អតីត​កម្មករ​ឡ​ឥដ្ឋ​ចាក់អង្រែលើ​ចោទ​តំណាង​ខ្លួន​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​កម្មករ

0:00 / 0:00

នៅ​ថ្ងៃ​ទី១១ មេសា អតីត​កម្មករ​ឡ​ឥដ្ឋ​ចំនួន ៤​គ្រួសារ ក្នុង​ចំណោម ១៩៤​គ្រួសារ នៅ​សង្កាត់​ចាក់អង្រែលើ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ទាមទារ​សំណង​ប្រាក់​គោល​នយោបាយ​ពី​រដ្ឋាភិបាល​ចំនួន ១​លាន​រៀល ក្នុង​មួយ​គ្រួសារ ដែល​ជា​សំណង​ក្រោយ​ពី​រដ្ឋ​យក​អតីត​ឡ​ឥដ្ឋ​ទី១ នេះ ដើម្បី​ធ្វើ​ផ្លូវ​ថ្នល់។

ការ​តវ៉ា​របស់​អតីត​កម្មករ​ឡ​ឥដ្ឋ​ទាំង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ពួក​គេ​រក​ឃើញ​ថា តំណាង​កម្មករ​បាន​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​កម្មករ​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​ឡើង​មក​តវ៉ា​នេះ​បន្ថែម​ទៀត។ ប៉ុន្តែ តំណាង​កម្មករ​ឡ​ឥដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់ អះអាង​ថា គឺ​ជា​ក្រុម​ដែល​ស្ថិត​នៅ​ក្រៅ​បញ្ជី។

កម្មករ​ឡ​ឥដ្ឋ​ចំនួន ៤​គ្រួសារ ដែល​ទាមទារ​គោល​នយោបាយ អះអាង​ថា ការ​ពិត​តំណាង​កម្មករ​ដែល​បាន​យក​សំណុំ​បែបបទ ស្នើសុំ​គោល​នយោបាយ​ពី​រដ្ឋាភិបាល ដើម្បី​ផ្ដល់​ប្រាក់​សំណង ១​លាន​រៀល​នេះ គឺ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​តម្លាភាព និង​មាន​អំពើ​ពុក​រលួយ។

លោក ម៉ាក់ ជួប ដែល​អះអាង​ថា​ជា​តំណាង​អតីត​កម្មករ​ឡ​ឥដ្ឋ នៅ​ចាក់អង្រែលើ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១១ មេសា ថា អ្វី​ដែល​ក្រុម​កម្មករ​ចំនួន ៤​គ្រួសារ ដែល​មាន​សមាជិក​ប្រមាណ ១០​នាក់ ឡើង​មក​តវ៉ា​នេះ គឺ​ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​គោល​នយោបាយ តែ​បែរ​ជា​មិន​បាន​ទៅ​វិញ។ លោក​ចាត់​ទុក​ថា លោក សួន សុម៉ាលី ដែល​ដើរ​តួនាទី​ជា​តំណាង​កម្មករ បាន​យក​ញាតិ​ដាក់​នៅ​ក្រសួង ដោយ​ពុំ​បាន​រាប់​បញ្ចូល​ពួក​គាត់​ដែល​ជា​អតីត​កម្មករ​ពិត​ប្រាកដ តែ​បែរ​ជា​យក​ឈ្មោះ​អ្នក​ដទៃ​មក​ជំនួស​វិញ៖ «គោល​បំណង​ដែលៗ​ខ្ញុំ​ទាមទារ​ហ្នឹង គឺ​ខ្ញុំ​សុំ​ទាមទារ​ឲ្យ​ខាង​បង​ជួយ​ចាក់​ផ្សាយ ហើយ​សុំ​ឲ្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​ពិនិត្យ និង​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ដែល​ជា​កម្មករ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី១១ មេសា ជុំវិញ​បញ្ហា​នេះ។

ក៏ប៉ុន្តែ លោក សួន សុម៉ាលី ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​កម្មករ​ឡ​ឥដ្ឋ ដែល​ថា​បាន​ធ្វើ​ឲ្យ​បាត់​ឈ្មោះ​របស់​ពួក​គេ ចាត់​ទុក​អ្នក​ដែល​តវ៉ា​ទាមទារ​គោល​នយោបាយ​ថា គឺ​ជា​អ្នក​ដែល​ប្រកាន់​ជំហរ​មិន​ទទួល​យក​គោលការណ៍​ប្រាក់​សំណង​ចំនួន ១​លាន​រៀល​ទេ។ លោក​បន្ត​ថា ហេតុ​នេះ​ទើប​លោក​សម្រេច​ជ្រើស​រើស​យក​អ្នក​ដែល​ស្ម័គ្រចិត្ត​ចំនួន ១៩៤​គ្រួសារ៖ «រឿង​ហ្នឹង ពេល​ដែល​ខ្ញុំ​ហៅ​មក​ផ្ដិត​មេដៃ​អាដែង​ចុង​ក្រោយ ដែល​ឡើង​មក​ក្រសួង​នេះ​ទាំងអស់​នេះ អត់​ឃើញ​មក​ផ្ដិត។ ដូច្នេះ​អា​ណែ​ផ្ដិត​មេដៃ​មក​ក្រសួង​ហ្នឹង ឈ្មោះ​គេ​យក​ពិត​ប្រាកដ ហើយ​អ្នក​មិន​បាន​មក គឺ​អត់​ហើយ»

អតីត​រោងចក្រ​ឡ​ឥដ្ឋ​ទី១ ត្រូវ​បាន​រដ្ឋ​រឹបអូស​មក​គ្រប់គ្រង ក្រោយ​ពី​រោងចក្រ​មួយ​នេះ​ត្រូវ​បិទ​ទ្វារ​មិន​ដំណើរ​ការ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣។ ក្រោយ​ពី​ត្រូវ​បិទ​ទ្វារ និង​ពុំ​មាន​សំណង​ប្រាក់​អតីតភាព​ការងារ កម្មករ ១៩៤​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្តបន្ទាប់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ នៅ​ទីបំផុត រដ្ឋាភិបាល បាន​សម្រេច​ផ្ដល់​គោល​នយោបាយ​ចំនួន ១​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ប្រើប្រាស់​ទីតាំង​នោះ ដើម្បី​ធ្វើ​ផ្លូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។