សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីសកម្មភាពខុសឆ្គងនានា និងអយុត្តិធម៌ ដូចជា ការបែកធ្លាយវិញ្ញាសាប្រឡង និងសំណូកពុករលួយផ្សេងៗនៅក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។
សេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១ ខែសីហា របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានខ្លឹមសារថា នៅថ្ងៃទី៥ ខែសីហា ប្រទេសកម្ពុជា នឹងមានរៀបចំការប្រឡងសញ្ញាបត្របាក់ឌុប រយៈពេលបីថ្ងៃ។ សម័យប្រឡងនេះ សមាគមគ្រូបង្រៀន បានស្នើឲ្យលោកគ្រូអ្នកគ្រូ ដែលជាអនុរក្សត្រួតពិនិត្យអគារ និងប្រធានពួក ឬមណ្ឌលប្រឡងទាំងអស់ ត្រូវអនុវត្តការងារឈរលើមនសិការជាតិជាធំ។ ជាងនេះ សិស្សានុសិស្សជាបេក្ខជនប្រឡង ត្រូវខិតខំបញ្ចេញសមត្ថភាពរៀងៗខ្លួន និងជៀសវាងការបើកចម្លង ឬក៏ទិញចម្លើយសម្រាប់ចម្លង។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី២ ខែសីហា ក៏បានអំពាវនាវឲ្យក្រសួងអប់រំ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះដំណើរការប្រឡងបាក់ឌុបឲ្យបានត្រឹមត្រូវ និងជៀសវាងកើតមានភាពមិនប្រក្រតីកើតឡើងនៅតាមមណ្ឌលប្រឡង៖ «ជៀសវាងកុំឲ្យកើតមានភាពមិនប្រក្រតីនៅក្នុងមណ្ឌលប្រឡង។ ដូចជា មានការបើកចម្លង មានការទិញចម្លើយ ឬមួយក៏មានការធ្វើចម្លើយលក់ ឬចម្លងតាមរយៈទូរស័ព្ទជាដើម។ យើងធ្វើម៉េចត្រូវលើកកម្ពស់ជាតិរបស់យើង យើងដឹងហើយ សង្គមកម្ពុជា យើងស្ទើរតែគ្រប់វិស័យទាំងអស់ ត្រូវគេមើលឃើញថា វាស្ថិតក្នុងស្ថានភាពអាក្រក់។ ដូច្នេះហើយ បានជាយើងត្រូវតែធ្វើការកែលំអ»។
លោក រ៉ុង ឈុន បន្ថែមថា ក្នុងសម័យប្រឡងជារៀងរាល់ឆ្នាំ សមាគមគ្រូបង្រៀនសង្កេតឃើញថា មានករណីបេក្ខជនបើកចម្លងចម្លើយ ឬមានសកម្មភាពធ្វើចម្លើយលក់ជូនបេក្ខជន ការផ្តល់ចម្លើយតាមទូរស័ព្ទ និងការប្រមូលលុយពីបេក្ខជន បានកើតមានតាមបន្ទប់ ឬមណ្ឌលប្រឡងនីមួយៗ។
ចំណែក លោក ហ៊ី សម្បត្តិ គ្រូបង្រៀននៅសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តសៀមរាប បានទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្របាក់ឌុប កើតមាននៅតាមមណ្ឌល ឬតាមសាលាមួយចំនួនពិតមែន។
គ្រូបង្រៀនរូបនេះ បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ ត្រូវទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៖ «កន្លងមក មានការបែកធ្លាយវិញ្ញាសា។ ជួនកាល ក្នុង ៤ ទៅ ៥សំណួរហ្នឹង មានត្រូវចម្លើយពី ២ ទៅ ៤សំណួរក៏មានកន្លងមក។ តែក៏មានវិញ្ញាសាខ្លះអត់ត្រូវទេ ប៉ុន្តែមានមួយចំនួនត្រូវ។ សៀមរាប នេះ មានដូចជាវិញ្ញាសាគីមី វិញ្ញាសារូបវិទ្យា និងវិញ្ញាសាគណិតវិទ្យា ជាដើម។ ប៉ុន្តែ វិញ្ញាសានេះវាមិនមែនត្រូវគ្រប់បន្ទប់ទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងអប់រំ ដើម្បីបំភ្លឺជុំវិញក្តីបារម្ភនៃការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្របាក់ឌុប បានទេ តាមទូរស័ព្ទ នៅថ្ងៃសុក្រ ទី២ ខែសីហា។ ប៉ុន្តែ ជារៀងរាល់ឆ្នាំ មន្ត្រីក្រសួងអប់រំ តែងបានឆ្លើយបដិសេធថា មិនមានការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប ដូចការចោទទេ។
យ៉ាងណាក៏ដោយ ជារៀងរាល់ឆ្នាំ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានគេចែកចាយ និងលក់ជូនបេក្ខជននៅតាមសាលា ឬមណ្ឌលប្រឡង នៅមុនថ្ងៃប្រឡង ឬថ្ងៃប្រឡងចូលមកដល់នៅទីប្រជុំជន តាមរាជធានី-ខេត្តនីមួយៗ។ ដោយសារការប្រឡងនានាមានការចម្លង មានការសូកប៉ាន់ នេះហើយ បានជាសាធារណមតិមួយចំនួនចាត់ទុកថា គុណភាពសិស្សមានសញ្ញាបត្របាក់ឌុប មានចំណេះកម្រិតទាប មិនអាចធ្វើការងារមានប្រសិទ្ធភាពឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។