មន្ត្រីសង្គមស៊ីវិល ដែលធ្វើការលើវិស័យច្បាប់ បានស្នើឲ្យរដ្ឋាភិបាល ត្រួតពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនៃសហគ្រាសឡើងវិញ ដែលថាមានបទបញ្ញត្តិជាច្រើន ធ្វើឡើងដោយចេតនាដើម្បីរឹតត្បិតសិទ្ធិសេរីភាពសហជីពដែលឯករាជ្យ និងធ្វើការដើម្បីផលប្រយោជន៍កម្មករ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ថ្លែងនៅថ្ងៃទី១៨ កញ្ញា ថា អត្ថបទការវិភាគផ្នែកច្បាប់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនៃសហគ្រាសនេះ សង្គមស៊ីវិលបានផ្សព្វផ្សាយជាសាធារណៈ និងដាក់ជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ លោកថា បទបញ្ញត្តិជាច្រើនដូចជា ការកំណត់ចំនួនកម្មករក្នុងការបង្កើតសហជីព ការកំណត់លក្ខខណ្ឌមួយចំនួនដែលអាចបង្កើតសហជីពបាន និងក្រសួងការងារ មានសិទ្ធិលើសលប់គ្របដណ្ដប់លើកិច្ចការសហជីព ជាដើម គឺជាចំណុចដែលផ្ទុយទៅនឹងអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ។
លោក មឿន តុលា៖ «នៅក្នុងនេះ យើងស្នើឲ្យពិនិត្យមើលឡើងវិញ ពាក់ព័ន្ធនឹងសេចក្ដីព្រាងហ្នឹង មែនទែនទៅ បើពិនិត្យទៅលើច្បាប់ការងារ ពិនិត្យទៅមើលកតិកាសញ្ញាដែលយើងមានជាធរមាននោះ ច្បាប់សហជីពហ្នឹងវាអត់ត្រូវចាំបាច់មានទេ។ ប៉ុន្តែបើសិនជារដ្ឋាភិបាលយល់ឃើញខុសពីខាងសង្គមស៊ីវិល គិតថាគួរតែមាន យើងថាច្បាប់ថ្មីដែលគួរតែមានហ្នឹង មិនត្រូវកាត់បន្ថយ ឬក៏រឹតត្បិតសេរីភាពសហជីពជាងច្បាប់ ដែលកំពុងតែមាននៅក្នុងច្បាប់ការងារយើងហ្នឹងទេ»។
ការចេញផ្សាយសេចក្ដីវិភាគផ្នែកច្បាប់របស់ក្រុមការងារសង្គមស៊ីវិល ឃ្លាំមើលផ្នែកច្បាប់នេះ ស្របពេលដែលមាននិន្នាការរបស់តុលាការកោះហៅមេដឹកនាំសហជីព សាកសួរឡើងវិញ ដាក់អ្នកទាំងនោះឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ មានការដាក់កម្លាំងពង្រាយក្នុងពេលកម្មករសហជីពជួបជុំ ផ្សព្វផ្សាយទាមទារប្រាក់ឈ្នួលកម្មករ ១៧៧ដុល្លារ ជាដើមនោះ។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនៃសហគ្រាស កំពុងស្ថិតនៅក្រសួងការងារ នៅឡើយ ដែលរង់ចាំការពិភាក្សាបន្តទៀត បន្ទាប់ពីឆ្លងការពិភាក្សាជាច្រើនដង និងបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីម្ដងរួចហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
