លិខិតរបស់សមាគមមន្ត្រីរាជការឯករាជ្យ ហៅកាត់ជាភាសាអង់គ្លេសថា ស៊ីកា (CICA) ចុះថ្ងៃទី៨ ខែមករា បានអំពាវនាវអោយមន្ត្រីរាជការចូលរួមបាតុកម្ម ដោយការមិនទៅកន្លែងធ្វើការ ឈប់សម្រាក ឬព្យួរការងារជាដើម ដើម្បីជំរុញអោយរដ្ឋាភិបាលយល់ព្រមដំឡើងប្រាក់ខែគោលមន្ត្រីរាជការអោយបាន ២លានរៀលក្នុងមួយខែ។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យ លោក កៅ ពឿន មានប្រសាសន៍នៅថ្ងៃទី៩ មករា ថា សមាជិកសមាគមរបស់លោកបានចាប់ផ្ដើមធ្វើកូដកម្ម ដោយមិនចូលធ្វើការជាច្រើនថ្ងៃមកហើយ ដើម្បីទាមទារដំឡើងប្រាក់ខែ។ លោក កៅ ពឿន សង្ឃឹមថានឹងមានមន្ត្រីរាជការជាច្រើនបន្ថែមទៀត ចូលរួមក្នុងការទាមទារដំឡើងប្រាក់ខែនេះ។ យ៉ាងនេះក្ដី លោកបញ្ជាក់ថា បើទោះជារដ្ឋាភិបាលមិនអាចដំឡើងប្រាក់ខែក្នុងពេលនេះ ក៏គួរតែរដ្ឋាភិបាលកំណត់រយៈពេលណាមួយដែលអាចដំឡើងប្រាក់ខែអោយបានដូចការទាមទារ។
«សំឡេង»
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានហៅការអំពាវនាវនេះថា ជាទង្វើខុសច្បាប់ ជាការញុះញង់អោយធ្វើដំណើរការងាររបស់ប្រទេសនេះជាប់គាំង។ លោក ផៃ ស៊ីផាន បញ្ជាក់ទៀតថា មន្ត្រីរាជការដែលចូលរួមកូដកម្មបាតុកម្មដោយមិនធ្វើការ អាចប្រឈមនឹងការបញ្ឈប់ពីការងារ។
«សំឡេង»
ទាក់ទងនឹងការដំឡើងប្រាក់ខែមន្ត្រីរាជការ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី២ ខែមករា ដោយសម្រេចដំឡើងប្រាក់ខែមូលដ្ឋានដល់មន្ត្រីរាជការ និងប្រាក់ថ្លៃអាហារកងយោធិន នគរបាលជាតិ និងមន្ត្រីពន្ធនាគារ និងផ្ដល់ប្រាក់កម្រៃបន្ថែមដល់គ្រូបង្រៀនជាប់កិច្ចសន្យា ក្នុងនោះ មន្ត្រីរាជការទទួលបានប្រាក់ខែបន្ថែម ៤ម៉ឺន ឬ ៨ម៉ឺនរៀលទៅតាមប្រភេទក្របខ័ណ្ឌរបស់ខ្លួន។ ចំណែកយោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទទួលបានប្រាក់ថ្លៃអាហារបន្ថែមចំនួន ៤ពាន់ ២០០រៀលក្នុង១ថ្ងៃ។ ចំណែកគ្រូបង្រៀនជាប់កិច្ចសន្យា ទទួលបានប្រាក់បន្ថែមចំនួន ៤ម៉ឺនរៀល។ យ៉ាងនេះក្តី សមាគមមន្ត្រីរាជការឯករាជ្យចាត់ទុកថា ការដំឡើងនោះ គឺមានកម្រិតតិចតួចដែលពុំសមស្របនឹងទំនិញនៅលើទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
