ពលរដ្ឋ​សហគមន៍​បឹង​ឈូក​ខ្វះ​ទី​ជម្រក​និង​ប្រឈម​ជំងឺ​ផ្សេងៗ​បន្ទាប់​ពី​ភ្លើង​ឆេះ​ផ្ទះ

ដោយ សេក បណ្ឌិត
2014.12.27
សហគមន៍​បឹង​ឈូក ៦២០ ប្រជាពលរដ្ឋ​សហគមន៍​បឹង​ឈូក ប្រក់​តង់​ជ្រក​បណ្ដោះ​អាសន្ន​បន្ទាប់​ពី​អគ្គីភ័យ​ឆេះ​ផ្ទះ​អស់​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។ រូបថត​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤
RFA/Sek Bandith

អគ្គីភ័យ​បាន​នាំ​មក​នូវ​ទុក្ខ​មួយ​ត្រួត​ទៀត សម្រាប់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹង​ឈូក ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បន្ថែម​ពី​ពីលើ​គម្រោង​បណ្ដេញ​ចេញ​ពី​លំនៅឋាន​កំពុង​រស់នៅ។ បច្ចុប្បន្ន ពួក​គាត់​កំពុង​ខ្វះ​ថវិកា​សង់​ផ្ទះ​រស់នៅ​ឡើង​វិញ និង​កំពុង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ចំពោះ​ចាស់​ជរា និង​ក្មេងៗ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ បាន​ហៅ​អគ្គីភ័យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ ធ្នូ ថា​ជា​ទ្វេ​គ្រោះ​របស់​ពួក​គាត់ ខណៈ​ដែល​ពួក​គាត់​កំពុង​តែ​រស់​ពាំ​ទុក្ខ​ព្រួយ ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​នោះ។

តំណាង​សហគមន៍​បឹង​ឈូក លោកស្រី ខៀវ ចិន្តា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ថា ពលរដ្ឋ​ទើប​នឹង​មាន​លទ្ធភាព​ដំឡើង​គ្រោង​ឆ្អឹង​ផ្ទះ​បាន​ប្រមាណ ៨​ខ្នង​ផ្ទះ​ប៉ុណ្ណោះ ក្នុង​ចំណោម​ផ្ទះ​ដែល​ឆេះ​ជាង ៣០​ខ្នង។ ពួក​គាត់​ភាគ​ច្រើន​ពុំ​មាន​លទ្ធភាព​ទាល់​តែ​សោះ ក្នុង​ការ​ស្វែងរក​ថវិកា​សង់​ផ្ទះ​ឡើង​វិញ៖ «អ្នក​ដែល​នៅ​សល់​ថវិកា​បន្តិចបន្តួច អាច​ទិញ​ជា​កូន​ឈើ​យក​មក​សាងសង់ ខ្លះ​អត់​មាន​លទ្ធភាព​នៅ​ជ្រក​ក្រោម​ដំបូល​តង់​នៅ​ឡើយ»

លោកស្រី​បន្ត​ថា ក្រោយ​ភ្លើង​ឆេះ​មាន​ការ​ប្រឈម​ផ្សេង​ទៀត គឺ​បញ្ហា​សុខភាព មនុស្ស​ចាស់ និង​ក្មេងៗ​ដែល​រស់នៅ​ហាល​ភ្លៀង​ខ្យល់​ក្រោម​ដំបូល​តង់ ត្រូវ​កម្ទេច​ផេះ​ហុយ​លើ​រាល់​ថ្ងៃ​បណ្ដាល​ឲ្យ​មាន​ជំងឺ​រាករូស ផ្ដាសាយ គ្រុន​ក្តៅ ជាដើម៖ «អ៊ីចឹង​ផេះ​ហ្នឹង​វា​ហុយ​ឡើង​ជះ​មក​ប្រឡាក់​ពេញ​មុខ​ពេញ​មាត់ ហើយ​ភ្លៀង​ទៀត​ជួន​ពេល​ខ្លះ​កំពុង​តែ​ហូប​បាយ​ភ្លៀង​ខ្យល់​ហូរ​ជះ​ចូល​ពេញ​ចាន​បាយ លំបាក​មែន​ទែន»

អ្នក​ភូមិ​ដែល​មិន​មាន​លទ្ធភាព​សាងសង់​ផ្ទះ​ឡើង​វិញ​បាន​ភ្លាម ក៏​កំពុង​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​ប្ដូរ​ចិត្ត​មិន​ឲ្យ​សាងសង់​នៅ​ពេល​ក្រោយ ព្រោះ​សហគមន៍​កំពុង​មាន​រឿង​ចម្រូងចម្រាស​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ឯកជន ដែល​ធ្លាប់​ដាក់​ផែនការ​បណ្ដេញ​ពួក​គាត់​ចេញ​ច្រើន​លើក​មក​ហើយ តាំង​ពី​មុន​មិន​ទាន់​មាន​ភ្លើង​ឆេះ​មក៖ «គឺ​ពួក​ខ្ញុំ​ព្យាយាម​ទប់ស្កាត់ ខ្លាច​គេ​ដាក់​កម្លាំង​មក​រារាំង​ពួក​ខ្ញុំ​មិន​ឲ្យ​ចូល​ដី​នោះ»

ជន​រងគ្រោះ​អគ្គីភ័យ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ពួក​គាត់​រស់​បាន​ដោយសារ​តែ​អំណោយ​ពី​សប្បុរសជន និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​អំណោយ​នោះ​សង្គ្រោះ​បាន​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។

ស្ត្រី​អ្នក​ភូមិ​ម្នាក់ អំពាវនាវ​ទាំង​ទឹក​ភ្នែក​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល និង​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ សូម​ជួយ​រំដោះ​ទុក្ខ​ពួក​គាត់​ដែល​កំពុង​ជួប​ការ​លំបាក​នេះ​ផង៖ «ពួក​ខ្ញុំ​គ្មាន​អ្វី​នឹង​ថ្លែង​ទេ មាន​តែ​ម្រាម​ដៃ​ដប់​សូម​ជួយ​ផង ពួក​ខ្ញុំ​ខ្វះ​តាំង​ពី​ឈើ​ធ្វើ​លំនៅឋាន​ស័ង្កសី ស្បៀង​អាហារ កូន​សិស្ស​អត់​បាន​ទៅ​សាលា​ទេ ដោយសារ​សម្ភារៈ​សិក្សា​ត្រូវ​ឆេះ​អស់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ធុយ សុខន មាន​ប្រសាសន៍​ថា នៅ​ពេល​ហេតុការណ៍​កើត​ឡើង​ភ្លាមៗ អាជ្ញាធរ​លោក​បាន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​ប្រើប្រាស់ និង​ស្បៀង​អាហារ​ខ្លះៗ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរ​ពិត​ជា​ពិបាក​សម្រេច​ថា នឹង​គាំទ្រ​ឲ្យ​សាងសង់​ទីលំនៅ​នោះ​ឡើង​វិញ ព្រោះ​លោក​អះអាង​ថា ពលរដ្ឋ​ទាំង​នោះ​កំពុង​រស់នៅ​លើ​ដី​មាន​ម្ចាស់ ហើយ​មួយ​ចំណែក​ទៀត​សាងសង់​នៅ​លើ​ផ្លូវ​សាធារណៈ៖ «ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ខ្ញុំ​កំពុង​តែ​សិក្សា​បន្ថែម​ទៀត​ថា គួរ​ត្រូវ​ធ្វើ​យ៉ាង​ណា និង​ពិភាក្សា​សុំ​យោបល់​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ចំណាត់​ការ​ចំពោះ​បង​ប្អូន​យ៉ាង​ណា​ទៀត​នោះ»

ចំណែក​ក្រុម​អ្នក​ភូមិ​វិញ​អះអាង​ថា ពួក​គាត់​បាន​មក​រស់នៅ​ទីនេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨០ មក​ជា​បន្តបន្ទាប់ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋ​អំណាច​មូលដ្ឋាន​ត្រឹមត្រូវ ហើយ​កាល​នោះ​ពុំ​ដែល​មាន​អាជ្ញាធរ​មក​ប្រាប់​ថា​យ៉ាង​ណា ឬ​មាន​ម្ចាស់​ដី​ណា​មក​អះអាង​ថា​ជា​ដី​មាន​ម្ចាស់​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​ស៊ើប​អង្កេត​សិទ្ធិ​ដីធ្លី នៃ​សមាគម​អាដហុក (adhoc) លោក យី សុខសាន្ត ដែល​បាន​នាំ​យក​អង្ករ​ទម្ងន់ ៥០០​គីឡូក្រាម​ទៅ​ឧបត្ថម្ភ​អ្នក​បឹង​ឈូក កាល​ពី​ថ្ងៃ​ទី​២៤ ធ្នូ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល និង​វិនិយោគិន គួរ​តែ​ជួយ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ​ឲ្យ​បាន​រស់នៅ​សមរម្យ​ក្នុង​តម្លៃ​ជា​មនុស្ស៖ «ប្រជាពលរដ្ឋ​ក៏​ចង់​មាន​ចង់​បាន​ការ​អភិវឌ្ឍ​ដែរ បើ​រដ្ឋាភិបាល​ចាត់​ទុក​ថា​ពួក​គាត់​រស់នៅ​ក្រោម​ដំបូល​រដ្ឋាភិបាល​ដូច​គ្នា គួរ​តែ​ជួយ​ពួក​គាត់​ឲ្យ​មាន​ផ្ទះ​សម្បែង​រស់នៅ​សមរម្យ ទើប​ជា​ប្រទេស​អច្ឆរិយ»

លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​មួយ​ត្រូវ​តែ​ផ្ដល់​អាទិភាព​ជា​ចម្បង ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ។

ប្រជា​សហគមន៍​បឹង​ឈូក ធ្លាប់​បាន​រង​នូវ​ការ​បណ្ដេញ​ចេញ​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​យក​ទីតាំង​អភិវឌ្ឍ​ជា​ទីក្រុង​រណប។ ជា​អកុសល​មួយ​ជាន់​ទៀត សហគមន៍​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២០ ធ្នូ ផ្ទះ​ពលរដ្ឋ​ជាង ៣០​ខ្នង ឬ​ស្មើ​នឹង​ជាង ៥០​គ្រួសារ ត្រូវ​បាន​ភ្លើង​ឆេះ​ទាំង​ស្រុង។

ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា ករណី​នេះ​អាច​មាន​មនុស្ស​លួច​ដុត បន្ទាប់​ពី​អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​លំនៅឋាន​កំពុង​កាន់​កាប់​បច្ចុប្បន្ន។

វិវាទ​ដីធ្លី​នៅ​សហគមន៍​បឹង​ឈូក ចាប់​ផ្ដើម​កាល​ពី​ដើម​ឆ្នាំ​២០០៩ ដែល​កាល​នោះ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ តម្រូវ​ឲ្យ​អ្នក​ភូមិ​ក្រីក្រ​រុះរើ​ផ្ទះ​ចេញ​ដោយ​គ្មាន​សំណង ដោយ​ចោទ​ថា ពួក​គាត់​ចូល​រំលោភ​កាន់​កាប់​លើ​ដី​កម្មសិទ្ធិ​ឯកជន​ដែល​មាន​ម្ចាស់​ឈ្មោះ ទៀ ធឿន ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​មិន​ធ្លាប់​ស្គាល់​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។