រដ្ឋបាល​ជលផល​អះអាង​ថា​បាន​បង្ក្រាប​បទ​ល្មើស​នេសាទ​៣៦០​ករណី

ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក អះអាង​ថា បទ​ល្មើស​នេសាទ​នៅ​ឆ្នាំ​នេះ​បាន​ថយ​ចុះ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ ប៉ុន្តែ ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា មាន​បទ​ល្មើស​នេសាទ​ជាច្រើន​កើត​មាន​នៅ​តំបន់​គាត់​រស់​នៅ។

0:00 / 0:00

ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក ថ្លែង​នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៣ ថា មន្ត្រី​ក្រោម​ឱវាទ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ច្រើន​ខេត្ត បាន​ចំនួន ៣៦០​ករណី ក្នុង​រដូវ​បិទ​នេសាទ។

លោក​បន្ត​ថា ករណី​បទ​ល្មើស​នេសាទ​ឆ្នាំ​២០១៣ បាន​ថយ​ចុះ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ។ លោក​ថា បទ​ល្មើស​នេសាទ​ដែល​បង្ក្រាប​បាន​ច្រើន គឺ​ជា​តំបន់​នៅ​ជាប់​នឹង​បឹង​ទន្លេសាប ទន្លេ​មេគង្គ និង​ទន្លេ​ចតុមុខ៖ «៣៦០​ករណី​ហើយ​នៅ​ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង កណ្ដាល ក្រចេះ ស្ទឹងត្រែង ក្នុង​គ្រប់​កន្លែង»

ទោះ​បី​ជា​ប្រធាន​រដ្ឋបាល​ជលផល​អះអាង​ថា បាន​បង្ក្រាប​បទ​ល្មើស​នេសាទ​ជាង ៣០០​ករណី​ក្តី អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ថ្លែង​ថា ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដូច​ជា លូ​ស្បៃ​មុង ឬ​ហៅ​ថា សៃយឺន បង្កើន​ការ​ដាក់​ចាប់​យក​កូន​ត្រី​តូចៗ​ទើប​ញាស់​នៅ​ក្នុង​ភូមិ​ព្រែកសឹង្ហ រហូត​ដល់​ភូមិ​ព្រែកស្បូវ ក្នុង​ឃុំ​សំពៅពូន បំផ្លាញ​ធនធាន​ត្រី​ក្នុង​ចម្ងាយ​ដី​ពី ៤​គីឡូម៉ែត្រ ទៅ ៥​គីឡូម៉ែត្រ។

ពលរដ្ឋ​ភូមិ​ព្រែកសឹង្ហ លោក យាន យឿង អះអាង​ថា ជនជាតិ​វៀតណាម ជា​អ្នក​ប្រើ​សៃយឺន​ដាក់​បាំង​ទឹក​ទន្លេ​បំផ្លាញ​ធនធាន​ត្រី​នៅ​ក្នុង​ឃុំ​សំពៅពូន៖ «ដាក់​ទ្រង់ទ្រាយ​ធំ​បែប​នេះ មិន​មែន​ខ្មែរ​អ្នក​ដាក់​ទេ សុទ្ធតែ​ជនជាតិ​យួន តែ​ម្តង​មក​ដាក់​ហ្នឹង។ ប៉ិន​ដាក់​ទ្រង់ទ្រាយ​ធំ​ជា​ចំហ​មុខ​នេះ មិន​មែន​ខ្មែរ​ទេ ហើយ​កន្លែង​ជលផល​ទីតាំង​គាត់​នៅ​មុខ​ភូមិ​ព្រែកសឹង្ហ ហ្នឹង​តែ​ម្តង។ គាត់​គ្រាន់​តែ​ចុះ​មក​តាម​បណ្តោយ​ព្រែក​ចេញ​មក គាត់​ឃើញ​តែ​ម្តង​បទ​ល្មើស​ទាំងអស់​ហ្នឹង តែ​គាត់​អត់​បាន​ឃើញ​ផង​ហ្នឹង មិន​ដឹង​គាត់​នៅ​សម្ងំ​ធ្វើ​អី បើ​ចាំ​ដាក់​ទីតាំង​ក្បែរ បើ​ថា​ឆ្ងាយ​ដូច​នៅ​ភ្នំពេញ ដូច​នៅ​ចតុមុខ​អី ដូច​ថា​ឆ្ងាយ មិន​អាច​ធ្វើ​ការងារ​ហ្នឹង​ឃើញ។ ចុះ​បើ​នៅ​គ្រាន់​តែ​ផ្អៀង​ខ្លួន គ្រាន់​តែ​បង្វិល​ខ្លួន ឃើញ​ហើយ​គាត់​អត់​ឃើញ មិន​ដឹង​ជា​របៀប​ម៉េច​ដែរ គួរ​ឲ្យ​ឆ្ងល់​ដែរ»

មន្ត្រី​រាជការ​ក្នុង​ឃុំ​សំពៅពូន លោក ចាន់ ថន ថ្លែង​ថា មាន​មន្ត្រី​ជលផល​កំពុង​ប្រចាំ​ការ​នៅ​ក្នុង​តំបន់​ដែល​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​សៃយឺន ដាក់​បាំង​ទឹក​ចាប់​យក​ត្រី​តូច និង​ត្រី​ធំ​នោះ។ ប៉ុន្តែ មន្ត្រី​ជលផល​ទាំង​នោះ​ធ្វើ​មិន​ឃើញ​អំពើ​ល្មើស​ច្បាប់​នេសាទ​នេះ​ទេ។ លោក​ចោទ​ថា ទំនង​ជា​បាន​ទទួល​សំណូក​ពី​ជនជាតិ​វៀតណាម នោះ​ហើយ។ លោក​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំពៅពូន បាន​ប្រមូល​គ្នា​ចុះ​ចាប់​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ឈ្មោះ​សៃយឺន នោះ បាន​ច្រើន​រយ​ម៉ែត្រ ប៉ុន្តែ​ប្រឈម​នឹង​ការ​គំរាម​ពី​អ្នក​កាន់​អាវុធ​កាង​ឲ្យ​ឈ្មួញ​វៀតណាម៖ «គឺ​នៅ​តែ​ភូមិ​ព្រែកសឹង្ហ ហ្នឹង គឺ​សៃយឺន ហ្នឹង ដាក់​តាំង​ពី​ចុង​ព្រែក រហូត​មក​ដល់​ដើម​ភូមិ ហើយ​ចម្ងាយ​តាំង​ពី​ចុង​ព្រែក​មក វា​រាប់​គីឡូ​ប្រហែល​ជា ៤ ទៅ ៥​គីឡូម៉ែត្រ។ អីចឹង គឺ​អត់​អាច​មាន​ត្រី​ណា​មួយ​ដែល​ថា​នៅ​សល់ តាំង​ពី​កូន​ត្រី​ទើប​ញាស់​អី ក៏​អស់​រលីង​ដែរ»

ជំទប់​ទី២ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក កៃ ច្រាយ ថ្លែង​ថា អាជ្ញាធរ​បាន​ឃើញ និង​បាន​ទទួល​ពាក្យ​បណ្ដឹង​បទ​ល្មើស​នេសាទ​នោះ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​សំពៅពូន មិន​មាន​សមត្ថភាព​ចុះ​បង្ក្រាប​អំពើ​ល្មើស​ច្បាប់​នេសាទ​នេះ​ទេ៖ «អា​ហ្នឹង​តាម​ការ​ពិត​ជនជាតិ​ខ្មែរ អ្នក​នៅ​ពី​ក្រោយ​ខ្នង ព្រោះ​អា​ហ្នឹង​ជនជាតិ​យួន វា​មក​ដាក់​សៃយឺន នៅ​កន្លែង​ហ្នឹង»

ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក ឲ្យ​ដឹង​ថា ផល​ត្រី​នឹង​កើន​នៅ​ឆ្នាំ​២០១៣ ប្រសិន​បើ​ទឹក​ទន្លេ​ឡើង​ខ្លាំង​ជាង​បច្ចុប្បន្ន។ លោក​បន្ត​ថា ក្នុង​ឆ្នាំ​២០១៣ រដ្ឋបាល​ជលផល​ដាំ​កូន​ឈើ ព្រៃ​លិច​ទឹក បាន​ប្រមាណ ៦០​ហិកតារ នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ហើយ​ក៏​មាន​មន្ត្រី និង​អាជ្ញាធរ​ដែន​ដី​កំពុង​ការពារ​ព្រៃ​នោះ កុំ​ឲ្យ​មាន​អ្នក​កាប់​បំផ្លាញ។ ចំពោះ​ដើម​កោងកាង វិញ ដាំ​នៅ​ក្នុង​ទឹក​សមុទ្រ​បាន​ជាង ៣០​ហិកតារ ដាំ​នៅ​ខេត្ត​កំពត និង​ខេត្ត​កោះកុង ដើម្បី​ធ្វើ​ជា​ជម្រក​ដល់​ធនធាន​សមុទ្រ។ លោក​ឲ្យ​ដឹង​ទៀត​ថា ការ​ជួយ​បូម​ខ្សាច់​នៅ​មុខ​កោះពេជ្រ បាន​ជួយ​ឲ្យ​ជម្រៅ​ទឹក​ទន្លេ​មាន​ជម្រៅ​ជ្រៅ ដោយ​បំបាត់​ដី​កក​ពី​មុន ដែល​បាំង​លំហូរ​នៃ​ទឹក​ទន្លេ​ចូល​ទៅ​បឹង​ទន្លេសាប ហើយ​ក៏​ងាយ​ស្រួល​ដល់​បាន​បន្លាស់​ទី​របស់​ត្រី ដែល​បាន​បន្ត​ពូជ​ហែល​ចូល​បឹង​ទន្លេសាប វិញ​កាន់​តែ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។