កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន (Thien Thien) ក្នុងនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងតំណាងសហជីពជាង ១០នាក់ នាំគ្នាលើកបដានៅមុខរោងចក្រជាថ្មី នៅព្រឹកថ្ងៃទី១៣ មីនា ដើម្បីទាមទារប្រាក់ខែ បន្ទាប់ពីថៅកែរត់ចោលអស់រយៈពេល ៨ខែ។
ការទាមទាររបស់កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន ដែលថៅកែបិទទ្វាររត់ចោលកម្មករនេះ ធ្វើឡើងជាលើកទីពីរក្នុងអំឡុងពេលពួកគាត់រង់ចាំសេចក្ដីសម្រេចពីតុលាការខេត្តកណ្ដាល យូរហើយមិនមានដំណោះស្រាយ។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មានប្រសាសន៍ថា តុលាការខេត្តកណ្ដាល ប្រកាសលើកពេលសវនាការកាលពីថ្ងៃទី៣ ខែកុម្ភៈ ព្រោះមិនបានដាក់ឯកសារគ្រប់គ្រាន់៖ «អត់ដំណោះស្រាយទេបងអើយ។ អស់គន្លាក់នៅមួយគន្លាក់ ហើយមួយគន្លាក់ចុងក្រោយនេះវេទនាតែម្ដង »។
ស្ត្រីអ្នកដាំបាយនៅរោងចក្រ ធាន ធាន មួយរូបឈ្មោះ ច្រុល ម៉េន ត្អូញថា ពួកលោកស្រីអស់សង្ឃឹមនឹងការរង់ចាំដំណោះស្រាយពីតុលាការ ដែលអូសបន្លាយជាច្រើនខែមកនេះ៖ « ខែ៣ ថ្ងៃទី១៣ ទៀតហើយ ដំណោះស្រាយនៅតែមិនមានឲ្យពួកនាងខ្ញុំ។ ទៅខាងតុលាការ តុលាការអត់អាចដោះស្រាយពួកនាងខ្ញុំទេ ចេះតែកុហកខ្ញុំថ្ងៃណេះថ្ងៃណោះ។ ពួកកម្មករនាងខ្ញុំនេះអត់មានទេប្រាក់។ អ្នកខ្លះរកការងារបានធ្វើ អ្នកខ្លះរកការងារមិនបានធ្វើ ដូចនាងខ្ញុំចាស់អ៊ីចឹង ថៅកែរត់ចោលបាត់ហើយ មានរកការងារឯណាបានធ្វើ សង្ឃឹមប្រាក់ខែបន្តិចបន្តួចហ្នឹងដើម្បីដោះស្រាយជីវភាព »។
ឆ្លើយតបនឹងករណីកម្មករនៅរោងចក្រ ធាន ធាន នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មេធាវីរាជរដ្ឋាភិបាល ទទួលបន្ទុកករណីកម្មករកាត់ដេរនៅរោងចក្រ ធាន ធាន ដែលថៅកែរត់ចោល លោក ផូ សុខា ថ្លែងបញ្ជាក់ថា តុលាការខេត្តកណ្ដាល បានសម្រេចឲ្យខាងថៅកែរោងចក្រសងកម្មករចំនួនជាង ៥ម៉ឺនដុល្លារ។ លោកក៏កំពុងរង់ចាំការសម្រេចអំពីរបៀបអនុវត្តន៍សាលក្រមពីតុលាការ៖ « គេបានសម្រេចអ៊ីចឹងហើយ ហើយគេ ឲ្ យថៅកែរោងចក្រឈ្មោះ ជឹង លីស៊ិន សង ជំងឺចិត្ត និងការខូចខាត ផ្សេងៗចំនួន ១០លានរៀល ហើយចំណុចសំខាន់ចំណុចទី៤ គេប្រកាសឲ្យអនុវត្តជាបណ្ដោះអាសន្នលើប្រាក់សំណង ៤ ០ . ២៥០ ដុល្លារ គឺមិនបាច ់ សាលក្រមចូលស្ថាពរទេ អាហ្នឹង គឺអាច អនុវត្តបាន។ ហើយបន្តទៀត ដើម្បី អនុវត្តបាន គឺខ្ញុំត្រូវសុំរូបមន្តអនុវត្តន៍មកសិន។ ជំហានដែលខ្ញុំបានដាក់ គឺថ្ងៃទី៩ ខែ៣ ខ្ញុំបានដាក់ពាក្យសុំរូបមន្តអនុវត្តន៍ដោយបង្ខំ សាលក្រមបណ្ដោះ អាសន្នហ្នឹង។ អ៊ីចឹងបន្ទាប់មកទៀត គឺខ្ញុំត្រូវរង់ចាំខាងតុលាការគេចេញរូបមន្តហ្នឹងមកឲ្យខ្ញុំសិន »។
កាលពីខែមករា កម្មកររោងចក្រ ធាន ធាន ជិត ៣០នាក់ ប្រមូលផ្ដុំគ្នាទាមទារដំណោះស្រាយនៅមុខរោងចក្រម្ដងហើយ។ ពួកគាត់អំពាវនាវដល់រដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ពន្លឿនការអនុវត្តសាលក្រមនេះ។
លោកស្រី ច្រុល ម៉េន ឲ្យដឹងថា កម្មករនៅក្នុងរោងចក្រ ធាន ធាន ដែលថៅកែរត់ចោលចាប់តាំងពីខែសីហា ឆ្នាំ២០១៥ ហើយមិនទាន់បានបើកប្រាក់ខែនេះមានចំនួន ១៦៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
