សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.ឌី.អេ (CCDA) របស់ លោក ឯ សុភាស់ ធ្វើសន្និសីទសារព័ត៌មានច្រានចោលសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលចំនួន ៣៤ស្ថាប័ន ដែលចោទប្រកាន់ថា សមាជិកអ្នករត់រ៉ឺម៉កកង់បីរបស់លោក ជាអ្នកប្រើអំពើហិង្សាទៅលើក្រុមអតីតអ្នកបើកបរឡានក្រុងកាពីតូល (CAPITOL) ដែលឈរតវ៉ានៅមុខក្រុមហ៊ុន ឋិតនៅម្តុំផ្សារអូរឫស្សី កាលពីថ្ងៃទី៦ ខែកុម្ភៈ។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលដែលតាមដានរឿងនេះ ស្នើឲ្យក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតមួយ ដើម្បីលាតត្រដាងរឿងពិត និងរកអ្នកនៅពីក្រោយខ្នងនៃអំពើហិង្សាបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួសនេះ។
ការប៉ះទង្គិចគ្នាដោយហិង្សារវាងអតីតបុគ្គលិកបើកបរឡានក្រុងកាពីតូល និងក្រុមអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ដែលជាសមាជិកនៃសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅខាងមុខផ្សារអូរឫស្សី នោះ បានវិវឌ្ឍន៍ទៅដល់ការចោទប្រកាន់គ្នាទៅវិញទៅមក រកអ្នកបង្ករឿងមិនទាន់ឃើញពិតប្រាកដមកទល់ពេលនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅមុខក្រុមហ៊ុនទេសចរណ៍កាពីតូល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ បានប្រតិកម្មខ្លាំងៗចំពោះសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលចំនួន ៣៤ស្ថាប័ន ដែលលោកថាបានចោទប្រកាន់យ៉ាងគឃ្លើនទៅលើសមាជិកអ្នករត់រ៉ឺម៉កកង់បីរបស់លោក ថាជាអ្នកបង្កហិង្សានោះ។
លោក ឯ សុភាស់ ចាត់ទុកសេចក្តីថ្លែងការណ៍រួមនោះថា គ្មានតម្លាភាព គ្មានការពិត និងការពារតែក្រុមបក្ខពួកខ្លួន ដោយមិនបានស៊ើបអង្កេត និងស្រាវជ្រាវទាំងសងខាង ហើយសំអាងលើភស្តុតាងតែម្ខាង៖ « គាត់បានចេញសេចក្តីថ្លែងការណ៍រួមមួយមិនបានស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ដែលតាំងខ្លួនជាអង្គការមួយបង្កឲ្យគេមានបញ្ហា។ គាត់អាចក្លាយជាអ្នកគាំពារសកម្មភាពទាំងអស់នេះ ដើម្បីឲ្យហិង្សាដោយប្រយោលណាមួយ »។
ទន្ទឹមគ្នានេះ លោក ឯ សុភាស់ ចោទប្រកាន់បកទៅប្រធានសហភាពសហជីពការងារកម្ពុជា លោក អាត់ ធន់ ថាជាអ្នកញុះញង់ឲ្យអតីតអ្នកបើកបររថយន្តក្រុងកាពីតូល ៤៥នាក់ ទាមទារចូលធ្វើការវិញទាំងខុសច្បាប់ បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ដោយផ្អែកតាមនីតិវិធីច្បាប់រួចហើយ។ លោក ឯ សុភាស់ និយាយថា ក្រុមអ្នកតវ៉ាបានរំលោភលើក្រុមហ៊ុន ដើម្បីវាយបំបែកឆ្នាំងបាយរបស់ពួកលោក ក្រោមរូបភាពរារាំងមិនឲ្យអតិថិជនប្រើប្រាស់សេវារថយន្តក្រុងក្រុមហ៊ុនកាពីតូល និងបញ្ជាឲ្យអ្នកតវ៉ារារាំងរថយន្តក្រុងជាច្រើនដង ហើយបង្ករបួសស្នាមដល់ក្រុមលោកចំនួន ២០នាក់ទៀតផង៖ « លោក អាត់ ធន់ បានមកស្រែកទីនេះផ្ទាល់ ដង្ហែដល់សាលាខណ្ឌ តើអាណា? តើជា អាត់ ធន់ ឬមិនមែន អាត់ ធន់ ? វាមិនដែល អាត់ ធន់ ជាមេសហជីពមួយ មិនអាចបញ្ជា គង់ អាទិត្យ បានទេ? ព្រោះពួកហ្នឹងនៅក្រោមចំណុះឲ្យគាត់ ហើយអ្នកដែលពឹងនោះ ក៏ត្រូវស្តាប់គាត់ដែរ។ បើខ្ញុំបង្កឲ្យមានហិង្សា ខ្ញុំទទួលខុសត្រូវ »។
តបនឹងការចោទប្រកាន់នេះ ប្រធានសហភាពសហជីពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា លោក ឯ សុភាស់ មិនអាចបំភ្លៃព័ត៌មានពិត ហើយដើរចោទគេនោះទេ ព្រោះរូបភាពអ្នកបង្កហិង្សាត្រូវបានគេបង្ហោះចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ព្រោងព្រាតរួចទៅហើយ។ លោក អាត់ ធន់ បញ្ជាក់ថា សហភាពសហជីពរបស់លោកមានបញ្ជិកាច្បាស់លាស់ ហើយក៏ទទួលបានពាក្យបណ្ដឹងពីអ្នកតវ៉ាដែលជាសមាជិកទៀតផង។ ដូច្នេះ សហភាពសហជីពការងារកម្ពុជា របស់លោក មានសិទ្ធិចូលរួមតស៊ូមតិ និងផ្នែកច្បាប់ ដើម្បីជំរុញឲ្យមានការដោះស្រាយវិវាទការងារដោយសន្តិវិធី។ ជាងនេះទៀត លោក អាត់ ធន់ សំណូមពរឲ្យស្ថាប័នមានសមត្ថកិច្ច ស៊ើបអង្កេតសំណុំរឿងនេះឲ្យមានតម្លាភាព៖ « យើងអត់បានពន្យល់ ឬណែនាំឲ្យគេប្រើហិង្សាទេ ព្រោះយើងជឿថា បើវាយគ្នាឯងមានគ្រោះដូចគ្នា ហើយសុទ្ធតែជាកម្មករដូចគ្នា ហើយបើវាយទៅលើគេផ្សេង ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយមានបញ្ហា ដូច្នេះយើងដឹងហើយ យើងមិនអាចបង្កហិង្សាទេ ព្រោះយើងធ្វើការជាង ១០ឆ្នាំហើយ »។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ក្រុមសង្គមស៊ីវិលចំនួន ៣៤ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយភ្លាមៗនៅបន្ទាប់ពីអំពើហិង្សាផ្ទុះឡើង ហើយបានធ្វើការថ្កោលទោសថា អំពើហិង្សានោះផ្ដើមចេញពីសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនស្លៀកពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព។ ពួកគេបានដើរទៅការពាររថយន្តក្រុង ដោយកាន់ញញួរ និងដំបងដែកវាយទាត់ធាក់យ៉ាងខ្លាំងទៅលើអ្នកតវ៉ា និងអ្នកគាំទ្រឲ្យក្រុមហ៊ុនទទួលយកអតីតអ្នកបើកបររថយន្តក្រុងទាំងអស់នោះ។
ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ បានប្រកាសឲ្យសង្គមស៊ីវិលទាំងនោះ កែតម្រូវសេចក្តីថ្លែងការណ៍នេះវិញ ហើយបើនៅតែចចេស លោកព្រមានដាក់លិខិតឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ត្រួតពិនិត្យមើលសកម្មភាពរបស់អង្គការសង្គមស៊ីវិលទាំងនោះ ដែលធ្វើមិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន៖ « បើគាត់មិនមានការកែទេ ខ្ញុំនឹងដាក់លិខិតមួយទៅក្រសួងមហាផ្ទៃ ទៅលើចំៗឈ្មោះនៃសមាគម និងអង្គការទាំងអស់ ហើយបើជាអង្គការអន្តរជាតិ ខ្ញុំដាក់ទៅក្រសួងការបរទេស ដើម្បីឲ្យចាត់វិធានការទៅធនាគារកណ្ដាល ធនាគារជាតិ ដើម្បីត្រួតពិនិត្យលើម្ចាស់ជំនួយ ថាតើលុយហ្នឹងយកឲ្យខ្មែរឈ្លោះគ្នាដែរអត់? ជាបណ្ដឹងពួកខ្ញុំ ព្រោះពួកខ្ញុំរស់នៅតាមបែបសមាគម ចិញ្ចឹមសមាគម ស្ករត្នោតខ្ចប់ដោយស្លឹកត្នោត មិនបាច់ទៅពឹងអ្នកណាទេ »។
ទោះបីជា លោក ឯ សុភាស់ លើកឡើងយ៉ាងនេះក្ដី ក៏ប៉ុន្តែ លោក អំ សំអាត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លើកឡើងថា ការចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងអំពើហិង្សាកាលពីថ្ងៃទី៦ កុម្ភៈ នោះ មិនមែនមានតែអង្គការលីកាដូ មួយទេ គឺមានអង្គការជាច្រើនទៀតដែលបានចូលរួមសង្កេតព្រឹត្តិការណ៍នោះដោយផ្ទាល់។ លោក អំ សំអាត ស្នើឲ្យក្រសួងមហាផ្ទៃ និងតុលាការ បើកការស៊ើបអង្កេតរឿងនេះដោយតម្លាភាព ដើម្បីឲ្យដឹងច្បាស់ថា តើរឿងពិតនៃអំពើហិង្សានោះ កើតចេញមកពីណា ហើយនរណាជាអ្នកនៅពីក្រោយពិតប្រាកដ៖ « ប្រសិនបើបុគ្គលណាដែលបានប្រព្រឹត្តអំពើហិង្សា ឬក៏អ្នកដែលផ្ដើមគំនិត អ្នកដែលផ្សំគំនិត ត្រូវតែប្រឈមមុខចំពោះមុខច្បាប់។ នេះគឺជាទិសដៅដែលអង្គការសង្គមស៊ីវិលទាំង ៣៤ បានចេញសេចក្តីអំពាវនាវ និងថ្កោលទោស។ ចំពោះរឿងថា ត្រូវកែប្រែមិនកែប្រែ មិនមែនសម្រេចនៅលើខ្ញុំម្នាក់ឯង ឬអង្គការលីកាដូ ទេ គឺអាស្រ័យទៅលើអង្គការទាំង ៣៤ស្ថាប័ននោះ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសាកសួរអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី១០ ខែកុម្ភៈ។ ចំណែកនាយកចាត់ការទូទៅនៃក្រុមហ៊ុនកាពីតូល លោក ផាន់ សុភាព ឆ្លើយថា កំពុងជាប់រវល់ មិនអាចនិយាយបាន។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់មនុស្ស ៦នាក់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយហិង្សានេះ។ តុលាការចោទប្រកាន់អ្នកទាំងនោះ ៣បទល្មើស គឺទី១ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ទី២ ប្រឆាំងអ្នករាជការ មានស្ថានទម្ងន់ទោស និងបទចោទទី៣ បង្កឧបសគ្គរារាំងដល់សណ្ដាប់ធ្នាប់សាធារណៈ។
ក្រោយបញ្ចប់ការសាកសួរ អតីតអ្នកបើកបររថយន្តក្រុងម្នាក់ គឺលោក ណន វណ្ណា និងសមាជិកសមាគមកម្មករ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ម្នាក់ទៀត គឺលោក រស់ ស៊ីផៃ ត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ខណៈមន្ត្រីសហជីព ៤រូបទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការចោទប្រកាន់។ មន្ត្រីសហជីពទាំង ៤រូបនោះមាន លោក អាត់ ធន់ លោក គង់ អាទិត្យ លោក អៀន គឹមហ៊ុន និងលោក សុខ ឈុនអឿង។
ចំពោះវិវាទដ៏ចម្រូងចម្រាសនេះ អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី យល់ថា បើយន្តការតុលាការពុំអាចផ្ដល់យុត្តិធម៌ដល់ជងរងគ្រោះ រីឯអ្នកប្រព្រឹត្តិរួចផុតពីសំណាញ់ច្បាប់ នោះជាហេតុអាចនាំឲ្យមនុស្សរស់នៅក្នុងសង្គមមួយនេះ មានការគុំកួនគ្នាតទៅទៀត។ លោកថា ការប្រើវប្បធម៌យកបន្លាមកជោះបន្លា ជាជាងការដោះស្រាយដោយសន្តិវិធី និងតាមច្បាប់ គឺជាហេតុដែលអាចនាំឲ្យមានអំពើហិង្សានៅក្នុងសង្គមកាន់តែច្រើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
