បុរស​ម្នាក់​រង​របួស​ដោយសារ​ផ្ទុះ​មីន​តោន​នៅ​ប៉ៃលិន

បុរស​ម្នាក់​បាន​រង​របួស និង​ត្រាក់ទ័រ​មួយ​គ្រឿង​ខូចខាត ដោយសារ​ផ្ទុះ​មីន​តោន​ដែល​កប់​ក្រោម​ដី​មួយ​គ្រាប់។ ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​លើ​ដី​ចម្ការ​ឋិត​នៅ​ចំណុច​អូរជ្រៅ ភូមិ​ថ្នល់កែង ឃុំ​អូរអណ្ដូង ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។

ជន​រងគ្រោះ​មាន​ឈ្មោះ ជុំ សុខនី អាយុ ២៦​ឆ្នាំ ថ្លែង​ថា រូប​លោក​ជា​អ្នក​ស៊ី​ឈ្នួល​ភ្ជួរ​ដី​ចម្ការ​ឲ្យ​គេ។ កន្លែង​ដែល​មាន​គ្រាប់​មីន​តោន​នោះ ជា​ដី​ចម្ការ​ចាស់ មាន​គេ​ភ្ជួរ​រាស់​ដាំ​ដំណាំ​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​គ្រាប់​មីន​នោះ​ផ្ទុះ​ទេ ស្រាប់​តែ​ពេល​ចុះ​ទៅ​ភ្ជួរ​ឲ្យ​គេ ក៏​ជួប​គ្រោះថ្នាក់​តែ​ម្ដង៖ «ខ្ញុំ​ទៅ​ភ្ជួរ​ដី​ឲ្យ​គេ ទើប​ភ្ជួរ​បាន​ពីរ​ទៅ​បី​គន្លង ស្រាប់​តែ​គ្រាន់​មីន​នោះ​ផ្ទុះ​នៅ​ជាប់​ជើង​ដំបូក។ កន្លែង​ហ្នឹង​បើក​ត្រាក់ទ័រ​កិន​ពីរ​ទៅ​បី​ដង ហើយ​ទៅ​ម្ដង​ទៀត​ទម្លាក់​ផាល​ប៉ះ​ចំ ផ្ទុះ​ខូច​ផាល និង​បែក​កង់​ក្រោយ​ទាំង​ពីរ។ រូប​ខ្ញុំ​របួស​ត្រូវ​ដៃ និង​អំបែង​ត្រូវ​ក។ ខ្ញុំ​ស៊ី​ឈ្នួល​ភ្ជួរ​ដី​ឲ្យ​គេ ប៉ុន្តែ​ដី​ហ្នឹង​គេ​ភ្ជួរ​ច្រើន​ឆ្នាំ​មក​ហើយ»

ជន​រងគ្រោះ​ឈ្មោះ ជុំ សុខនី បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​សាលាក្រៅ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​បន្ត​មក​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ក្នុង​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។