លាក់ខ្លួនពិការ យើងមិនអាចប្រកបកិច្ចការងារអ្វីបានដែរ។ ការពារសុវត្ថិភាពផ្ទាល់ខ្លួន មិនគួរឲ្យមានគេដាស់តឿនច្រើនពេកទេ»។
របាយការណ៍របស់អង្គការ អេ.អាយ.ភី បង្ហាញថា ការពាក់មួកសុវត្ថិភាពអាចបង្ការហានិភ័យដែលឈានដល់ការស្លាប់ដល់ទៅ ៤២ភាគរយ និងការរងរបួសក្បាលធ្ងន់ធ្ងររហូតដល់ ៦៩ភាគរយក្នុងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍។ របាយការណ៍ដែលមានការគាំទ្របច្ចេកទេសពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង ហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) បានបញ្ជាក់ថា ប្រសិនបើច្បាប់កំណត់ឲ្យអ្នករួមដំណើរជាមួយ ពិសេសកុមារពាក់មួកសុវត្ថិភាព អនុវត្តមានប្រសិទ្ធភាព នោះអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន ៥៦១នាក់។ បង្ការរបួសក្បាលបានចំនួន ១០.៥៧៤នាក់ និងសន្សំថវិកាជិត ១០០លានដុល្លារសហរដ្ឋអាមេរិក (៩៨. ៦១៨.៤២២ដុល្លារ) គិតត្រឹមឆ្នាំ២០២០។
អត្រាគ្រោះថ្នាក់ចរាចរណ៍ ៦ខែដើមឆ្នាំ២០១៥ មានចំនួន ២១៧ករណី មានអ្នកស្លាប់ចំនួន ១ពាន់ ២៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣.៧៦០នាក់ ក្នុងនោះជនរងគ្រោះជាអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាពក្នុងពេលមានគ្រោះថ្នាក់ មានតួលេខកើនខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
