CCHR​ស្នើ​ក្រសួង​មហាផ្ទៃ​ឈប់​​រឹតត្បិត​បាតុកម្ម​អហិង្សា

មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ១៨ សីហា ជំរុញ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​បញ្ឈប់​លក្ខខណ្ឌ​តម្រូវ​ឲ្យ​សុំ​ការ​អនុញ្ញាត រៀប​ចំ​បាតុកម្ម​ដោយ​សន្តិវិធី។

មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​លើក​ឡើង​​ពី​ការ​លំបាក​របស់​ខ្លួន​កន្លង​មក ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រាល់​ពេល​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល និង​ព្រឹត្តិការណ៍​នានា ​ស្រដៀង​គ្នា​នឹង​ការរារាំង​របស់​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ចំពោះ ​គម្រោង​ជិះ​កង់​របស់​អង្គការ​មាតា​ធម្មជាតិ (Mother Nature) ដែល​មាន​យុវជន​ជិះ​កង់​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង អំពី​ផែនការ​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​ស្រុក​អារ៉ែង ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី ១៧ សីហា​នេះ។

ចំពោះ​ការ​រារាំង​កន្លង​មក​ពី​សំណាក់​អាជ្ញាធរ ហាក់​ផ្ទុយ​ស្រឡះ​ពី​មាត្រា​ច្បាប់​ស្ដី​ពី​បាតុកម្ម​ដោយ​សន្តិវិធី ត្រឹម​តែ​បញ្ជាក់​ថា បាតុកម្ម​ដោយ​សន្តិវិធី នៅ​ទី​សាធារណៈ​ណាមួយ គ្រាន់​តែ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ ទៅ​អាជ្ញាធរ​ដែនដី​មាន​សមត្ថកិច្ច​នៅ​ទី​កន្លែង​នោះ ហើយ​អាជ្ញាធរ​ខក​ខាន​មិន​បាន​ឆ្លើយ​តប​រហូត​ដល់​ពេល​កំណត់​នោះ បាន​ន័យ​ថា​អាជ្ញាធរ​បាន​ព្រមព្រៀង​ហើយ ចំណែក​ឯ​អាជ្ញាធរ​ក៏​គ្មាន​សិទ្ធិ​ទៅ​បំបែក​បាតុកម្ម​បាន​ដែរ។ សរុប​មក​បាតុករ​មិន​តម្រូវ​ឲ្យ​មាន​ច្បាប់​អនុញ្ញាត​សុំ​ធ្វើ​បាតុកម្ម ដូច​ការ​លើក​ឡើង​របស់ អភិបាល​ខណ្ឌ​មានជ័យ ដែល​រារាំង​ក្រុម​យុវជន​អង្គការ​មាតា​ធម្មជាតិ​នោះ​ទេ បាតុករ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​បាន​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។