មន្ត្រី​សុខាភិបាល​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​លម្អៀង​ក្នុង​ការ​ផ្ទេរ​ឈ្មោះ​មន្ត្រី​ពេទ្យ

មន្ត្រី​ពេទ្យ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង អះអាង​ថា មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ភាព​លម្អៀង ក្នុង​ការ​ផ្ទេរ​ឈ្មោះ​មន្ត្រី​ពេទ្យ​ឆ្មប​ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​សុខភាព។ ចំពោះ​គ្រូពេទ្យ​ណា​ក្រីក្រ គ្មាន​ខ្សែ​រយៈ​បក្ស​នោះ នឹង​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​សុខភាព​ដាច់​ស្រយាល។

0:00 / 0:00

គ្រូពេទ្យ​ប្រចាំ​នៅ​មណ្ឌល​សុខភាព​អង្គតាស្រែ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ផ្ទេរ​ឈ្មោះ​ពេទ្យ​ឆ្មប​ចំនួន ៤​រូប ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ក្នុង​នោះ​គ្រូពេទ្យ​ចំនួន ៣​រូប ត្រូវ​បាន​ផ្ទេរ​ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​មណ្ឌល​សុខភាព​អង្គតាស្រែ មណ្ឌល​សុខភាព​ម្រាម និង​មណ្ឌល​សុខភាព​ត្រពាំង​ផ្ដៅ ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ មណ្ឌល​សុខភាព​ទាំង​នោះ ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ពី​ទី​ប្រជុំ​ជន ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ឡើយ។ ដោយ​ឡែក គ្រូពេទ្យ​ម្នាក់​ទៀត​ត្រូវ​បាន​ប្រធាន​មន្ទីរ​ផ្ទេរ​ឈ្មោះ ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​មណ្ឌល​សុខភាព​មួយ​កន្លែង​ក្នុង​ក្រុង​ស្វាយរៀង។

អ្នក​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​អង្គតាស្រែ ម្នាក់ ដែល​ទើប​តែ​បាន​ផ្ទេរ​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង កញ្ញា ចាន់ សាមុត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២ វិច្ឆិកា ថា គ្រូពេទ្យ​ដែល​ពុំ​ត្រូវ​បាន​គេ​ផ្ទេរ​ឈ្មោះ​ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​មណ្ឌល​សុខភាព​ទី​ដាច់​ស្រយាល​នោះ ព្រោះ​គេ​មាន​ខ្សែ​ធំ។ គ្រូពេទ្យ​ដដែល​បន្ត​ថា ខ្លួន​ធ្លាប់​បាន​ទៅ​បកស្រាយ​ពន្យល់ និង​អង្វរ​ប្រធាន​មន្ទីរ​សុខាភិបាល ពី​ផល​លំបាក​ជុំវិញ​បញ្ហា​ការ​ផ្លាស់​ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​ទី​ដាច់​ស្រយាល​នេះ​ដែរ។ ប៉ុន្តែ ប្រធាន​មន្ទីរ​នៅ​តែ​ធ្វើ​ព្រងើយ ពុំ​ព្រម​ស្ដាប់​ហេតុផល​ការ​បកស្រាយ​ពន្យល់​នោះ​ឡើយ។

កញ្ញា ចាន់ សាមុត៖ «ចេះ​តែ​ទទូច​ឲ្យ​ចង់​ទៅ​ហ្នឹង​ហើយ ដល់​ពេល​ខ្ញុំ​វែក​ញែក​ច្រើន​អ៊ីចឹង​ថា ហេតុ​អី​បាន​ជា​មាន​អ្នក​ថ្មី​អី​ចូល​អ៊ីចឹង ហើយ​ខ្ញុំ​នៅ​ច្រើន​ខែ​ច្រើន​ឆ្នាំ​ហើយ ម៉េច​ក៏​ខ្ញុំ​មិន​បាន​ចូល​កន្លែង​ឆ្មប​ហ្នឹង។ តាម​ពិត ខ្ញុំ​ធ្វើ​ការ​ហ្នឹង​គេ​ឲ្យ​នៅ​កន្លែង​ទូទៅ​ផង កន្លែង​សង្គ្រោះ​បន្ទាន់​ផង ខ្ញុំ​មាន​បាន​ចូល​កន្លែង​ឆ្មប​ទេ។ ដល់​ពេល​អ៊ីចឹង គាត់​ចេះ​តែ​ថា​គេ​មាន​ចំណា​ពី​អ្នក​ធំៗ​អ៊ីចឹង គេ​ចេះ​តែ​ចូល​បាន​ហើយ។ ពួក​អា​ឯង​គ្មាន​ខ្សែ​អ៊ីចឹង អា​ឯង​ទៅ​នៅ​ស្រុក​ទៅ។ គាត់​និយាយ​អ៊ីចឹង​ឲ្យ​ខ្ញុំ អូយ !ខ្ញុំ​ធ្លាក់​ថ្លើម​ហ្មង​ឮ​គាត់​និយាយ​អ៊ីចឹង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង លោក កែ រដ្ឋា មាន​ប្រសាសន៍​ថា ការ​ផ្ទេរ​មន្ត្រី​ពេទ្យ​ឆ្មប​ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​មណ្ឌល​សុខភាព​តាម​ស្រុក ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ការ​ថែទាំ​សុខុមាលភាព​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ហើយ​បាន​អនុវត្ត​ការងារ​នេះ ធ្វើ​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​ពុំ​បាន​ប្រកាន់​ខ្សែ​រយៈ​បក្ខពួក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក កែ រដ្ឋា៖ «ខ្ញុំ​ក្នុង​នាម​ជា​មន្ទីរ​សុខាភិបាល​បុគ្គលិក​ទាំងអស់ សុទ្ធតែ​ជា​កូន​ជា​ចៅ​ទាំងអស់។ ប៉ុន្តែ​ធម្មតា វា​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ធ្វើ​ម៉េច​ឲ្យ​បាន​ថា​មាន​ឆ្មប​ទៅ​ជួយ​នៅ​កន្លែង​មណ្ឌល​សុខភាព ដែល​ឆ្ងាយៗ ដែល​ទទួល​ដូច​ការ​ហានិភ័យ​ខ្ពស់។ ព្រោះ​បើ​យើង​មិន​មាន​ឆ្មប​ហ្នឹង​ទេ គឺ​ថា​ប្រជាពលរដ្ឋ​គាត់​ទទួល​ហានិភ័យ គ្រោះថ្នាក់​ក្នុង​ការ​បង្កើត​កូន»

ប្រតិកម្ម​របស់​មន្ត្រី​ពេទ្យ​ឆ្មប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​ប្រកាស​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ចុះ​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៣ តម្រូវ​ឲ្យ​មន្ត្រី​ពេទ្យ​ឆ្មប​ទាំង ៤​រូប ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​មណ្ឌល​សុខភាព​ស្រុក​រមាសហែក និង​មណ្ឌល​សុខភាព​ក្នុង​ក្រុង​ស្វាយរៀង។ ក្រុម​គ្រូពេទ្យ​ទទូច​សុំ​ឲ្យ​ក្រសួង​សុខាភិបាល និង​មន្ត្រី​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​ផ្ទេរ​ឈ្មោះ​នេះ ជួយ​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​វិល​ត្រឡប់​មក​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ដូច​ដើម​វិញ។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​ទី​៧ ចែង​ថា អ្នក​រាជការ​ក្របខ័ណ្ឌ អាច​ដាក់​ឲ្យ​ទៅ​បម្រើ​ការ ឬ​បំពេញ​មុខងារ​ក្រៅ​ពី​ក្របខ័ណ្ឌ​ដើម​របស់​ខ្លួន​បាន ក្នុង​ករណី​ចាំបាច់ និង​មាន​ការ​យល់ព្រម​ពី​សាមី​ខ្លួន។ អ្នក​រាជការ​ក្របខ័ណ្ឌ មាន​សិទ្ធិ​សុំ​ផ្លាស់​កន្លែង​ធ្វើ​ការ​ទៅ​តាម​ប្ដី ឬ​ប្រពន្ធ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។