អាជ្ញាធរអប្សរាបង្ហាញពីក្រមសីលធម៌មួយចំនួនដែលអ្នកទេសចរគួរជៀសវាង ពេលទស្សនាក្នុងតំបន់អង្គរ។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា លោក ឡុង កុសល ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៤ ធ្នូ ថា អាជ្ញាធរបានផលិតខ្សែវីដេអូខ្លីមួយ និងផ្សព្វផ្សាយជាសាធារណៈ ស្ដីពីក្រមប្រតិបត្តិរបស់អ្នកទេសចរ ពេលមកទស្សនានៅតំបន់អង្គរ។ ក្រមនោះបានចែងពីការហាមប្រាមមួយចំនួន ដូចជាហាមស្លៀកពាក់ខ្លី ហាមជក់បារី ហាមឲ្យលុយ និងស្ករគ្រាប់ដល់កូនក្មេង ហាមប៉ះពាល់រូបចម្លាក់ និងត្រូវគោរពស្លាកសញ្ញាជាដើម៖ «ជាទូទៅភ្ញៀវទេសចរគ្រប់ទីកន្លែង និងប្រទេសណាក៏ដោយ គេបង្ហាញនូវឥរិយាបថគួរប្រកាន់យក និងឥរិយាបថមិនគួរប្រកាន់យកនៅពេលទស្សនានៅប្រទេសគេនីមួយៗ សម្រាប់តែតំបន់អង្គរ យើងធ្វើឡើងនូវប្រតិបត្តិនេះ ដើម្បីឲ្យអ្នកទស្សនាទាំងភ្ញៀវជាតិ និងអន្តរជាតិគួរប្រកាន់យកនូវឥរិយាបថសមរម្យ ដែលផ្ដល់តម្លៃដល់ប្រាសាទ ទីសក្ការៈ និងវប្បធម៌របស់កម្ពុជាយើង»។
កន្លងមកអាជ្ញាធរអប្សរា ធ្លាប់បានពិន័យជាប្រាក់ដល់អ្នកទេសចរមួយចំនួនដែលប្រព្រឹត្តខុសឆ្គងនឹងបម្រាម ដូចជាការឡើងលើតួប្រាសាទ និងថតរូបអាសអាភាសជាដើម។ អ្នកទាំងនោះក៏តម្រូវ ឲ្យធ្វើលិខិតសុំទោស និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
