វេទិកាសេដ្ឋកិច្ចអ៊ីស្លាមពិភពលោកលើកទី១១ (WIEF) ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី៣ ខែតុលា។ មេដឹកនាំរដ្ឋកំពូលៗ ពាណិជ្ជករ និងសហគ្រិនជាង ៣ពាន់នាក់មកពីរដ្ឋអ៊ីស្លាម និងមិនមែនអ៊ីស្លាមពីប្រទេសចំនួន៩៨ ក្នុងទ្វីបចំនួន៥ ផ្សេងៗគ្នា ជួបពិភាក្សានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (Malaysia) ដើម្បីរកដំណោះស្រាយ និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ (Equitable Growth)។
វេទិកាសេដ្ឋកិច្ចអ៊ីស្លាមពិភពលោក ផ្ដោតជាសំខាន់ទៅលើការស្វែងរកយុទ្ធសាស្ត្រ ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យសហគ្រាសខ្នាតតូច និងមធ្យម ឬ SME ទាំងនៅក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក ដើម្បីធានាការអភិវឌ្ឍប្រកបដោយសមធម៌ និងនិរន្តរភាព។
ប្រធាននៃមូលនិធិវេទិកាសេដ្ឋកិច្ចអ៊ីស្លាមពិភពលោក លោក តួន មូសា ហីតាម (Tun Musa Hitam) ថ្លែងថា ការពង្រឹងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ស្របពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងមកដល់នៅចុងឆ្នាំ២០១៥ នេះ នឹងជួយឲ្យអាស៊ានសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។
លោកបន្តថា វិស័យសហគ្រាសខ្នាតតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន ដែលតំណាងឲ្យ ៣០ ទៅ ៥៣ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) របស់អាស៊ាន។
នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក (Najib Razak) យល់ស្របនឹងការលើកឡើងរបស់ប្រធានមូលនិធិវេទិកាសេដ្ឋកិច្ចអ៊ីស្លាមពិភពលោក។ លោកថា វិស័យសហគ្រាសខ្នាតតូច និងមធ្យម នៅឆ្នាំ២០២០ នឹងនាំទឹកប្រាក់ជិត ៥ពាន់លានដុល្លារ (៤,៧ពាន់លាន) មកឲ្យអាស៊ានដែលមានការកើនឡើង ១០ដង បើធៀបទៅនឹងរយៈពេល ១០ឆ្នាំមុន។
យ៉ាងណាក៏ដោយ លោក មូសា ហីតាម នៃមូលនិធិវេទិកាសេដ្ឋកិច្ចអ៊ីស្លាមពិភពលោក ផ្ដល់យោបល់ថា នៅក្នុងដំណាក់កាលនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ប្រទេសនីមួយៗគួរយកចិត្តទុកដាក់ ដើម្បីធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តរភាព។
តំណាងរដ្ឋាភិបាលប្រទេសកម្ពុជា ក៏ត្រូវបានវេទិកាសេដ្ឋកិច្ចអ៊ីស្លាមពិភពលោក អញ្ជើញឲ្យចែករំលែកបទពិសោធន៍ពីការធានានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ប្រាប់វេទិកាសេដ្ឋកិច្ចអ៊ីស្លាមពិភពលោក ថា បរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈងាយស្រួលសម្រាប់វិស័យឯកជន។ លោកលើកឡើងថា ប្រទេសកម្ពុជា កំពុងអនុវត្តគោលការណ៍នៃការធ្វើធុរកិច្ចដោយសេរី និងយុត្តិធម៌ ដើម្បីធានាមនុស្សជំនាន់ក្រោយ នៅតែអាចទទួលផលប្រយោជន៍ពីដំណើរការនៃការធ្វើពាណិជ្ជកម្ម។ លោក ស៊ុន ចាន់ថុល ប្រកាសប្រាប់អ្នកចូលរួមទាំង ៩៨ប្រទេសថា កម្ពុជា នឹងចាប់ផ្ដើមអនុវត្តការចុះឈ្មោះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត (Online Business Registration) នៅចុងឆ្នាំ២០១៥ នេះ។
លោកសង្កត់ធ្ងន់ថា ប្រព័ន្ធនេះនឹងកាត់បន្ថយអំពើពុករលួយ និងដំណើរការក្រដាសស្នាមសាំញ៉ាំ ព្រមទាំងសន្សំសំចៃពេលវេលា ក្នុងដំណើរការចុះបញ្ជិកាតាមផ្លូវច្បាប់។ លោកបន្ថែមថា ប្រព័ន្ធនេះនឹងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រកបអាជីវកម្មជាផ្លូវការ។
នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សក បញ្ជាក់ថា ភាពជោគជ័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានអាស្រ័យលើភាពរីកចម្រើននៃវិស័យសហគ្រាសខ្នាតតូច និងមធ្យម ហើយដើម្បីធានានូវភាពរីកចម្រើននេះ លោក រ៉ាហ្សក ស្នើឡើងថា ប្រទេសក្នុងតំបន់ គួរពង្រឹង និងពង្រីកទីផ្សារសម្រាប់វិស័យសហគ្រាសខ្នាតតូច និងមធ្យម បន្ថយរបាំងពាណិជ្ជកម្ម ធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយស្ដីពីវិស័យសហគ្រាសខ្នាតតូច និងមធ្យមឲ្យបានជាក់លាក់ និងបង្កើនទំនាក់ទំនង និងការតភ្ជាប់ផ្នែកយុទ្ធសាស្ត្រសេដ្ឋកិច្ចរវាងអាស៊ានជាមួយពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
