រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រេសិតផ្នែកពាណិជ្ជកម្មនៃចក្រភពអង់គ្លេស រួមទាំងក្រុមពាណិជ្ជករ និងដៃគូផ្សេងទៀត កាលពីថ្ងៃទី២៨ ខែតុលា រិះរកយុទ្ធសាស្ត្រធ្វើយ៉ាងណា លើកតម្លៃនៃម៉ាកយីហោស្រូវអង្ករកម្ពុជា ដើម្បីជំរុញការនាំចេញទៅក្នុងទីផ្សារអន្តរជាតិ។ ជាលទ្ធផល កិច្ចពិភាក្សានេះបានរកឃើញនូវដំណោះស្រាយ និងអនុសាសន៍មួយចំនួន ពីសារសំខាន់នៃការកំណត់ម៉ាកយីហោស្រូវអង្ករ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្លែងថា ម៉ាកយីហោមានសារសំខាន់សម្រាប់ការនាំចេញ ដោយលោកថា នៅពេលផលិតផលមានម៉ាកត្រឹមត្រូវ ធ្វើឲ្យផលិតផលអាចលក់បានថ្លៃលើទីផ្សារ។ លោកថា ការកំណត់ឈ្មោះផលិតផល គួរជាជំហានទីមួយដើម្បីដាក់ម៉ាកផលិតផល សម្រាប់ជំរុញការនាំចេញ ស្របពេលដែលការវេចខ្ចប់ និងការរចនាសម្បកកញ្ចប់ ក៏ដើរតួនាទីសំខាន់សម្រាប់ការលើកតម្កើងម៉ាកយីហោ។
ចំពោះផលិតផលអង្ករ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា អង្ករកម្ពុជា មានច្រើនប្រភេទ ដែលតម្រូវឲ្យធ្វើការជ្រើសរើសប្រភេទអង្ករណាមួយសិន ដើម្បីធ្វើការផ្សព្វផ្សាយម៉ាកយីហោ ដូចជា ថាតើគួរប្រើប្រាស់ម៉ាកអង្ករផ្កាម្លិះ ឬក៏ Jasmine Rice។ យ៉ាងណាក៏ដោយ លោកស្នើថា កម្ពុជា គួរផ្សព្វផ្សាយពីម៉ាកអង្ករដែលទទួលបានពានរង្វាន់។
អង្ករផ្កាម្លិះរបស់កម្ពុជា ទទួលបានពានរង្វាន់ផ្នែកអង្ករល្អផ្ដាច់គេលើពិភពលោក បីឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។
ប្រេសិតផ្នែកពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា លោក ឡ ពុតណាំ (Lord Puttnum) ស្នើឡើងថា អង្ករដែលត្រូវនាំចេញទៅក្រៅប្រទេស គួរមានលើកទឹកចិត្តពីក្រសួងពាណិជ្ជកម្ម។ លោកថា ក្រសួង គួរចារពាក្យសម្គាល់ទទួលស្គាល់គុណភាពនៅលើកញ្ចប់អង្ករ ដើម្បីបង្កើនការទុកចិត្តពីអតិថិជន។
ស្រដៀងគ្នានេះដែរ លោក ស៊ុន ចាន់ថុល ស្នើដល់ក្រុមអ្នកនាំចេញអង្ករ ឲ្យធានាថា អង្ករដែលយកទៅផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិ ជាផលិតផលមានគុណភាពសុទ្ធ។ លោកបញ្ជាក់ថា ពាណិជ្ជករគួរចៀសវាងការយកអង្ករប្រទេសជិតខាង មកលាយជាមួយអង្ករក្នុងស្រុក ហើយដាក់ម៉ាកយីហោថា ជាអង្ករកម្ពុជា។ បើតាម លោក ចាន់ថុល ការធ្វើបែបនេះ នឹងធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តលើផលិតផលកម្ពុជា។
លោក ស៊ុន ចាន់ថុល ក៏បានច្រានចោលព័ត៌មានពីវត្តមានអង្ករប្លាស្ទិកនៅកម្ពុជា។ លោកបញ្ជាក់ថា គ្មានទេអង្ករប្លាស្ទិកនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ លោក ស៊ុន ចាន់ថុល បង្ហាញថា កង្វះរោងម៉ាស៊ីនកិនស្រូវ អគ្គិសនី និងការដឹកជញ្ជូនមានតម្លៃថ្លៃ និងខ្វះខាតឃ្លាំងស្តុកស្រូវអង្ករ ជាឧបសគ្គដែលរារាំងកម្ពុជា មិនអាចនាំចេញអង្ករបានតាមផែនការ៖ «ភ្លើង សម្ដេច (ហ៊ុន សែន) បានខិតខំប្រឹងប្រែងធ្វើម៉េចឲ្យចុះជាបន្តបន្ទាប់ មិនអាចចុះទម្លាក់ម្ដងបានទេ ហើយខាង Logistic (ដឹកជញ្ជូន) ក៏យើងខិតខំប្រឹងប្រែងជាមួយក្រុមការងារយើង ដើម្បីពិនិត្យគ្រប់ជ្រុង ដើម្បីបញ្ចុះតម្លៃផងដែរ»។
អ្នកសេដ្ឋកិច្ច និងអ្នកជំនាញផ្នែកកសិកម្ម គាំទ្រការលើកតម្កើងម៉ាកយីហោស្រូវអង្ករកម្ពុជា ដើម្បីជំរុញការនាំចេញ។ ក៏ប៉ុន្តែ ពួកគាត់ស្នើឲ្យមានយុទ្ធសាស្ត្របន្ថែមទៀត។
ប្រធានវិទ្យាស្ថានកម្ពុជា ដើម្បីសិក្សាការអភិវឌ្ឍ លោក កង ច័ន្ទតារារ័ត្ន គូសបញ្ជាក់ថា រដ្ឋាភិបាលគួរពង្រឹងការផលិតស្រូវដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារ។ លោកថា នៅកម្ពុជា កសិករពិបាកនឹងរកពូជស្រូវសុទ្ធដែលមានគុណភាព ដើម្បីដាំដុះ៖ «នៅក្នុងភូមិមួយ យើងមិនដឹងថាមានពូជស្រូវប៉ុន្មាន សូម្បីតែយើងជួបមេភូមិ ជួបកសិករខ្លួនឯងក៏ដោយ ក៏គាត់ចេះតែថា ពូជនេះពូជនោះ តែធាតុពិត ពូជក្លាយរាប់ឆ្នាំរួចមកហើយ»។
បន្ថែមពីលើនេះ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ឲ្យដឹងថា គួរមានការវាយតម្លៃលើការកំណត់ថ្លៃលក់ ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង ហើយត្រូវរកចំណុចពិសេសដាច់ដោយឡែក ដើម្បីសម្គាល់ភាពខុសគ្នារវាងអង្ករកម្ពុជា និងអង្ករប្រទេសផ្សេងទៀត៖ «ពូជអីហ្នឹង។ ឧទាហរណ៍ យើងត្រូវមានពូជពិសេសសម្រាប់អង្ករកម្ពុជា។ ខាងខ្ញុំ (សេដាក) ជំរុញស្រូវអង្ករកម្ពុជា ផ្នែកសរីរាង្គ។ ចឹងគេយល់ឃើញថា អង្ករសរីរាង្គមកពីកម្ពុជា ល្អ»។
ផែនការដែលរដ្ឋាភិបាលបានដាក់ចេញ គឺនាំចេញអង្ករទៅបរទេសចំនួន ១លានតោនក្នុងមួយឆ្នាំ ក៏ប៉ុន្តែបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល ៩ខែដើមឆ្នាំ២០១៥ ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួនជិត ៣៧ម៉ឺនតោន (៣៦៩.១០៥តោន) ដែលកើនឡើងជាង ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
