ក្រុមសហព័ន្ធសហជីពកម្មករ ដែលបម្រើការក្នុងវិស័យសេវាកម្មនៅកម្ពុជា ចង់បានបទដ្ឋានការងារមួយសម្រាប់កម្មករក្នុងតំបន់អាស៊ាន។ ក្នុងគោលដៅនេះ ក្រុមការងារថ្នាក់ជាតិកម្ពុជា នៃក្រុមប្រឹក្សាសេវានិយោជិកអាស៊ាន អាសេទុក (ASETUC) ធ្វើសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៨ ខែធ្នូ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា លើកយកពង្រាងកិច្ចព្រមព្រៀងអាស៊ានស្ដីពីការលើកកម្ពស់ និងការការពារសិទ្ធិកម្មករ ទៅពិភាក្សាជាមួយរដ្ឋសមាជិកអាស៊ានដទៃនៅកិច្ចប្រជុំអាស៊ានខាងមុខ។
ក្រុមកម្មករក្នុងវិស័យសេវាកម្ម ដឹកនាំដោយក្រុមការងារថ្នាក់ជាតិកម្ពុជា នៃក្រុមប្រឹក្សាសហជីពសេវានិយោជិកអាស៊ាន ហៅកាត់ថា អាសេទុក (ASETUC) លើកឡើងថា យន្តការរបស់អាស៊ានដែលមានស្រាប់នៅពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់សម្រាប់ការពារសិទ្ធិការងាររបស់កម្មករនៅក្នុងតំបន់អាស៊ានទាំងមូលនៅឡើយ។
ប្រធានក្រុមការងារថ្នាក់ជាតិកម្ពុជា នៃអាសេទុក និងជាប្រធានស្ដីទីសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA ) លោក ប៊ុត កុសល្យ ពន្យល់ពីសារសំខាន់នៃកិច្ចព្រមព្រៀងនេះថា ទោះបីជាបច្ចុប្បន្ន ប្រទេសជាសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម មានក្របខ័ណ្ឌច្បាប់ធានាការពារសិទ្ធិកម្មកររួចហើយក៏ដោយ ក៏ច្បាប់ទាំងនោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះថា ក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ មិនមានវិសាលភាពគ្របដណ្ដប់លើកម្មករឲ្យបានគ្រប់វិស័យនៅក្នុងតំបន់អាស៊ានទាំងមូល។
លោក ប៊ុត កុសល្យ គូសបញ្ជាក់ថា សារសំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺការបង្កើតឲ្យមានគណៈកម្មការថ្នាក់តំបន់លើកស្ទួយ និងការពារសិទ្ធិកម្មករ។ គណៈកម្មការនេះ មានភារកិច្ចពិនិត្យតាមដានការអនុវត្តច្បាប់របស់ប្រទេសជាសមាជិកអាស៊ានទាំង១០ និងមានអំណាចស៊ើបអង្កេតភាពមិនប្រក្រតីផ្សេងៗពាក់ព័ន្ធនឹងការរំលោភសិទ្ធិកម្មករ ក្នុងបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសួរអំពីបញ្ហានេះបានទេនៅថ្ងៃទី២៨ ធ្នូ។
អាស៊ាន ឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ប្រទេស មានប្រជាជនសរុបជាង ៦០០លាននាក់ ក្នុងនោះ ៦០% ជាកម្មករ។
សេចក្ដីថ្លែងការណ៍របស់អាសេទុក លើកឡើងថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន អាចលេចជារូបរាងពិតប្រាកដបាន លុះត្រាតែអាស៊ានគោរពបទដ្ឋានការងាររបស់កម្មករបានត្រឹមត្រូវ។
ប្រធានក្រុមការងារថ្នាក់ជាតិកម្ពុជា នៃអាសេទុក លោក ប៊ុត កុសល្យ សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា ដែលជាសមាជិកចុងក្រោយនៃអាស៊ាន នឹងពិចារណាលើពង្រាងកិច្ចព្រមព្រៀងនេះ ដោយសារកម្ពុជា មានចំនួនកម្មករច្រើន បើធៀបនឹងចំនួនកម្មករប្រទេសដទៃ៖ «អាស៊ានស្ដីពីការលើកកម្ពស់ និងការការពារសិទ្ធិកម្មករ គឺយើងឃើញថា ពលរដ្ឋនឹងទទួលបាន ប្រយោជន៍ច្រើនជាងគេនៅក្នុងតំបន់អាស៊ាន។ ពីព្រោះអីយើងឃើញថា ចំនួនកម្មករដែលចំណាកស្រុកទៅធ្វើការនៅតាមបណ្ដាប្រទេសអាស៊ាន មានច្រើនជាងគេ។ អ៊ីចឹងច្បាប់នេះនឹងចូលរួមលើកកម្ពស់ប្រាក់ចំណូលរបស់គាត់ កាត់បន្ថយនូវហានិភ័យផ្សេងៗ ការរំលោភបំពានការងារ។ អ៊ីចឹងសង្ឃឹមថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ហើយនិងពិនិត្យឲ្យបានល្អិតល្អន់»។
ក្រុមការងារនៃក្រុមប្រឹក្សាសហជីពសេវានិយោជិកអាស៊ាន តំណាងឲ្យកម្មករកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មានថា ក្រុមការងាររបស់ខ្លួន នឹងដាក់ពង្រាងកិច្ចព្រមព្រៀងនេះទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខែមករា ឆ្នាំ២០១៦ ហើយសង្ឃឹមថា ក្រសួងនឹងឆ្លើយតបជាវិជ្ជមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
