ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) បានមើលឃើញថា នៅពេលអនាគត សហគមន៍អាស៊ានមិនត្រឹមតែជាទីផ្សារសេដ្ឋកិច្ចដ៏ធំប៉ុណ្ណោះទេ គឺអាស៊ានដែលសម្បូរដោយធម្មជាតិចម្រុះ និងវប្បធម៌ដ៏ចំណាស់ ក៏នឹងក្លាយទៅជាប៉ូលទេសចរណ៍ដែលមានភាពទាក់ទាញចំពោះប្រជាពលរដ្ឋនៅលើពិភពលោកទៀតផង។
ដោយសារការមើលឃើញសក្ដានុពលផ្នែកទេសចរណ៍នេះ ក្រុមអន្តរសភាអាស៊ានបានរៀបចំផែនការមួយចំនួន ដើម្បីជំរុញឲ្យរដ្ឋដែលជាសមាជិក ចាប់ផ្ដើមអភិរក្សធម្មជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់អនាគត។
ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា មកពី ៩ប្រទេស កំពុងជួបប្រជុំគ្នារយៈពេលពីរថ្ងៃនៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា។
កិច្ចប្រជុំលើកទី៧ ក្នុងគោលបំណងជំរុញឲ្យមានការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានឲ្យមានចិរភាពនោះ គឺមានសមាជិកសភាអាស៊ានមកពី ៩ប្រទេសចូលរួម ដូចជាកម្ពុជា ប្រទេសថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬភូមា សិង្ហបុរី ឥណ្ឌូនេស៊ី ប្រ៊ុយណេដារ៉ូសាឡឹម និងប្រទេសម៉ាឡេស៊ី។
អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា គឺលោក ងួន ញ៉ិល។ លោកថ្លែងនៅក្នុងការបើកកិច្ចប្រជុំក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន កាលពីព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ថា វិស័យទេសចរណ៍ជាសក្ដានុពលដ៏ធំមួយទៀតសម្រាប់សេដ្ឋកិច្ចអាស៊ាន។ នៅពេលអនាគត សហគមន៍អាស៊ានមិនមែនត្រឹមតែជាទីផ្សារសេដ្ឋកិច្ចដ៏ធំប៉ុណ្ណោះទេ អាស៊ានដែលសម្បូរទៅដោយធម្មជាតិចម្រុះ និងវប្បធម៌ដ៏ចំណាស់ ក៏នឹងក្លាយទៅជាប៉ូលទេសចរណ៍ដែលមានភាពទាក់ទាញ ចំពោះប្រជាពលរដ្ឋនៅលើពិភពលោកទៀតផង។ លោក ងួន ញ៉ិល បញ្ជាក់ថា ការជួបប្រជុំគ្នារបស់ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាននៅពេលនេះ គឺផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិរក្សធម្មជាតិ និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចិរភាព ក្នុងគោលបំណងជំរុញឲ្យអាស៊ានក្លាយទៅជាគោលដៅទេសចរណ៍តែមួយ និងឲ្យបណ្ដាប្រទេសក្នុងពិភពលោក កោតសរសើរវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនេះ៖ «ទេសចរណ៍ គឺជាវិស័យនាំមុខនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាឧស្សាហកម្មគ្មានផ្សែង ដែលផ្ដល់ការងារយ៉ាងច្រើនសម្បូរបែបដល់សង្គមជាតិទាំងមូល»។
ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន បានយល់ស្របគ្នាថា នឹងប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ានឲ្យប្រសើរឡើង ដើម្បីឲ្យអាស៊ានសម្រេចបានជោគជ័យសេដ្ឋកិច្ចនៅក្នុងពេលដែលធ្វើសមាហរណកម្ម នៅចុងឆ្នាំ២០១៥ ខាងមុខ។

អគ្គលេខាធិការអាយប៉ា លោក ភីអូ រ៉ាំ (P.O Ram) បានថ្លែងថា ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ព្រមទាំងរដ្ឋដែលជាសមាជិក គួរតែធ្វើយ៉ាងណាតាក់តែងច្បាប់ដែលអាចជួយដល់ការអភិវឌ្ឍឲ្យបានត្រឹមត្រូវ ព្រមទាំងគ្រប់គ្រងលើវិស័យឧស្សាហកម្មទេសចរណ៍ឲ្យមានចិរភាព៖ «ការប៉ះទង្គិចវិស័យទេសចរណ៍ បរិស្ថាន ហើយនិងវប្បធម៌ បានក្លាយទៅជាការរិះគន់ ហើយក៏ជាប្រធានបទដ៏អាក្រក់ ដែលទាំងវេទិកាជាតិ និងអន្តរជាតិ តែងដេញដោលគ្នា។ ប៉ុន្តែការជួបប្រជុំរបស់អាយប៉ា ពេលនេះ គឺជាការបង្ហាញឲ្យពិភពលោកឃើញថា អាស៊ានមានធនធានផ្សេងគ្នាជាច្រើន ហើយចែករំលែកគ្នានូវការលូតលាស់ផ្នែកសេដ្ឋកិច្ចក្នុងតំបន់»។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ផែនការ ហិរញ្ញវត្ថុ សវនកម្ម និងធនាគារនៃរដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា នៅប្រទេសកម្ពុជា វិស័យទេសចរណ៍ គឺជាសក្ដានុពលដ៏សំខាន់ជួយដល់កំណើននៃសេដ្ឋកិច្ចជាតិ។ លោក ជាម យៀប បញ្ជាក់ថា លោកនឹងតាមដានមើលរបាយការណ៍វិស័យទេសចរណ៍កម្ពុជា ហើយបើចាំបាច់ គឺរដ្ឋសភាអាចនឹងអនុម័តថវិកាបន្ថែមសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
អ្នកការពារបរិស្ថាន រិះគន់ថា នៅគ្រាដែលអ្នកនយោបាយអន្តរអាស៊ានលើកពីការអភិរក្សធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរនោះ គឺកម្ពុជា កំពុងតែហិនហោចព្រៃឈើដោយសារការកាប់បំផ្លាញ ធ្វើឲ្យបាត់បង់ធនធានធម្មជាតិ ដែលរដ្ឋាភិបាលមិនទាន់មានយន្តការការពារច្បាស់លាស់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
