មន្ត្រីអាជ្ញាធរអប្សរា បានជូនដំណឹង ព្រមទាំងបង្ហាញកាតថ្មីមួយប្រភេទជំនួសឲ្យលិខិតអនុញ្ញាត សម្រាប់ផ្ដល់ជូនក្រុមអ្នកសារព័ត៌មានណាដែលចង់ចូលទៅថតយករូបភាពប្រាសាទបុរាណនានា នៅក្នុងតំបន់នៃឧទ្យានអង្គរក្នុងរយៈពេលខ្លី។
ការផ្ដល់ជូនប័ណ្ណអនុញ្ញាតឲ្យអ្នកកាសែត ក្នុងការចូលទៅថតយករូបភាពអង្គរនេះ ធ្វើឡើងនៅស្របពេលដែលអាជ្ញាធរអប្សរា ពង្រឹងការអនុវត្តអនុក្រឹត្យមួយ ដែលហាមឃាត់មិនឲ្យភ្ញៀវទេសចរ ឬក៏ក្រុមហ៊ុនឯកជនណា អាចយកម៉ាស៊ីនថតរូប ឬក៏ម៉ាស៊ីនវីដេអូធំៗទៅថតរូបប្រាសាទបុរាណ ដើម្បីធ្វើពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតជាមុនបានឡើយ។
មន្ត្រីអាជ្ញាធរអប្សរា បានជូនដំណឹងថា ចាប់ពីពេលនេះតទៅ ទាំងក្រុមអ្នកកាសែតដែលប្រចាំការនៅក្នុងខេត្តសៀមរាប និងក្រុមអ្នកកាសែតមកពីតំបន់ផ្សេងទៀត គឺមិនអនុញ្ញាតឲ្យកាន់ម៉ាស៊ីនថតរូប និងម៉ាស៊ីនវីដេអូធុនធំ ទៅថតរូបប្រាសាទបុរាណនៅក្នុងតំបន់ឧទ្យានអង្គរ ដោយគ្មានការអនុញ្ញាតជាមុនឡើយ។
មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកបានលើកបង្ហាញកាតមួយប្រភេទក្នុងពេលជួបប្រជុំក្រៅផ្លូវការជាមួយក្រុមអ្នកកាសែត កាលពីព្រឹកថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ថា ចាប់ពីពេលនេះតទៅ រាល់អ្នកកាសែត និងក្រុមហ៊ុនណាដែលចង់កាន់ម៉ាស៊ីនថតរូប និងម៉ាស៊ីនវីដេអូធុនធំ ទៅថតរូបប្រាសាទបុរាណក្នុងឧទ្យានអង្គរ គឺត្រូវសុំការអនុញ្ញាតពីអាជ្ញាធរអប្សរាជាមុន។
លោក ឡុង កុសល បញ្ជាក់ថា អាជ្ញាធរអប្សរាបានធ្វើកាតទំហំតូចមួយជំនួសឲ្យលិខិតអនុញ្ញាត ដើម្បីជូនទៅដល់អ្នកកាសែតណាដែលចង់ថតរូបអង្គរ យកទៅផ្សាយព័ត៌មាន ចៀសវាងកុំឲ្យមានអ្នកបន្លំមកថតរូបយកទៅឃោសនាពាណិជ្ជកម្មផ្សេងៗ៖ «មិនមែនរឿងមិនទុកចិត្តគ្នារឿងអីទេ បញ្ហាវានៅត្រង់ថា រូបភាពហ្នឹងកន្លងមក ត្រូវបានគេយកទៅប្រើប្រាស់ជាទូលំទូលាយមកហើយ»។
អាជ្ញាធរអប្សរាដែលធ្វើកាតសម្រាប់អនុញ្ញាតឲ្យក្រុមអ្នកកាសែត ចូលទៅថតរូបប្រាសាទបុរាណនោះ គឺដើម្បីបង្កការងាយស្រួលមួយកម្រិតទៀត ពីព្រោះថា កាលពីពេលកន្លងទៅ រាល់អ្នកកាសែតណាដែលមានម៉ាស៊ីនថតរូប និងកាមេរ៉ាវីដេអូធំៗ ចង់ចូលទៅថតរូបប្រាសាទបុរាណក្នុងឧទ្យានអង្គរ គឺត្រូវទៅសុំលិខិតអនុញ្ញាតពីអាជ្ញាធរអប្សរា ហើយត្រូវរង់ចាំមួយរយៈពេលទៀត។
វិធានការរបស់អាជ្ញាធរអប្សរានេះ គឺធ្វើឡើងដើម្បីរឹតបន្តឹងការអនុវត្តអនុក្រឹត្យមួយរបស់រដ្ឋាភិបាលឡើងវិញ បន្ទាប់ពីអនុក្រឹត្យស្ដីពីការហាមឃាត់មិនឲ្យថតរូបអង្គរ យកទៅធ្វើជាស្បត (Spot ) ផ្សាយពាណិជ្ជកម្មរកកម្រៃផ្ទាល់ខ្លួន បានចេញឲ្យអនុវត្តជាច្រើនឆ្នាំមកហើយនោះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ គាំទ្រចំពោះអនុក្រឹត្យដែលហាមឃាត់មិនឲ្យអ្នកកាន់ម៉ាស៊ីនថតរូប និងម៉ាស៊ីនថតវីដេអូធុនធំ ទៅថតរូបភាពអង្គរដោយគ្មានការអនុញ្ញាតជាមុននេះ។ លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា ប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌដែលកំពុងទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ក្នុងមួយឆ្នាំៗ មិនអាចឲ្យគេមកថតរូបយកទៅធ្វើពាណិជ្ជកម្ម ដើម្បីផលចំណេញឯកជនដោយងាយៗឡើយ៖ «អាហ្នឹងវាត្រូវ ព្រោះច្បាប់ចែងអ៊ីចឹងមក ហើយប្រគល់ទៅឲ្យអាជ្ញាធរអប្សរាគ្រប់គ្រង ដើម្បីបង្ការកុំឲ្យអ្នកថតយកទៅធ្វើពាណិជ្ជកម្ម»។
មន្ត្រីអាជ្ញាធរអប្សរាបញ្ជាក់ថា គេអាចសម្របសម្រួលឲ្យតែអ្នកកាសែតមួយគត់ ដែលអាចថតរូបប្រាសាទបុរាណនានាយកទៅប្រើប្រាស់ផ្សព្វផ្សាយ ក្រៅពីនោះ បើក្រុមហ៊ុនណាថតរូបអង្គរយកទៅធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួន គឺត្រូវតែបង់លុយ មុននឹងអនុញ្ញាតឲ្យថតយករូបភាពនានា។ ទោះយ៉ាងណា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានម៉ាស៊ីនថតរូប និងម៉ាស៊ីនវីដេអូបែបទេសចរណ៍ធម្មតា មិនត្រូវបានហាមឃាត់ទេ គឺអាចថតរូបដោយសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
