ពលរដ្ឋជាង ៣០០នាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែឧសភា បន្តជួបជុំគ្នាក្នុងបរិវេណវត្ត តវ៉ារារាំងមិនឲ្យមានការបណ្ដេញព្រះចៅអធិការវត្តអង្គឫស្សី ចេញពីវត្ត។
ការទាមទារនេះ ធ្វើឡើងស្របពេលដែលអ្នកភូមិទទួលដំណឹងថា ព្រះចៅអធិការវត្តអង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន ត្រូវបានមេគណខេត្តស្វាយរៀង ចេញលិខិតបញ្ឈប់ព្រះអង្គពីតំណែងព្រះចៅអធិការវត្ត និងហាមព្រះអង្គមិនឲ្យគង់នៅតាមវត្តនៅក្នុងខេត្តស្វាយរៀង ឡើយ។ ចំណែកប្រធានការិយាល័យធម្មការស្រុកស្វាយជ្រុំ ចាត់ទុកថា ចំណាត់ការនេះមិនសមហេតុផល។
ពលរដ្ឋចំនួន ៣៣៦នាក់ រស់នៅឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានផ្ដិតមេដៃរួចរាល់ហើយទាមទារឲ្យសាលាខេត្តស្វាយរៀង អន្តរាគមន៍ចំពោះការបណ្ដេញព្រះចៅអធិការវត្តអង្គឫស្សី។ បន្ថែមពីលើនេះ អ្នកភូមិចាត់ទុកថា ការសម្រេចដកព្រះចៅអធិការវត្តចេញ ធ្វើឡើងដោយគ្មានហេតុផល។
តំណាងពលរដ្ឋម្នាក់ដែលជាពុទ្ធបរិស័ទ លោក ឃឹម ខេង ឲ្យដឹងនៅថ្ងៃទី៣០ ឧសភា ថា អ្នកភូមិបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារ ប្រសិនបើមានកម្លាំងប្រដាប់អាវុធបង្ខំព្រះចៅអធិការវត្តចេញពីវត្តដោយគ្មានហេតុផល។ លោកបន្តថា ព្រះចៅអធិការវត្តអង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន គង់នៅវត្តអង្គឫស្សី ប្រហែលជា ២ឆ្នាំកន្លងទៅ ពុំបានប្រព្រឹត្តខុសឆ្គងដូចការចោទប្រកាន់ឡើយ។ ជាងនេះទៅទៀត ព្រះចៅអធិការវត្តអង្គឫស្សី កំពុងដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទកសាងវត្តនេះឲ្យមានការរីកចម្រើន៖ «៣០០នាក់ជាងវាចូល ៤០០ហើយ គេស្រឡាញ់លោកតាណាស់ ទោះបីពីណាមកធ្វើអី ក៏គេមិនឲ្យធ្វើបាបលោកតាដែរ គេគាំទ្រ»។
កាលពីថ្ងៃទី២៦ ឧសភា ព្រះមេគណខេត្តស្វាយរៀង ព្រះនាម ជេត ឌិន បានចេញលិខិតធ្វើត្រ័យប្រណាម ឬបណ្ដេញព្រះចៅអធិការវត្តចេញពីវត្តដោយឥតលក្ខខណ្ឌ ដោយចោទព្រះចៅអធិការវត្តអង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន ថាមិនគោរពមន្ត្រីថ្នាក់ខេត្ត អភិបាលស្រុក និងធម្មការខេត្ត ក្នុងការសងប្រាក់ជាងធ្វើវិហារ និងសម្ភារៈសំណង់តាមកិច្ចសន្យា។ ជាងនេះទៅទៀត ក្នុងលិខិតបញ្ជាក់ថា ការបណ្ដេញព្រះចៅអធិការវត្តចេញពីសហគមន៍ខេត្តស្វាយរៀង មានប្រសិទ្ធភាពចាប់ពីចុះហត្ថលេខានេះតទៅ។
ក្នុងករណីនេះ ព្រះចៅអធិការវត្តអង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន មានថេរដីកាថា មន្ត្រីសង្ឃខេត្តស្វាយរៀង បានទទួលពាក្យបណ្ដឹងពីអ្នកលក់គ្រឿងសំណង់ម្នាក់ ដែលអះអាងថា វត្តអង្គឫស្សី ជំពាក់ប្រាក់រូបគាត់ចំនួនជាង ៤៦លានរៀលជាច្រើនឆ្នាំកន្លងមកហើយ ដែលព្រះចៅអធិការវត្តមុនៗចំនួន ២ជំនាន់មកហើយ បានយកសម្ភារៈប្រើប្រាស់ដើម្បីកសាងព្រះវិហារ។ ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គទាមទារឲ្យមានវិក្កយបត្របញ្ជាក់ពីចំនួនទឹកប្រាក់ឲ្យច្បាស់លាស់ ទើបព្រះអង្គសម្រេចសងប្រាក់៖ «មេគណហ្នឹងឈ្មោះ ជេត ឌិន ប៉ុន្តែលោកចាស់ហើយ លោកបាត់បង់សតិហើយ នៅសល់តែ ៤០ភាគរយ ប៉ុន្តែគេយកមកឲ្យអង្គុយនៅហ្នឹង បង្កើតថេរសភាសង្ឃកាត់ក្តីអាត្មាហ្នឹងពរ! ចោទប្រកាន់អាត្មា គេដេញអាត្មាពីខេត្តស្វាយរៀង ហ្នឹងពរ!»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយទាក់ទិនបញ្ហានេះពីព្រះមេគណខេត្តស្វាយរៀង ព្រះនាម ជេត ឌិន បានទេនៅថ្ងៃទី៣០ ឧសភា។ ចំណែកដើមបណ្ដឹងដែលអះអាងថា វត្តអង្គឫស្សី ជំពាក់ប្រាក់ក៏មិនអាចទាក់ទងបានដែរ។
ដោយឡែកប្រធានការិយាល័យធម្មការស្រុកស្វាយជ្រុំ លោក រស់ យាន ទទួលស្គាល់ថា ព្រះចៅអធិការវត្តអង្គឫស្សី ព្រះនាម ភ្លុក សុខឃឿន បានបំពេញភារកិច្ចចំពោះការកសាងវត្តអង្គឫស្សី មានការរីកចម្រើន និងមានពុទ្ធបរិស័ទច្រើនគាំទ្រព្រះអង្គដឹកនាំវត្តនេះ។ ចំណែកថវិកាវត្តដែលព្រះចៅអធិការវត្តមុនៗជំពាក់គេ ព្រះចៅអធិការវត្តទាមទារឲ្យមានវិក្កយបត្រត្រឹមត្រូវជាមុនសិន។ លោកថា បញ្ហានេះ គួរត្រូវដោះស្រាយដោយសន្តិវិធី។ លោកចាត់ទុកការបណ្ដេញព្រះចៅអធិការវត្តចេញ គឺមិនសមស្របតាមច្បាប់ក្រសួងធម្មការ និងធម៌វិន័យសង្ឃឡើយ៖ «រឿងនេះរឿងមន្ត្រីសង្ឃទេ មន្ត្រីសង្ឃនេះ គឺចង់និយាយថា លោកមិនព្រមសងលុយគេវាពិបាកអ៊ីចឹងអ្ហា៎ ការគិតវាខុសគ្នា ទិញដូរជំពាក់ហ្នឹងចៅអធិការមុន លោកមិនមែនមិនសងទេ! លោកទាមទារធ្វើម៉េចឲ្យបានត្រឹមត្រូវ»។
វត្តអង្គឫស្សី ឋិតក្នុងភូមិអង្គឫស្សី ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ មានព្រះសង្ឃគង់នៅចំនួន ៤អង្គ។ ចំណែកព្រះចៅអធិការវត្តព្រះនាម ភ្លុក សុខឃឿន បានធ្វើជាព្រះចៅអធិការវត្តនេះចំនួន ២ឆ្នាំកន្លងមក។ ការតវ៉ារបស់អ្នកភូមិ បានបន្តរយៈពេល ២ថ្ងៃហើយគិតត្រឹមថ្ងៃទី៣០ ខែឧសភា។ អ្នកភូមិបានសម្រេចផ្អាកការតវ៉ា នៅពេលមានការសម្របសម្រួលរបស់គណៈកម្មការវត្ត។ ចំណែកមន្ត្រីនគរបាលមួយចំនួន បានដាក់ពង្រាយការពារសន្តិសុខ នៅពេលដែលមានការតវ៉ាពីអ្នកភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
