មន្ត្រីអាជ្ញាធរអប្សរា ទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណក្នុងខេត្តសៀមរាប ព្រួយបារម្ភអំពីការប៉ះពាល់ដល់និរន្តរភាពនៃវត្ថុបេតិកភណ្ឌ ហើយក៏បានតាក់តែងជាក្រមប្រតិបត្តិអង្គរមួយឡើង ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ផង និងការពារថែរក្សាឲ្យបាននូវនិរន្តរភាពរបស់ប្រាសាទបុរាណ ព្រមទាំងវប្បធម៌របស់ខ្មែរផង។
ការបង្កើតក្រមប្រតិបត្តិអង្គរនេះ នៅស្របពេលភ្ញៀវទេសចរបានមកទស្សនាប្រទេសកម្ពុជា កើនឡើងៗ។ មន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ឆ្នាំ២០១៥ កន្លងទៅ កម្ពុជា បានទទួលភ្ញៀវទេសចរបរទេសចំនួន ៤លាន ៨សែននាក់។ ចំនួននេះកើនឡើង ៦,១% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០២០ គេរំពឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា អាចនឹងកើនឡើងពី ៧លាន ៥សែននាក់ទៅដល់ ៨លាននាក់។
នេះ គឺជាសំឡេងភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ច្រើនរយនាក់ កំពុងនាំគ្នាឈរតម្រង់ជួរនៅពេលល្ងាច រង់ចាំការអនុញ្ញាតឲ្យឡើងតាមជណ្ដើរធ្វើអំពីឈើ ទៅទស្សនាកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត។
មន្ត្រីអាជ្ញាធរអប្សរា ទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណក្នុងខេត្តសៀមរាប បានយល់ឃើញថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទបុរាណមានកាន់តែច្រើនឡើងៗ ដែលគួរឲ្យកម្ពុជា មានមោទនភាពសម្រាប់វិស័យទេសចរណ៍ ក៏ប៉ុន្តែនៅស្របពេលគ្នានេះ គេក៏គិតទៅដល់ការប៉ះពាល់វត្ថុបុរាណ និងផ្នែកប្រពៃណីវប្បធម៌មួយចំនួនពីអ្នកទេសចរបរទេសទាំងនោះដែរ។
ដោយសារតែការព្រួយបារម្ភអំពីបញ្ហានេះ មន្ត្រីអាជ្ញាធរអប្សរា បានសហការជាមួយអ្នកស្រុករស់នៅជុំវិញអង្គរ ក្រុមមគ្គទេសក៍ទេសចរណ៍ ក្រុមអ្នកជួសជុលអង្គរ ព្រមទាំងភ្ញៀវទេសចរមួយចំនួន រួមគ្នាតាក់តែងជាក្រមប្រតិបត្តិអង្គរមួយឲ្យចេញជារូបរាងឡើង ប្រយោជន៍រួមគ្នាការពារឧទ្យានអង្គរ បរិស្ថាន និងប្រពៃណីរបស់ខ្មែរ។
ក្រមប្រតិបត្តិអង្គរដែលមានបកប្រែទៅជា ៦ភាសា មានខ្មែរ ចិន ជប៉ុន កូរ៉េ បារាំង និងភាសាអង់គ្លេស នោះ គឺបានចេញផ្សព្វផ្សាយឲ្យភ្ញៀវទេសចរបរទេសបានដឹង និងអនុវត្តតាមជាលើកដំបូងតាំងតែពីអំឡុងដើមខែធ្នូ ឆ្នាំ២០១៥។
អគ្គនាយករងអាជ្ញាធរអប្សរា ទទួលបន្ទុកទេសចរណ៍ គឺលោក សុខ សង្វារ។ លោកមានប្រសាសន៍ថា អាជ្ញាធរអប្សរាដែលកំពុងគ្រប់គ្រងតំបន់អង្គរបច្ចុប្បន្ន គឺយោងទៅលើពាក្យស្លោកមួយដែលមានន័យថា «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍ ដើម្បីអភិរក្ស»។ លោក សុខ សង្វារ បញ្ជាក់ថា នៅពេលដែលអភិវឌ្ឍតំបន់ទេសចរណ៍ឲ្យល្អស្អាត ហើយចំនួនភ្ញៀវទេសចរចេះតែកើនឡើង ក៏អាជ្ញាធរកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណា កុំឲ្យកំណើនភ្ញៀវទេសចរប៉ះពាល់ទៅលើប្រាសាទបុរាណ បរិស្ថាន និងវប្បធម៌ខ្មែរខ្លាំងពេក ទើបអាជ្ញាធរអប្សរាសម្រេចបង្កើតក្រមប្រតិបត្តិអង្គរមួយឡើង៖ « ក្រមប្រតិបត្តិនេះជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដទៃទៀត ដែលយើងអប់រំភ្ញៀវទេសចរឲ្យគាត់ដឹងមុន កុំឲ្យស្លៀកពាក់ខ្លីពេក ឬក៏ទៅប៉ះសិលាចារឹក ឬក៏ចោលសំរាម ស្រែកឡូឡាអីជាដើម »។
ក្រមប្រតិបត្តិអង្គរដែលបោះពុម្ពផ្សាយ និងអប់រំភ្ញៀវទេសចរបរទេសកុំឲ្យជក់បារីក្នុងតំបន់ប្រាសាទបុរាណ កុំឲ្យភ្ញៀវបរទេសស្រីទៅប៉ះពាល់ព្រះសង្ឃនៃព្រះពុទ្ធសាសនា តាមរយៈការសុំថតរូបអនុស្សាវរីយ៍ ឬហាមចូលទៅក្នុងតំបន់ហាមឃាត់ ព្រមទាំងហាមបោះស្ករគ្រាប់ទៅឲ្យក្មេងៗ ជាដើមនោះ ត្រូវបានអាជ្ញាធរចែកឲ្យផ្សព្វផ្សាយនៅតាមទីភ្នាក់ងារទេសចរណ៍ តាមសណ្ឋាគារធំៗ តាមជើងហោះហើរ និងបិទផ្សាយតាមច្រកចេញចូលនៃព្រលានយន្តហោះ ព្រមទាំងកន្លែងលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរផង។ ក្រៅពីនោះ ក្រមប្រតិបត្តិក៏មានផ្សព្វផ្សាយតាមទូរទស្សន៍ តាមគេហទំព័ររបស់អាជ្ញាធរអប្សរា និងតាមគេហទំព័របរទេស ឡូនលី ផ្លាណែត (Lonely Planet) ជាដើម។
លោក សុខ សង្វារ ឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរអប្សរាបានបោះពុម្ពក្រមប្រតិបត្តិអង្គរចំនួនជិត ១០ម៉ឺនច្បាប់ហើយ ដើម្បីផ្សព្វផ្សាយ និងអប់រំភ្ញៀវទេសចរបរទេស ឲ្យបានដឹងនៅមុនពេលចូលទស្សនាអង្គរ ឬតាមប្រាសាទបុរាណនានា។
នៅតាមប្រាសាទបុរាណជាច្រើននៃឧទ្យានអង្គរខេត្តសៀមរាប គឺមានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់ តែងចេញចូលទៅទស្សនាជារៀងរាល់ថ្ងៃ។
ក្រៅពីក្រមប្រតិបត្តិអង្គរ ដែលត្រូវបានផ្សព្វផ្សាយឲ្យភ្ញៀវទេសចរបានយល់ដឹងពីក្រឹត្យក្រមចូលទស្សនាអង្គរ នៅតាមសណ្ឋាគារ ព្រលានយន្តហោះ ឬក៏កន្លែងលក់សំបុត្រជាដើមនោះ គេក៏បានបោះពុម្ពធ្វើជាកាតតូចៗចែកឲ្យបុគ្គលិកគ្រប់រូបដែលដាក់នៅតាមគោលដៅការពារប្រាសាទ សម្រាប់ជួយរំឭក និងបង្រៀនភ្ញៀវទេសចរណាដែលពុំទាន់បានដឹងថែមទៀត។
ឆ្មាំអង្គរម្នាក់ដែលប្រចាំការពារប្រាសាទអង្គរវត្ត លោក ប៊ុយ ពុយ បានបង្ហាញក្រមប្រតិបត្តិអង្គរដែលធ្វើជាសន្លឹកតូចៗសម្រាប់ពាក់នៅនឹងករបស់គាត់ ហើយប្រាប់ថា ក្នុងមួយថ្ងៃៗ គឺគាត់តែងរំពៃមើលភ្ញៀវទេសចរបរទេសណាដែលមានអាកប្បកិរិយាខុសឆ្គង ហើយលោកក៏យកក្រមប្រតិបត្តិអង្គរដែលពាក់នឹងក ទៅបង្ហាញ និងអប់រំពួកគេ៖ « ក្នុងម៉ោងដែលយាមហ្នឹង ជួនណាក៏បាន ៤ - ៥នាក់។ ភ្ញៀវមកសព្វថ្ងៃ គឺគេគោរពតាមក្រមយើងច្រើន ហើយយើងក៏អបអរសាទរគេដែរ »។
ក្រមប្រតិបត្តិអង្គរ មិនមែនជាច្បាប់ដែលអាចដាក់ទោសទណ្ឌភ្ញៀវទេសចរបរទេសណាដែលចូលទស្សនាតំបន់អង្គរ ហើយស្លៀកពាក់ខ្លី ខើចលើខើចក្រោម ឬក៏ទៅប៉ះពាល់រូបចម្លាក់បុរាណនោះទេ ប៉ុន្តែវាគ្រាន់តែជាការអប់រំឲ្យពួកគេបានដឹងពីអ្វីដែលមិនគួរធ្វើ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចាត់ទុកក្រមប្រតិបត្តិអង្គរដែលបានចេញផ្សព្វផ្សាយរយៈពេល ២ខែមកហើយនេះថា គឺជាចំណុចល្អបំផុតដែលអ្នកទេសចរបរទេសចង់បាន៖ « ព្រោះអង្គរជាទីសក្ការៈ ជាបេតិកភណ្ឌរបស់មនុស្សជាតិ។ ម្ល៉ោះហើយ ទាំងអស់គ្នាមកមើលទស្សនាផង ហើយក៏ត្រូវចូលរួមការពារផងដែរ »។
អ្នកទេសចរជនជាតិស្វីស (Sweden) ម្នាក់ ដែលចាប់អារម្មណ៍ជាមួយផ្ទាំងចម្លាក់អង្គរវត្តយ៉ាងខ្លាំង លោក អេរិក ប៊ើកហាត (Eric BURKHARD) មានប្រសាសន៍ថា អ្នកទេសចរខ្លះយល់ថា ក្រមប្រតិបត្តិអង្គរ គឺជាសម្ពាធមួយសម្រាប់ដំណើរទេសចរណ៍របស់ពួកគេ ប៉ុន្តែចំពោះរូបលោកមិនយល់ឃើញដូច្នេះទេ គឺវាជាចំណុចល្អមួយ៖ « ខ្ញុំធ្លាប់ទៅទស្សនាសំណង់បុរាណជាច្រើននៅជុំវិញពិភពលោក ហើយនៅតាមស្ថាបត្យកម្មបុរាណទាំងនោះ គឺគេមានក្រមប្រតិបត្តិដើម្បីការពារដូចគ្នានេះដែរ។ ដូច្នេះអ្នកទេសចរបរទេស ត្រូវតែយល់ដឹងពីក្រមនេះ នៅមុនពេលចូលទស្សនាអង្គរ »។
មន្ត្រីអាជ្ញាធរអប្សរា ឲ្យដឹងថា ចាប់តាំងពីក្រមប្រតិបត្តិអង្គរបានចេញផ្សព្វផ្សាយឲ្យភ្ញៀវទេសចរបរទេសបានដឹងរយៈពេល ២ខែមកនេះ គេសង្កេតឃើញភ្ញៀវទេសចរបរទេសស្រីដែលចូលទស្សនាអង្គរ បានផ្លាស់ប្រែឥរិយាបថពីការស្លៀកខ្លី ទៅជាការស្លៀកពាក់សមរម្យបានច្រើន។
ទោះយ៉ាងណា អាជ្ញាធរអប្សរានៅតែដាក់មន្ត្រីនៅតាមគោលដៅទេសចរណ៍ជាច្រើន ដើម្បីតាមឃ្លាំមើលភ្ញៀវទេសចរបរទេសខ្លះ ដែលនៅតែមិនទាន់យល់ដឹងអំពីក្រមប្រតិបត្តិអង្គរនៅឡើយ ហើយនឹងប្រឹងប្រែងផ្សព្វផ្សាយជាមួយការអប់រំបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
