អាជីវករនៅក្រុងបានលុង ខេត្តរតនគិរី បានចោទប្រកាន់មន្ត្រីក្រុងបានលុង ខេត្តរតនគិរី ថាប្រព្រឹត្តអំពើពុករលួយ ដោយតម្រូវឲ្យម្ចាស់អាជីវករល្បែងកន្ទុយលេខបង់ប្រាក់ប្រចាំខែ ទៅឲ្យចៅហ្វាយក្រុង ដើម្បីបានបើកល្បែងស៊ីសងនេះបន្តទៀត។ ករណីនេះ អភិបាលក្រុងបដិសេធថា រឿងមិនពិត។
ក្រុមអាជីវករលក់ឆ្នោតកន្ទុយលេខអះអាងដូចគ្នាថា បានបង់ប្រាក់ទៅឲ្យមន្ត្រីសាលាក្រុងពី ៥០ដុល្លារ ទៅ ១០០ដុល្លារប្រចាំខែ ដើម្បីបើកលក់កន្ទុយលេខគ្មានច្បាប់អនុញ្ញាត។
អាជីវករមួយរូបសុំមិនបញ្ចេញឈ្មោះ និងសំឡេង រៀបរាប់ថា មន្ត្រីសាលាក្រុងឈ្មោះ កៃ សុវិន កាលពីដើមខែកក្កដា បានមកដល់កន្លែងលក់កន្ទុយលេខនៅផ្សារបានលុង ហើយអញ្ជើញម្ចាស់លក់កន្ទុយលេខគ្រប់កន្លែងទៅសាលាក្រុង ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យបើកលក់បន្តទៀត ក៏ប៉ុន្តែបន្ទាប់មកមន្ត្រីសាលាក្រុងដដែលបានទូរស័ព្ទហៅម្ចាស់លក់ឆ្នោតកន្ទុយលេខគ្រប់គ្នា ឲ្យទៅជួបម្តងទៀត និងទារឲ្យបង់ប្រាក់តិចច្រើនតាមការចរចាគ្នា ក្រោមហេតុផលថានេះជាបញ្ជារបស់អភិបាលក្រុង។ អាជីវករដដែលឲ្យដឹងថា ក្រៅពីអ្នកលក់កន្ទុយលេខខ្នាតធំ អ្នកលក់កន្ទុយលេខសាខាតូចៗ ក៏ត្រូវបានតម្រូវឲ្យបង់ប្រាក់ពី ១០ ទៅ ២០ដុល្លារប្រចាំខែដូចគ្នា។
នៅក្រុងបានលុង យ៉ាងហោចណាស់មានកន្លែងបើកលក់ឆ្នោតកន្ទុយលេខពី ៤ ទៅ ៦កន្លែង និងមានសាខាលក់បន្តតូចៗរាប់សិបនាក់ទៀត។
ឆ្លើយតបការចោទប្រកាន់ មន្ត្រីសាលាក្រុង លោក កៃ សុវិន បដិសេធថាមិនបានប្រមូលលុយអ្វីនោះទេ។ លោកទទួលស្គាល់ថា បានកោះហៅអាជីវករឆ្នោតកន្ទុយលេខមកធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យបើកលក់បន្តទៀត ដើម្បីរួមចំណែកលុបបំបាត់ល្បែងស៊ីសងនៅមូលដ្ឋានតាមការណែនាំរបស់អភិបាលក្រុង៖ «អត់ទេៗ សួរគាត់មើលខ្ញុំហៅគាត់មកធ្វើកិច្ចសន្យាឲ្យបិទអាជីវកម្មហ្នឹងទាំងអស់ ឲ្យគាត់មកមើលឯកសារផ្អាកអាជីវកម្មទាំងកន្លែងបាល់កន្លែងស្អីទាំងអស់ ហៅមកធ្វើហ្នឹងណា!»។
ចំណែកអភិបាលក្រុងបានលុង លោក អ៊ុក សំអុល អះអាងថា លោកមិនបានចាត់មន្ត្រីទៅប្រមូលប្រាក់អ្វីនោះដែរ។ លោកថា សាលាក្រុងមានគោលការណ៍បិទកន្លែងលក់ឆ្នោតកន្ទុយលេខ និងល្បែងស៊ីសងគ្រប់ប្រភេទ។ យ៉ាងណា លោកថានឹងស្រាវជ្រាវករណីប្រមូលប្រាក់នេះ៖ «បើមានពាក្យហ្នឹងដែរអត់ស្អីទេ ចាំមើលខ្ញុំទៅស្រាវជ្រាវមើលវាម៉េចវិញអាហ្នឹង។ គាត់និយាយហ្នឹងអ្នកកន្ទុយលេខហ្នឹង គាត់កំពុងធ្វើអ្វី បើសិនគាត់ធ្វើអ៊ីចឹងមែន គាត់ក៏រួមចំណែកជាមួយគេហ្នឹងដែរ»។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីវិទ្យុអាស៊ីសេរី សុំការបំភ្លឺពីមន្ត្រីសាលាក្រុងមក ក្រុមអាជីវករលក់ឆ្នោតកន្ទុយលេខអះអាងថា មន្ត្រីសាលាក្រុងពីរនាក់បានចុះទៅប្រាប់អ្នកលក់កន្ទុយលេខ ឲ្យបញ្ឈប់សកម្មភាពភ្លាមៗ ដោយសារបែកធ្លាយរឿងនេះដល់វិទ្យុអាស៊ីសេរី។
ស្របពេលជាមួយនោះដែរ កូនស្រីអ្នកលក់កន្ទុយលេខម្នាក់ឈ្មោះ ជា ដាវិន ត្រូវបានមន្ត្រីសាលាក្រុងស្នើសុំសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ នាំខ្លួនមកប៉ុស្តិ៍ប៉ូលិស។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី អំពាវនាវសុំឲ្យអាជ្ញាធរខេត្ត ស៊ើបអង្កេតករណីនេះ។ លោកបញ្ជាក់ថា កន្ទុយលេខជាប្រភេទល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែ ប្រសិនរកឃើញថា មន្ត្រីអាជ្ញាធរពាក់ព័ន្ធទទួលប្រាក់ពីអាជីវករខុសច្បាប់នេះ គឺជាអំពើពុករលួយ៖ «ប្រជាពលរដ្ឋក៏បានរាយការណ៍មកសមាគមអាដហុក ដែរ ប្រសិនមានករណីបង់ជាខែស្អីហ្នឹង សមាគមអាដហុក នឹងធ្វើការស៊ើបបន្ថែមអន្តរាគមន៍ទៅអាជ្ញាធរខេត្ត»។
កាលពីដើមខែកក្កដា អភិបាលក្រុងបានលុង បានចាត់តាំងក្រុមការងារចម្រុះ ចុះផ្សព្វផ្សាយឲ្យអាជីវករម្ចាស់សេវាកម្មទាក់ទិនវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ មកបំពេញបែបបទធ្វើអាជីវកម្មតាមច្បាប់កំណត់។ ក៏ប៉ុន្តែ មន្ត្រីមូលដ្ឋានមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះ ហៅករណីនេះជាល្បិចគោះទឹកបង្អើលត្រី។ មន្ត្រីដដែលបញ្ជាក់ថា កន្លែងបើកលេងល្បែងស៊ីសង និងកន្លែងធ្វើអាជីវកម្មគ្មានច្បាប់នៅតែបន្តមានច្រើនកន្លែង បើទោះបីមន្ត្រីសាលាក្រុងបានផ្សព្វផ្សាយយ៉ាងនេះក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
