បុគ្គលិកស្ថានីយវិទ្យុសំបុកឃ្មុំ នាំគ្នាធ្វើកូដកម្មទាមទារឲ្យអ្នកគ្រប់គ្រង អនុវត្តច្បាប់ការងារ និងបើកប្រាក់ខែសម្រាប់ខែកុម្ភៈ។ ក្រុមបុគ្គលិកប្រមាណ ១០នាក់ ដែលបានឈរលើកបដានៅខាងមុខស្នាក់ការវិទ្យុ បានចោទប្រកាន់ថា ក្នុងពេលធ្វើកូដកម្ម ប្រធានវិទ្យុបានបញ្ឈប់បុគ្គលិក ២នាក់ពីការងារ ដែលផ្ទុយពីអ្វីដែលបានចែងក្នុងច្បាប់ការងារ។
ក្រុមអ្នកតវ៉ា បានសម្រេចដាក់បណ្ដឹងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យជួយដោះស្រាយ ធ្វើយ៉ាងណាឲ្យ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងក្រុមហ៊ុន សូណង់ដូ យល់ព្រមអនុវត្តច្បាប់ការងារ និងបើកប្រាក់ខែកុម្ភៈ ឲ្យបុគ្គលិក ៤នាក់។
បុគ្គលិកដែលតវ៉ាម្នាក់ លោក ធឿន ធា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី១២ ខែមីនា ថា ក្រុមបុគ្គលិកបានស្នើសុំជាច្រើនលើកច្រើនសា ឲ្យប្រធានក្រុមហ៊ុនអនុវត្តច្បាប់ការងារ ដែលធានាឲ្យពួកគេបានឈប់សម្រាក និងទទួលបានអត្ថប្រយោជន៍ដទៃទៀតដូចដែលច្បាប់បានចែង។ លោកថា ប៉ុន្តែសំណើនោះមិនត្រូវ លោក ម៉ម សូណង់ដូ យល់ព្រមឡើយ។ បុគ្គលិកដដែលបន្តថា ចុងក្រោយ លោកបានសម្រេចមិនបើកប្រាក់ខែឲ្យបុគ្គលិកចំនួន ៤នាក់ ដែលជំរុញឲ្យបុគ្គលិកដទៃទៀតនាំគ្នាធ្វើកូដកម្ម។
លោក ធឿន ធា ថ្លែងថា «ពីដើមឡើយមានតែ ៧ចំណុច ដោយសារតែពួកយើងកាលហ្នឹងយើងមិនទាន់ដឹងច្បាប់អីទេ យើងគិតថាកន្លែងស្ថាប័នផ្សេងៗ ឬក្រុមហ៊ុនផ្សេងៗឃើញគេឈប់ ហេតុអីបានជាយើងអត់បានឈប់ ដូចជាថ្ងៃបុណ្យចំរើនព្រះជន្ម (ព្រះមហាក្សត្រ) មាន ៣ថ្ងៃចឹង គាត់ឲ្យឈប់សម្រាកតែ ១ថ្ងៃទេ ចឹងយើងបានរួមមតិគ្នាសុំទៅគាត់ ឲ្យគោរពការងារតែ ៧ចំណុចទេ គឺតិចតួចណាស់ ហើយគាត់មិនព្រមដោះស្រាយឲ្យ»។
នៅពេលពួកគេតវ៉ា ប្រធានវិទ្យុសំបុកឃ្មុំ បានបញ្ឈប់បុគ្គលិក ២នាក់ក្នុងចំណោម ៤នាក់ ដែលមិនបានបើកប្រាក់ខែកុម្ភៈ។ អ្នកទាំងពីរនោះ គឺលោក ធឿន ធា និងលោក ស៊ឹម សារុន។
បុគ្គលិកម្នាក់ទៀត គឺអ្នកស្រី យាន សុវារី មានប្រសាសន៍ថា ការបញ្ឈប់នោះក៏ខុសច្បាប់ទៅទៀត ដ្បិតពួកគេជាបុគ្គលិកវិទ្យុ តែបែរជាបញ្ឈប់ពួកគេក្នុងនាមសមាគមអ្នកប្រជាធិបតេយ្យទៅវិញ។ សុវារី បន្តថា ករណីនេះទុកឲ្យអ្នកជំនាញវិវាទការងារនៃក្រសួងការងារ ដោះស្រាយ៖ «ទុកកិច្ចការហ្នឹងទៅឲ្យអ្នកច្បាប់គេដោះស្រាយឲ្យចុះ ពីព្រោះហេតុផលណាមួយដែលគាត់និយាយ យើងអត់អាចតតាំងជាមួយគាត់ទេ។ គាត់ចង់និយាយយ៉ាងម៉េចនិយាយទៅ។ យើងធ្វើការពីមុនមកអត់ដែលមានច្បាប់ឈប់ទេ ដែលឈប់តាមប្រតិទិនការងារ។ ពួកយើងជាអ្នកធ្វើការវិទ្យុ យើងដឹងដែរថា ដល់ថ្ងៃឈប់យើងមិនមែនឈប់អស់បិទវិទ្យុទេ ប៉ុន្តែនរណាធ្វើការសុំឲ្យគុណលុយឲ្យគេ។ នរណាអាចឈប់បានក៏ឈប់ទៅ។ មួយទៀតទាក់ទងដល់ការឈប់សម្រាកប្រចាំឆ្នាំ ១៨ថ្ងៃ ដែលច្បាប់គេឲ្យឈប់ហ្នឹង គឺពួកយើងមិនដែលបានឈប់ទេ។ ការទាមទាររបស់ពួកយើងហ្នឹង គឺមិនមែនថាដល់ពេលឈប់សម្រាកប្រចាំឆ្នាំ យើងឈប់អស់បិទវិទ្យុទេ គឺយើងអាចរំលែកឈប់ម្តង ៣ថ្ងៃ ៥ថ្ងៃ មួយអាទិត្យអីហូរហែចឹងរហូតដល់ ១ឆ្នាំ យើងគ្រប់ ១៨ថ្ងៃបាត់ហើយ»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា គឺក្រុមបុគ្គលិកទាំងនោះទៅវិញទេដែលបដិសេធមិនព្រមចុះកិច្ចសន្យាតាមច្បាប់ការងារ។ លើសពីនេះ ពួកគេពុំបានអនុវត្តការងារបានត្រឹមត្រូវឡើយ ហើយលោកធ្លាប់ចេញលិខិតព្រមានច្រើនលើកហើយដែរ។ លោក ម៉ម សូណង់ដូ បានហៅការតវ៉ារបស់ក្រុមបុគ្គលិក គឺជាការញុះញង់របស់សហជីពខាងក្រៅ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលចង់បញ្ឈប់ដំណើរការវិទ្យុរបស់លោក៖ «សកម្មភាពហ្នឹង គឺមិនមែនកម្មករចង់ដោះស្រាយបញ្ហាទេ គឺអ្នកដែលមានបំណងអាក្រក់សម្រាប់បំបិទសំឡេងវិទ្យុសំបុកឃ្មុំ តែម្តង»។
នៅក្នុងលិខិតដែលក្រុមបុគ្គលិកដាក់ទៅមន្ទីរការងារ បានទាមទារឲ្យក្រុមហ៊ុនសងប្រាក់ដែលពួកគេធ្វើការនៅថ្ងៃបុណ្យ និងមិនបានឈប់សម្រាកថ្ងៃអាទិត្យ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតទៅតាមច្បាប់ការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
