ក្រសួងកសិកម្មជូនដំណឹងដល់សាធារណជន ពីរដូវត្រីត្រូវដើម្បីធ្វើប្រហុក ផ្អាក ត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ។
លិខិតរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៤ ធ្នូ ថា រដូវត្រីត្រូវ ក្នុងរដូវនេសាទឆ្នាំ២០១៥-២០១៦ នៅតាមដងទន្លេសាប ដែលអាចរកត្រីបានច្រើន គឺចាប់ផ្ដើមពី១៥ ដល់ថ្ងៃទី២៤ ខែធ្នូ បើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
លិខិតដដែលនេះក៏អំពាវដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយបង្កភាពងាយស្រួលដល់ការស្នាក់នៅ ធ្វើដំណើរ និងដឹកជញ្ជូនផលិតផលត្រីរបស់ពលរដ្ឋ កុំឲ្យមានការរាំងស្ទះ។
យ៉ាងណាក៏ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ធ្វើការលើវិស័យជលផល និងអ្នកប្រកបមុខរបរនេសាទបានអះអាងថា ទិន្នផលត្រីសម្រាប់ធ្វើប្រហុក ឬផ្អកនៅឆ្នាំនេះ អាចមានការថយចុះច្រើន ព្រោះប្រជានេសាទដែលធ្លាប់ចាប់ត្រីបានចន្លោះពី១៥ ទៅ២០គីឡូក្រាមក្នុងថ្ងៃ ធ្លាក់ចុះមកចន្លោះពី៥ ទៅ៨គីឡូក្រាមតែប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលនៃថ្ងៃត្រីត្រូវដូចគ្នានោះ។
នៅថ្ងៃទី១៤ ខែធ្នូនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏ចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីសីតុណ្ហភាពចុះត្រជាក់ កម្រិតអប្បរិមា១៧អង្សាសេ និងអតិបរមា២៧អង្សាសេ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ដោយសារកម្ពុជារងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន។
ខេត្តដែលរងឥទ្ធិពលអាកាសធាតុត្រជាក់នេះ មានដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប រតនគិរី និងខេត្តមណ្ឌលគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
