ពលរដ្ឋ និងអ្នកជំនាញសិល្បៈ បានកោតសរសើរទឹកចិត្តសិស្សានុសិស្សដែលកំពុងតស៊ូហាត់រៀនជំនាញសិល្បៈបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈទាំងលំបាក។ ទន្ទឹមគ្នានេះ ពួកគាត់ស្នើឲ្យក្រសួងវប្បធម៌វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ត្រូវអភិវឌ្ឍថ្នាលបណ្ដុះគ្រាប់ពូជសិល្បៈមួយនេះឲ្យពេញទំហឹង ដើម្បីកុំឲ្យបាត់បង់កេរដំណែលរបស់ជាតិ។
សាលាមធ្យមវិចិត្រសិល្បៈ បានបញ្ចប់សម័យប្រឡងឯកទេសជំនាញយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ (បាក់ឌុបសិល្បៈ) ប្រចាំឆ្នាំ២០១៥ នេះ ដោយល្ខោនយីកេរឿង «មហាជ័យរាជទេពី» ឬ «រាជនីក្រុងអង្គរ»។
សំឡេងពោលយីកេ៖ «ព្រះនាងទ្រង់សុបិន្ដ ឃើញព្រះភស្ដាដែលសេចក្តីត្រេកអរក្នុងសុបិន្ដនោះ បង្កើតជាសេចក្តីទុក្ខធ្ងន់ធ្ងរថែមទៀត ដោយផែនដីទាំងមូលពោរពេញដោយបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ នឹងសង្គ្រាមផ្ទៃក្នុង ប្រជារាស្ត្រគ្មានសេចក្តីសុខឡើយនៅឆ្នាំ១១៥០»។
រឿងនេះ គឺជារឿងប្រវត្តិសាស្ត្រខ្មែរមួយដែលកប់បាត់ក្នុងអតីតកាលអស់ជាច្រើនសតវត្សមកហើយ។ រឿង «មហាជ័យរាជទេពី» បង្ហាញពីសោកនាដកម្មដ៏អាថ៌កំបាំងនៃដំណើរជីវិតព្រះអគ្គមហេសីទី១ របស់ព្រះបាទជ័យវរ្ម័នទី៧។
សម័យប្រឡងឯកទេសជំនាញយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ (បាក់ឌុបសិល្បៈ) ធ្វើឡើងកាលពីថ្ងៃទី៣ ហើយបានបិទបញ្ចប់វិញនៅរសៀលថ្ងៃទី៥ ខែសីហា។
ថ្ងៃបិទបញ្ចប់សម័យប្រឡងនេះ មានការចូលរួមលើកទឹកចិត្តពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ព្រមទាំងអ្នកស្នេហាវិស័យសិល្បៈជាច្រើនរយនាក់ នៅសាលប្រឡងសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
«ចម្រៀងយីកេ»
គណៈកម្មការរៀបចំការប្រឡង ចាត់ទុករឿងនេះជាស្នាដៃធំមួយ និងគួរចាប់អារម្មណ៍ជាងគេនៅក្នុងសម័យប្រឡងឆ្នាំ២០១៥ នេះ ហើយរឿងនេះ ត្រូវប្រើរយៈពេលហាត់សម សម្ភារៈ និងតួសម្ដែងជាច្រើន។
សាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក អ៊ុំ វុឌ្ឍី ដែលជាអ្នកសិក្សាស្រាវជ្រាវ និងទទួលបន្ទុកសម្របសម្រួលរឿងនេះសម្រាប់បេក្ខជនពីររូប គឺកញ្ញា អ៊ាង សម្ផស្ស និងយុវជន ណី សុវណ្ណឫទ្ធ ដែលប្រឡងយកសញ្ញាបត្របាក់ឌុបសិល្បៈ។ លោកបានឲ្យដឹងនៅក្រោយការសម្ដែងចប់ថា ល្ខោនយីកេនេះជាវណ្ណកម្មដ៏កម្រដែលពុំធ្លាប់មានអ្នកប្រាជ្ញប្រវត្តិសាស្ត្រ យកមកបកស្រាយឲ្យស៊ីជម្រៅ និងយល់បាន ទាក់ទងនឹងរឿងរ៉ាវដំណើរជីវិតរបស់ព្រះនាងមហាជ័យរាជទេពី ក្នុងសម័យអាណាចក្រអង្គរ ចន្លោះឆ្នាំ១១៥០-១១៨២ នោះទេ។
លោកបន្តថា រឿងនេះវែង តែត្រូវសង្ខេបមកត្រឹមរយៈពេលជាង ១ម៉ោង ទៅតាមពេលវេលា ហើយរឿងនេះដែរ ក្រុមការងារបានចំណាយពេលស្រាវជ្រាវទុកច្រើនឆ្នាំមកហើយ និងប្រើរយៈពេលចងក្រងឡើងជាសាច់រឿងប្រមាណ ៧ឆ្នាំមក មុននឹងដាក់សម្ដែងជាផ្លូវការតាមទម្រង់ល្ខោនយីកេ៖ «យើងខ្វះមនុស្ស យើងបានប្រមូលសិស្សទាំងអស់ពីគ្រប់មហាវិទ្យាល័យសរុប ៧៦នាក់ ហើយថវិកាមិនដឹងអស់ប៉ុន្មានទេ ព្រោះសុទ្ធតែជំពាក់គេទាំងអស់ ព្រោះគ្មានលុយ តែចិត្តស្រឡាញ់ហើយ ទោះមានលុយក្តី គ្មានក្តី គាត់ជួយសិនទៅ ចាំមានលុយចាំគិតទៀត»។
លោកក៏បានរៀបរាប់ពីការលំបាកក្នុងការសម្ដែងដោយខ្វះឧបករណ៍ ដូចជាប្រព័ន្ធភ្លើង ប្រព័ន្ធបំពងសំឡេង និងសម្ភារៈផ្សេងៗជាច្រើនទៀត ដែលសម្រួលដល់ការសម្ដែងរឿងនៅលើឆាក ដើម្បីធ្វើសិល្បករសម្ដែងទៅបានរលូន និងធ្វើឲ្យអ្នកទស្សនាជក់ចិត្តនោះ៖ «ភ្លើងដែលប្រើក្នុងការសម្ដែងយីកេនេះ បើគិតពីលក្ខណៈបច្ចេកទេសវិញ គឺសេរ៉ូ (សូន្យ) ព្រោះយើងប្រើភ្លើងដែលគេយាមឡានមកដាក់ល្ខោន ព្រោះយើងអត់ជម្រើស ការបំពងសំឡេងក៏អ៊ីចឹងដែរ មេក្រូស្រែកហ្វូងហ្វាងអីអ៊ីចឹងទៅ គឺសុទ្ធតែជារឿងដែលយើងដឹងបានជាមុនថា វានឹងកើតឡើង ប៉ុន្តែធ្វើម៉េចបើវាអត់»។

ទោះយ៉ាងណា អ្នកចូលរួមទស្សនា បានសម្ដែងនូវក្តីរំភើបចំពោះការសម្ដែងរបស់ពន្លកសិល្បករ ដែលបានខិតខំយ៉ាងត្រដាបត្រដួសក្នុងអាជីពនេះ ហើយនឹងក្លាយជាអ្នកបន្តវេនពីសិល្បករជើងចាស់។
អតីតសាស្ត្រាចារ្យនៃសាលាវិចិត្រសិល្បៈ និងជាតារាភាពយន្ត លោក ខ្លូត រតនា ដែលតាមដានសាច់រឿងនេះតាំងពីពេលហាត់សម រហូតឡើងសម្ដែងលើឆាក មានក្តីរំភើបចំពោះស្នាដៃនេះ និងការខិតខំប្រឹងប្រែងរបស់សិល្បករទាំងអស់ ទាំងគ្រូទាំងសិស្ស ទោះបីមានការលំបាកលំបិនយ៉ាងណាក្តី៖ «វណ្ណកម្មនេះហាត់បានរយៈពេលតិច យើងប្រឹងសមឆាកទាំងយប់ ឆាកមានតែមួយ អ៊ីចឹងនាំគ្នាដណ្ដើមសម អ៊ីចឹងវាមិនសុក្រឹតទេ ប៉ុន្តែវាជាស្មារតីមួយដែលចង់អប់រំឲ្យកូនខ្មែរមានចិត្តស្រឡាញ់សិល្បៈរបស់ខ្លួនឯង»។
ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ដែលទើបឡើងកាន់តំណែងថ្មីក្នុងរដ្ឋាភិបាលអាណត្តិទី៥ នេះ។ អ្នកស្រីទទួលស្គាល់នូវការខ្វះខាតរបស់សាលា ដែលធ្វើឲ្យលំបាកដល់សិស្សានុសិស្សដែលចាប់យកជំនាញសិល្បៈនេះ៖ «ក្រសួងទទួលស្គាល់សក្ដានុពលរបស់សិស្សានុសិស្សទាំងអស់នេះ អ៊ីចឹងយើងត្រូវពិនិត្យមើលថា តើពួកគេខ្វះខាតកន្លែងណា? លំបាកកន្លែងណា? មានសក្ដានុពលខ្លាំងកន្លែងណា? ដើម្បីយើងជំរុញបន្ថែមទៀត ហើយយើងខិតខំជួយជាសម្ភារៈ ស្មារតីគ្រប់បែបយ៉ាង ដែលក្រសួងអាចជួយបានដើម្បីឲ្យសាលានេះមានដំណើរការទៅមុខបានល្អ»។
ទោះយ៉ាងនេះក្តី អ្នកស្រីរដ្ឋមន្ត្រីមិនបានបង្ហាញថា ក្រសួងមានថវិកាប៉ុន្មានក្នុងមួយឆ្នាំ ដើម្បីជួយឲ្យជំនាញនេះវិវឌ្ឍទៅមុខរួចនោះទេ។
ជាមួយគ្នានេះ ក្រុមសិស្សសាលាវិចិត្រសិល្បៈ និងសាស្ត្រាចារ្យ សូមឲ្យរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ ជួយបើកផ្លូវឲ្យមានការគាំទ្រ ឬផ្តល់ឱកាសឲ្យពួកគាត់បានបញ្ចេញស្នាដៃរបស់ខ្លួនឲ្យបានទូលំទូលាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
