លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលាលែងពីតំណែង ដើម្បីឲ្យមានការផ្លាស់ប្ដូរការដឹកនាំក្នុងមជ្ឈមណ្ឌល។ លោកបន្តធ្វើការងារជាសមាជិកក្រុមប្រឹក្សាភិបាលក្នុងមជ្ឈមណ្ឌល។
លោក អ៊ូ វីរៈ អះអាងថា ការផ្លាស់ប្ដូរតំណែងនេះ ជាគំរូដល់រដ្ឋាភិបាល ក៏ដូចជាក្រុមសង្គមស៊ីវិលដទៃទៀត កុំឲ្យកាន់តំណែងជាអចិន្ត្រយ៍ និងដើម្បីទុកឱកាសឲ្យក្មេងជំនាន់ក្រោយ មានលទ្ធភាពធ្វើជាមេដឹកនាំបន្ត។
លោកបន្តថា តួនាទីមួយផ្នែកធំដ៏សំខាន់របស់អ្នកដឹកនាំ គឺរៀបចំធ្វើយ៉ាងណាឲ្យមានអ្នកបន្តវេន ហើយព្យាយាមបង្កើនសមត្ថភាពមនុស្សជាច្រើនដែលនៅជុំវិញខ្លួន ឲ្យអាចទៅជាមេដឹកនាំនៅថ្ងៃអនាគត៖ «ចំពោះខ្ញុំការផ្លាស់ប្ដូរមានអ្វីប្លែក។ ការដែលមិនប្ដូរវិញទេដែលវាប្លែក។ ប៉ុន្តែ ក្នុងសង្គមយើងវាអត់មានអ្នកដូរ។ ម្នាក់ៗនៅកន្លែងណា គឺក្រាញនៅកន្លែងហ្នឹង ដល់អ៊ីចឹងទៅ ពេលឃើញគេដូរ បែរទៅជាប្លែកទៅវិញ។ យើងចង់ឲ្យរដ្ឋាភិបាលផ្លាស់ប្ដូរ យើងចង់ឲ្យគណបក្សកាន់អំណាចផ្លាស់ប្ដូរ។ ដូច្នេះ ខ្ញុំចង់ឲ្យគណបក្សប្រឆាំងក៏គិតអ៊ីចឹងដែរ រៀបចំធ្វើម៉េចឲ្យមានក្មេងៗជំនាន់ក្រោយ ចូលរួមដឹកនាំបក្សប្រឆាំង និងចូលរួមដឹកនាំនយោបាយដ៏ជោគជ័យ។ ខ្ញុំក៏ចង់ឲ្យអង្គការក្រៅរដ្ឋាភិបាលអ៊ីចឹងដែរ។ កាលណាយើងនៅអង្គការក្រៅរដ្ឋាភិបាល យើងក្រាញមានថាម៉េច គឺមានជំងឺដូចតែគ្នាហ្នឹង។ ពេលណាយើងក្រាញ គឺយើងខ្លាចគេរីកចម្រើន យើងខ្លាចអ្នកជុំវិញខ្លួនយើងហ្នឹងរីកចម្រើន ដែលអាចនាំឲ្យមានការប្រកួតប្រជែងយកតួនាទីយើង។ សម្រាប់ខ្ញុំវិញ ខ្ញុំគ្មានបំណងក្រាញទេ ដូច្នេះហើយបានជាខ្ញុំរៀបចំធ្វើម៉េចឲ្យម្នាក់ៗចេញមុខមាត់»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០០២ ដោយ លោក កឹម សុខា បច្ចុប្បន្នជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីការងារការពារសិទ្ធិមនុស្ស ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះពីការរំលោភសិទ្ធិមនុស្ស។
ក្រុមប្រឹក្សាភិបាលរបស់អង្គការនេះ កាលពីថ្ងៃទី៧ ខែមីនា បានសម្រេចជ្រើសរើស អ្នកស្រី ចក់ សុភាព អាយុ ២៩ឆ្នាំ ពីនាយកកម្មវិធី ឲ្យឡើងកាន់តំណែងជានាយកប្រតិបត្តិ។
លោក អ៊ូ វីរៈ សង្ឃឹមថា អ្នកស្រី ចក់ សុភាព នឹងធ្វើឲ្យការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាន់តែមានភាពរឹងមាំ និងរីកចម្រើន។ លោកបន្តថា សម្រាប់ការងារបន្ទាប់របស់លោក គឺនៅបន្តធ្វើជាសមាជិកក្រុមប្រឹក្សារបស់អង្គការនេះ និងបន្តបង្ហាត់បង្ហាញប្រធានថ្មីក្នុងរយៈពេល ៦ខែ ឲ្យស្គាល់កិច្ចការផ្សេងៗ រួមទាំងការងារទំនាក់ទំនងអន្តរជាតិផងដែរ៖ «គាត់រៀនបានថ្នាក់អនុបណ្ឌិតមកពីជប៉ុន ហើយគាត់ធ្វើការនៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សយូរអង្វែង ហើយគាត់កាន់កិច្ចការនៅក្នុងអង្គការច្រើនមែនទែន ហើយគាត់មានភាពហ្មត់ចត់។ ហើយការរើសនេះ គឺជាការដែលយើងយកចិត្តទុកដាក់ខ្លាំងមែនទែន។ សម្រាប់ខ្ញុំ តួនាទីរបស់ខ្ញុំដែលជាអ្នកដឹកនាំមួយរូប គឺធ្វើយ៉ាងម៉េចរៀបចំឲ្យស្ថាប័នហ្នឹងកាន់តែមានភាពរឹងមាំកាន់តែល្អជាងខ្ញុំ»។
អ្នកស្រី ចក់ សុភាព ដែលជាប្រធានថ្មីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញភាពប្ដេជ្ញាថា នឹងបន្តយុទ្ធសាស្ត្រការងាររយៈពេលបីឆ្នាំ ក្នុងទិសដៅសំខាន់បំផុត គឺការពារសកម្មជនសិទ្ធិមនុស្ស ពង្រីកគម្រោងអ្នកការពារសិទ្ធិមនុស្ស ដើម្បីផ្តល់ជំនួយមេធាវី ឬជំនួយផ្សេងៗទៀតដែលជនរងគ្រោះត្រូវការ៖ «ជាការចាប់ផ្ដើម ជាការទទួលខុសត្រូវមួយធំមែនទែនសម្រាប់នាងខ្ញុំ ប៉ុន្តែគ្រាន់តែការងារកន្លងមក គឺបានប្រឡូករួចហើយ។ ដូច្នេះ អ្វីដែលខ្ញុំនឹងចាប់ផ្ដើមនេះ គឺបន្តការងាររបស់មជ្ឈមណ្ឌលសិទ្ធិកម្ពុជា យើងហ្នឹង ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រដែលយើងបានធ្វើកន្លងមក»។
សមាជិកក្រុមប្រឹក្សាភិបាលម្នាក់ក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលចំនួនបួននាក់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កែម ឡី មានប្រសាសន៍ថា ការផ្លាស់តំណែងរបស់ លោក អ៊ូ វីរៈ ដាក់ជំនួសប្រធានថ្មី ធ្វើឡើងគឺដើម្បីពង្រឹងអភិបាលកិច្ចក្នុងអង្គការ និងទុកជាស្តង់ដារមួយសម្រាប់ប្រធានអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ក្នុងការគិតគូរអំពីអាណត្តិការងាររបស់ខ្លួន៖ «ចង់បានឲ្យវាមានតួនាទីច្បាស់លាស់ជាងមុន។ ចង់បានឲ្យមានប្រសិទ្ធភាពជាងមុខ។ ចង់បានឲ្យមានអភិបាលកិច្ចល្អ។ ហើយក៏អត់ចង់ឃើញអង្គការមួយមានប្រធានតែម្នាក់យូរអ៊ីចឹង»។
ក្រុមអ្នកស្រាវជ្រាវខ្លះបានរកឃើញថា ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមានតួនាទីយូរអង្វែងចាក់ជ្រៅទៅក្នុងអង្គការរបស់ខ្លួន ហើយថា មិនត្រឹមតែតួនាទីដ៏យូររ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការខ្លះ ថែមទាំងដាក់បញ្ចូលសែស្រឡាយសាច់ញាតិរបស់ខ្លួនឲ្យកាន់កិច្ចការធំៗក្នុងអង្គការនោះថែមទៀត។
ក្រុមអ្នករិះគន់និយាយថា គ្រួសារនិយម ឬបក្ខពួកនិយម នាំមកនូវការខ្វះតម្លាភាព ហើយការខ្វះតម្លាភាព នាំមកនូវអំពើពុករលួយ ហើយអំពើពុករលួយជាហេតុនាំឲ្យមានការល្មោភអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
