អង្គការ​ខារ៉ាម​បង្កើត​មូលនិធិ​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​មក​កម្ពុជា

0:00 / 0:00

អង្គការ​ខារ៉ាម​កម្ពុជា បាន​បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​ថៃ បញ្ជូន​មក​វិញ​តាម​ច្រក​ប៉ោយប៉ែត។ អង្គការ​នេះ​អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំងអស់ ជួយ​ជា​សម្ភារៈ និង​ថវិកា​ជួយ​ដល់​ពលករ​ដែល​កំពុង​តែ​ខ្វះខាត​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​សកម្មភាព​បញ្ជូន​ពលករ​ខ្មែរ​ពី​ថៃ មក​នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស ដែល​អាជ្ញាធរ​ថៃ មិន​បាន​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស​នោះ​ឡើយ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ​របស់​រដ្ឋាភិបាល​យោធា​ថៃ នោះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​យោធា​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​មក​កាន់​កម្ពុជា វិញ​ក្នុង​រយៈពេល​កន្លង​មក​នេះ មាន​ខ្លះ​ស្លាប់​ផង​នោះ ជា​រឿង​មួយ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ទោះ​បី​ជា​ពលករ​ទាំង​នោះ​ជា​ពលករ​ខុស​ច្បាប់​ក្ដី។

«សំឡេង»

ការ​ថ្លែង​ដូច្នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​យោធា​ថៃ បន្ត​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ​ជា​បន្តបន្ទាប់។ មន្ត្រី​អង្គការ​ខារ៉ាម​កម្ពុជា ដែល​កំពុង​ឃ្លាំ​មើល​ការ​បញ្ជូន​ពលករ​នេះ​នៅ​ច្រក​ប៉ោយប៉ែត ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ មិថុនា ពលករ​ខ្មែរ​ដែល​ថៃ បញ្ជូន​មក​មាន​ជាង ៨​ពាន់​នាក់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ថៃ ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ទី​១៨ មិថុនា។ កាសែត​បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​ថៃ ថា ដើម្បី​ផ្លាស់​ប្ដូរ​វិធានការ​គ្រប់គ្រង​ពលករ​បរទេស​ដែល​ចូល​ធ្វើ​ការ​នៅ​ថៃ មិន​មាន​ឯកសារ​ស្រប​ច្បាប់ ឲ្យ​ចុះ​បញ្ជី​ការងារ​ស្រប​ច្បាប់ ដើម្បី​ជៀសវាង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​ម្ចាស់​ក្រុមហ៊ុន និង​ថៅកែ​នានា ឬ​ដើម្បី​ចាក​ផុត​ពី​ការ​ជួញ​ដូរ​មនុស្ស ជាដើម។

ទន្ទឹម​នឹង​នេះ អង្គការ​ខារ៉ាម​កម្ពុជា ក៏​បាន​បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់​មួយ ដើម្បី​ស្វែងរក​ថវិកា និង​សម្ភារៈ​ពី​សប្បុរសជន​នានា ជូន​ដល់​ពលករ​កំពុង​តែ​ខ្វះខាត​ស្បៀង​ទាំង​នោះ។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​បាន​បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​នេះ ដោយសារ​ស្ថាប័ន​របស់​លោក​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​អាហារ និង​សម្ភារៈ​ដល់​ពលករ​ខ្មែរ ដែល​ថៃ នៅ​តែ​បន្ត​បញ្ជូន​ពី​ប្រទេស​ថៃ មក​នោះ។

លោក យ៉ា ណាវុធ អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំងអស់​ជួយ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​នេះ។ លោក​ឲ្យ​ដឹង​ថា បើ​សិន​ជា​សាធារណជន​ចង់​ជួយ​ជា​ថវិកា សម្ភារៈ​ផ្សេងៗ​តាម​រយៈ​មូលនិធិ​អង្គការ​ខារ៉ាម​កម្ពុជា សូម​ទាក់ទង​លេខ​ទូរស័ព្ទ ០១២ ៩៦១ ៤២៧ ឬ ០២៣ ២១៨ ០៦៥។

«សំឡេង»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ក្រសួង​មហាផ្ទៃ បាន​បង្កើត​គណៈកម្មការ​ដើម្បី​ត្រួត​ពិនិត្យ ណែនាំ និង​សហការ​សម្រប​សម្រួល​អំពី​បញ្ហា​ពលករ​ខ្មែរ ដែល​ភាគី​ថៃ បាន​បញ្ជូន​មក​កម្ពុជា ដោយ​ដាក់​លោក​នាយ​ឧត្តមសេនីយ៍ ដុល គឿន ជា​ប្រធាន។ គណៈកម្មការ​នេះ​មាន​ភារកិច្ច​ត្រួត​ពិនិត្យ ណែនាំ និង​សហការ​សម្រប​សម្រួល​ការ​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន អាហារ ថ្នាំ​ពេទ្យ គ្រូពេទ្យ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព សុខភាព និង​ដឹក​ជញ្ជូន​ពី​ច្រក​ព្រំដែន​ទៅ​ដល់​ផ្ទះ​រៀងៗ​ខ្លួន និង​ករណី​ជាច្រើន​ទៀត។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំង​មាន​ឯកសារ និង​គ្មាន​ឯកសារ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ជាង ៤​សែន​នាក់។

គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មិថុនា ពលករ​ខ្មែរ​ដែល​ថៃ បញ្ជូន​មក​មាន​ប្រមាណ​ជាង ២​សែន​នាក់។

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ត្រឡប់​មក​វិញ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ពួក​គាត់​ត្រូវ​បាន​ទាហាន​ថៃ បញ្ជូន​ឡើង​ឡាន ហើយ​អ្នក​ខ្លះ​ក៏​ត្រូវ​តម្រួត​ជំរិត​ទារ​លុយ​ទៀត​ផង។ ក្នុង​ដំណើរ​ជញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​វិញ​នេះ មាន​ពលករ​យ៉ាង​តិច​ណាស់​ចំនួន ៨​នាក់​បាន​ស្លាប់ និង​មួយ​ចំនួន​ទៀត​រង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។