តារាភាពយន្ត អែនជេលីណា ចូលី គ្រោង​ផលិត​ភាពយន្ត​អំពី​សោកនាដកម្ម​សម័យ​ខ្មែរ​ក្រហម

តារា​ភាពយន្ត​អាមេរិក ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​មាន​កូន​ចិញ្ចឹម​ជា​ជនជាតិ​ខ្មែរ អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) នឹង​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​វែង​មួយ​ស្ដី​អំពី​សោកនាដកម្ម​នៃ​សម័យ​ខ្មែរ​ក្រហម។

ខ្សែ​ភាពយន្ត​នេះ នឹង​ផ្អែក​ទៅ​លើ​ស្នាដៃ​និពន្ធ​ពី​ប្រវត្តិ​ពិត​របស់​ខ្លួន​សរសេរ​ដោយ​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់ ឈ្មោះ អ៊ុង លួង ក្រោម​ចំណង​ជើង​ថា "ជា​ដំបូង​គេ​សម្លាប់​ឪពុក​ខ្ញុំ" ឬ​ចំណង​ជើង​ដើម​ជា​ភាសា​អង់គ្លេស​ថា "First they Killed My Father: A Daughter of Cambodia Remembers"។

អ្នកស្រី អែនជេលីណា ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន អេ.ភី (AP) ថា អ្នកស្រី​នឹង​ផលិត​ខ្សែភាពយន្ត​នេះ​ជាមួយ មេដដុក (Maddox) ដែល​ជា​កូន​ប្រុស​ច្បង​ជនជាតិ​កម្ពុជា របស់​អ្នកស្រី។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មាន​ចិត្ត​ជាប់​ជំពាក់​ខ្លាំង​ណាស់​ទៅ​នឹង​ប្រទេស​កម្ពុជា ហើយ​ថា អ្នកស្រី​មាន​បំណង​ចង់​នាំ​យក​ប្រវត្តិសាស្ត្រ​កម្ពុជា អោយ​ពិភពលោក​បាន​ដឹង មិន​ត្រឹមតែ​អោយ​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ខ្មែរ​ទេ តែ​អោយ​គេ​ឯង​ដឹង​អំពី​ភាព​ថ្លៃថ្នូរ និង​ការ​តស៊ូ​របស់​ប្រជាជាតិ​មួយ​ដែល​អ្នកស្រី​គោរព​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។