កម្មករជាង ៥០០នាក់នៃរោងចក្រ អេឃីនថិច (Akeentex Pte Ltd) ទាំងពីរទីតាំងដែលស្ថិតនៅសួនវឌ្ឍនៈ និងសួនកាណាឌីយ៉ា រាជធានីភ្នំពេញ មិនសុខចិត្តទទួលយកប្រាក់អតីតភាពការងារក្នុងមួយឆ្នាំ ៤០ដុល្លារពីក្រុមហ៊ុននោះទេ ខណៈក្រុមកម្មករទាមទាររហូត ៧០ដុល្លារ។
ក្រុមកម្មករតវ៉ាទាំងនោះ ប្រកាសថានឹងបន្តធ្វើកូដកម្មមិនចូលធ្វើការ បើនៅតែគ្មានដំណោះស្រាយសមរម្យណាមួយពីភាគីក្រុមហ៊ុន។
ការប្រកាសបន្តសកម្មភាពតវ៉ានេះ បន្ទាប់ពីក្រុមកម្មកររោងចក្រ អេឃីនថិច បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខក្រសួងការងារ អស់រយៈពេលជាង ៣ម៉ោង ដើម្បីជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង រកដំណោះស្រាយ និងទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច នៅព្រឹកថ្ងៃទី១៦ ខែកក្កដា។
បន្ទាប់ពីមានការតវ៉ានៅខាងមុខក្រសួងការងារ របស់ក្រុមកម្មករ ដោយមិនព្រមចូលធ្វើការអស់រយៈពេល ៧ថ្ងៃរួចមក នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃនេះ ក្រសួងការងារ បានអញ្ជើញភាគីក្រុមហ៊ុន តំណាងកម្មករ តំណាងសហជីព និងតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬជីម៉ាក់ (GMAC) ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករ។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ លោក ឆេង ស៊ីណន បានឲ្យដឹងលទ្ធផលក្រោយកិច្ចចរចារថា ការចរចានេះ ក្រុមកម្មករ និងសហជីព បានលើកយកចំណុចសំខាន់មួយក្នុងចំណោមចំណុចទាំង ៩ ដែលកម្មករធ្វើការទាមទារ គឺត្រង់ចំណុចសូមឲ្យក្រុមហ៊ុនផ្តាច់កិច្ចសន្យាការងារ ដែលគ្មានកំណត់មកមានកំណត់វិញ និងគិតលុយតាមច្បាប់ស្ដីពីការងារ។ លោកឲ្យដឹងថា មូលហេតុដែលកម្មករលើកចំណុចនេះទៅពិភាក្សា ដោយសារកម្មករយល់ថា កម្មករមិនអាចទទួលបានពីអត្ថប្រយោជន៍ការងារ និងប្រាក់ ៥ភាគរយពីកិច្ចសន្យាគ្មានកំណត់ពេលកម្មករឈប់ពីការងារ។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មកររូបនេះបន្តថា មកដល់ពេលនេះ កិច្ចចរចាមិនទទួលបានលទ្ធផលវិជ្ជមាននៅឡើយ ព្រោះភាគីក្រុមហ៊ុនយល់ព្រមផ្តល់ប្រាក់តែ ៤០ដុល្លារប៉ុណ្ណោះ ដើម្បីទូទាត់សំណងជូនកម្មករតាមច្បាប់ពេលផ្តាច់កិច្ចសន្យា ដោយក្រុមហ៊ុនលើកឡើងថា មិនមានលទ្ធភាពតាមការចង់បានរបស់កម្មករនោះទេ បើទោះជាក្រុមកម្មករខំបន្ទាបពីចំនួន ១៥០ដុល្លារមក ៧០ដុល្លារក៏ដោយ៖ «បងប្អូនកម្មករពួកគាត់ដាក់កម្រិត ១៥០ដុល្លារ តែក្រុមហ៊ុននៅតែមិនព្រម ដែលនេះជាទង្វើមិនអើពើ និងរើសអើង បន្តអូសបន្លាយមិនព្រមដោះស្រាយលើសំណើកម្មករ»។
តំណាងកម្មករដែលបានចូលរួមកិច្ចចរចាដែរនោះ កញ្ញា ឈួន ស្រីតូច បាននិយាយថា កញ្ញាមិនសុខចិត្តចំពោះដំណោះស្រាយក្រុមហ៊ុន ដែលព្រមទូទាត់សំណងត្រឹមតែ ៤០ដុល្លារជូនកម្មករ បើទោះបីជាកម្មករខ្លះចូលធ្វើការរយៈពេលច្រើនឆ្នាំក្តី៖ «ខ្ញុំនៅតែបន្តទាមទារតវ៉ាដដែល ព្រោះខំថយមក ៧០ដុល្លារ ក្រុមហ៊ុនមិនព្រម ធ្វើចឹងជិះជាន់លើពួកយើងពេកហើយ កិច្ចសន្យាដែលក្រុមហ៊ុនធ្លាប់បានសន្យា ៥ឆ្នាំ ហើយតែក្រុមហ៊ុននៅតែមិនព្រម ដូច្នេះខ្ញុំមិនព្រមទេ»។
ទាក់ទិននឹងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងរោងចក្រទាំងពីរ និងមន្ត្រីក្រសួងការងារ ដែលបានចូលរួមកិច្ចចរចានេះបានឡើយ នៅថ្ងៃទី១៦ ខែកក្កដា។
ប៉ុន្តែប្រភពពីតំណាងកម្មករ និងសហជីព ដែលចូលរួមកិច្ចចរចានេះ បានឲ្យដឹងថា ថ្នាក់គ្រប់គ្រងរោងចក្រទាំងពីរនៅតែប្រកាន់ជំហរដាច់ខាត ទូទាត់សំណងត្រឹមតែ ៤០ដុល្លារជូនកម្មករ បើទោះជាកម្មករមិនព្រមក៏ដោយ។
ទន្ទឹមគ្នានោះ តំណាងកម្មករ និងសហជីព បានឲ្យដឹងទៀតថា អគ្គលេខារងនៃអគ្គលេខាធិការដ្ឋាននៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ នៅតែស្នើឲ្យភាគីក្រុមហ៊ុន និងកម្មករបន្តចរចាគ្នា ដើម្បីបញ្ចប់រឿង តែមន្ត្រីក្រសួងការងារ រូបនេះ មិនបានសន្យារកដំណោះស្រាយយ៉ាងណាជូនកម្មករនោះឡើយ។
យ៉ាងណាក៏ដោយ ក្រោយពីកិច្ចចរចាមិនត្រូវគ្នា កម្មកររោងចក្រ អេឃីនថិច ទាំងពីរទីតាំង ប្រកាសថានឹងមិនចូលធ្វើការបន្តកូដកម្មជាទ្រង់ទ្រាយធំ និងបន្តដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើថៅកែរោងចក្រនៅតែបន្តអូសបន្លាយ និងមិនអើពើចំពោះការទាមទាររបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
