សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៩ ខែមករា សម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃចំនួន ៣អង្គ គង់នៅវត្តស្ទឹងមានជ័យ ក្នុងសំណុំរឿងចូលរួមសមាគមទុច្ចរិត និងការប្រើប្រាស់ឆាយាក្លែង។
មេធាវីការពារ និងសកម្មជនការពារសិទ្ធិមនុស្ស ហៅការសម្រេចនេះថាអយុត្តិធម៌ និងទំនងថាជាប់ទាក់ទងនឹងចេតនានយោបាយ។
ក្រុមមេធាវីការពារក្ដីអោយអតីតសង្ឃទាំង ៣អង្គ គ្រោងថានឹងប្ដឹងបន្តទៅតុលាការកំពូល ដើម្បីជំទាស់សេចក្ដីសម្រេច ដែលបន្តឃុំខ្លួនកូនក្ដីរបស់ពួកគេដោយសភាស៊ើបសួរសាលាឧទ្ធរណ៍។
គម្រោងត្រៀមប្ដឹងសារទុក្ខនេះ គឺបន្ទាប់ពីប្រធានក្រុមប្រឹក្សាចៅក្រម សេង ស៊ីវុត្ថា សម្រេចអោយអតីតសង្ឃ ៣អង្គ គឺ សឺន ហាយ ឃិត វណ្ណៈ និងសាន កុសល ឬថាច់ សាង ត្រូវបន្តជាប់ក្នុងឃុំ។ ក្នុងនោះ ករណីអតីតព្រះសង្ឃ សឺន ហាយ ដែលត្រូវចោទប្រកាន់ពីបទប្រើឆាយាក្លែង សភាស៊ើបសួរសំអាងថា អតីតសង្ឃរូបនេះកំពុងជាប់ក្នុងពន្ធនាគារ អនុវត្តទោសដែលសាលាដំបូងកាត់អោយជាប់ឃុំរយៈពេល ១ឆ្នាំ និងពិន័យប្រាក់ ២លានរៀល ក្នុងសំណុំរឿងមួយទៀតពីបទប្រឆាំងអ្នករាជការសាធារណៈ។ ចំណែកអតីតសង្ឃ ឃិន វណ្ណៈ និងសាន កុសល ដែលត្រូវចោទប្រកាន់ពីបទចូលរួមសមាគមទុច្ចរិត សភាស៊ើបសួរសំអាងថា សំណុំរឿងនេះកំពុងឋិតក្នុងដំណើរការស៊ើបសួរ។
មេធាវីការពារអោយអតីតព្រះសង្ឃ សឺន ហាយ គឺលោក ជិន លីដា មានប្រសាសន៍ថា ចៅក្រមគួរតែសម្រេចអោយកូនក្ដីរបស់លោកបាននៅក្រៅឃុំ គឺមិនគួរបញ្ចូលសំណុំរឿងទាំងពីរអោយឡូកឡំគ្នាឡើយ៖ «សំឡេង»។
ចំណែកមេធាវីការពារអោយអតីតសង្ឃ ឃិត វណ្ណៈ និងសាន កុសល ហៅ ថាច់ សាង គឺអ្នកស្រី សាម សុគន្ធា មានប្រសាសន៍ថា សំណុំរឿងកូនក្តីអ្នកស្រីជាបទមជ្ឈិម ដែលគួរតែបាននៅក្រៅឃុំ។ អ្នកស្រីអះអាងថា នឹងប្ដឹងសារទុក្ខទៅតុលាការកំពូល៖ «សំឡេង»។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពេលប្រកាសសាលដីកាថា តុលាការពុំបានកាត់សេចក្តីដោយឈរលើភាពត្រឹមត្រូវយុត្តិធម៌ឡើយ ទំនងទទួលសម្ពាធពីអ្នកមានអំណាច៖ «សំឡេង»។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការបន្តឃុំខ្លួនអតីតសង្ឃទាំង ៣អង្គនេះ ទំនងជាចេតនានយោបាយ ជាជាងការអនុវត្តច្បាប់៖ «សំឡេង»។
ស្របគ្នានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដែរថា ការសម្រេចរបស់តុលាការនៅពេលនេះជាការរំលោភលើព្រះពុទ្ធសាសនា និងគំរាមកំហែងបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស។ សមាគមអំពាវនាវអោយដោះលែងអតីតព្រះសង្ឃទាំង ៣រូប ដែលត្រូវចាប់ផ្សឹកខុសពុទ្ធវិន័យនោះ អោយមានសេរីភាព។
នៅខាងក្រៅរបងសាលាឧទ្ធរណ៍ អ្នកមានជម្លោះដីធ្លី និងព្រះសង្ឃប្រមាណ ១០០នាក់និងអង្គ បានឈរស្រែកទាមទារអោយតុលាការដោះលែងអតីតព្រះសង្ឃទាំង ៣រូប៖ «សំឡេងតវ៉ា»។
អតីតព្រះសង្ឃ សឺន ហាយ ត្រូវចាប់ខ្លួន និងផ្សឹកកាលពីថ្ងៃទី១១ ខែវិច្ឆិកា ពាក់ព័ន្ធនឹងសំណុំរឿងតវ៉ារបស់ក្រុមស្ត្រីនៅបឹងកក់។ មួយថ្ងៃក្រោយមក អតីតព្រះសង្ឃ ២រូបទៀត ក៏ត្រូវចាប់ខ្លួន និងផ្សឹកដែរ នៅពេលដឹកទង់ជាតិ និងទង់សាសនាទៅចូលរួមការតវ៉ារបស់ពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
