ក្រុម​យុវជន​ជា​អ្នក​កាសែត​សហគមន៍​រួម​គ្នា​ធ្វើ​ផែនទី​រូបភាព​បង្ហាញ​ទិស​តំបន់​អារ៉ែង

ដោយ សេក បណ្ឌិត
2015.07.20
អារ៉ែង ៦២០ ទេសភាព​នៅ​តាម​ដង​ស្ទឹង​ក្នុង​តំបន់​អារ៉ែង ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៥
RFA/Den Ayuthyea

គម្រោង​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ រួម​នឹង​ក្រុម​យុវជន​ជា​អ្នក​កាសែត​សហគមន៍ រួម​គ្នា​ធ្វើ​ផែនទី​រូបភាព​ភូមិសាស្ត្រ​នៅ​តំបន់​អារ៉ែង​ប្រចាំ​ឆ្នាំ​២០១៥ និង​ត្រូវ​ដាក់​ផ្សាយ​នៅ​លើ​គេហទំព័រ​ផែនទី​ហ្គូហ្គល (Google)។

ផែនទី​រូបភាព​ភូមិសាស្ត្រ​នេះ អាច​ជួយ​ណែនាំ​អ្នក​ទេសចរ ឬ​អ្នក​មាន​មុខងារ​ដទៃ​ទៀត ដែល​ចង់​ទៅ​តំបន់​អារ៉ែង​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ងាយ​ស្រួល។

ការ​កសាង​ផែនទី​រូបភាព​ចង្អុល​ប្រាប់​ទិស​ទៅ​កាន់​ភូមិសាស្ត្រ​តំបន់​អារ៉ែង​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ជួយ​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​នោះ​កើន​ឡើង និង​ជួយ​ចូលរួម​អភិរក្ស​តំបន់​ព្រៃ​ធម្មជាតិ និង​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​សេសសល់​ចុង​ក្រោយ នៅ​ភាគ​និរតី​នៃ​ខេត្ត​កោះកុង នោះ។

ប្រធាន​គម្រោង​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មាន នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ង៉ែត ម៉ូសេ ដែល​ដឹក​នាំ​ធ្វើ​ផែនទី​នេះ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ថា បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ចូលរួម​ពី​ក្រុម​យុវជន​ជា​អ្នក​កាសែត​សហគមន៍​រយៈពេល ៣​ថ្ងៃ នៅ​ដើម​សប្ដាហ៍​នេះ ក្រុម​ការងារ​សម្រេច​បាន​ប្រមាណ ៦០​ភាគរយ​ហើយ​ក្នុង​ជំហាន​ដំបូង៖ «យើង​ធ្វើ​បាន​ច្រើន​កន្លែង​ដែរ គឺ​យើង​ធ្វើ​ចាប់​ពី​វាល​ពីរ​ទៅ ព្រោះ​វាល​ពីរ​គេ​ធ្វើ​ហើយ​ដោយ​ធ្វើ​មួយ​គីឡូ​ម្តងៗ​រហូត​ដល់​ថ្មបាំង បន្ត​រហូត​ដល់​ឃុំ​ជំនាប់ ទៅ​កន្លែង​ព្រៃ​អារក្ស ព្រៃ​ត្រណម​របស់​ជនជាតិ​ជង និង​ផ្លូវ​ចូល​ទៅ​ឆាយ​អារ៉ែង»

លោក​បន្ត​ថា ជំហាន​ទី​មួយ​នេះ​ផ្អាក​ត្រឹម​ហ្នឹង​សិន ដោយសារ​តំបន់​ផ្សេងៗ​ទៀត​មាន​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់ ព្រោះ​រដូវ​នេះ​ជា​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន។

លោក ង៉ែត ម៉ូសេ បាន​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នានា​នៃ​ការ​កសាង​ផែនទី​នេះ ដូចជា​លើ​កម្ពស់​តំបន់​ទេសចរណ៍​ដែល​នៅ​ដាច់​ស្រយាល​ពី​ទីប្រជុំជន បង្ហាញ​ផ្លូវ​ទៅ​កាន់​ទីកន្លែង​ណា​មួយ​ក្នុង​តំបន់​ទេសចរណ៍ ដើម្បី​ឲ្យ​អ្នក​ទេសចរ​ងាយ​ស្វែងរក។ ម្យ៉ាង​ទៀត ការ​ជ្រើស​តំបន់​អារ៉ែង​ជា​ជំហាន​ដំបូង​នៃ​កម្មសិក្សា​នោះ ដោយសារ​តំបន់​នោះ​នៅ​ដាច់​ស្រយាល គ្មាន​បណ្ដាញ​ទូរស័ព្ទ​ទាក់ទង​គ្នា​បាន ជា​តំបន់​ដែល​មាន​សក្ដានុពល​ព្រៃ​ឈើ សត្វ​ព្រៃ ដែល​ត្រូវ​រួម​គ្នា​អភិរក្ស ហើយ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ក្រុម​យុវជន​ស្វែង​យល់​លម្អិត​ពី​តំបន់​ព្រៃ​ភ្នំ សត្វ​គ្រប់​ប្រភេទ​នៅ​ទីនោះ​ថែម​ទៀត ក្រៅ​ពី​ការ​ធ្វើ​ផែនទី​នៅ​តំបន់​នោះ៖ «អ្នក​នៅ​កន្លែង​ណា​ក៏ដោយ​ទូទាំង​ពិភពលោក គេ​ចង់​ដឹង​ពី​ស្រុក​ខ្មែរ តំបន់ ឬ​កន្លែង​ណា​មួយ​មាន​ទេសភាព​បែប​ម៉េច ហើយ​បើ​គេ​ចង់​មក គេ​មើល​ផែនទី​ហ្នឹង​ទៅ​គេ​អាច​មក​បាន​ដោយ​មិន​ចាំបាច់​អ្នក​នាំ​ផ្លូវ​ក៏​បាន»

ក្រុម​ការងារ​ធ្វើ​ផែនទី​រូបភាព​បង្ហាញ​ផ្លូវ​ទៅ​កាន់​តំបន់​ទេសចរណ៍​ស្ទឹង​អារ៉ែង​នេះ មាន​ជាង ២០​នាក់ ភាគ​ច្រើន​ជា​យុវជន សិក្ខាកាម​សិក្សា​ពី​ព័ត៌មាន​វិទ្យា និង​ការ​សរសេរ​ព័ត៌មាន​ស្ដីពី​សហគមន៍ ដែល​ជា​គម្រោង​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​ក្រុម​យុវជន អេស.ប៊ី.អ៊ិន (SBN) ព្រម​ទាំង​យុវជន​ដទៃ​ទៀត ដែល​សកម្ម​ក្នុង​ការ​សរសេរ​ព័ត៌មាន​សង្គម​ថ្មីៗ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤
ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤
RFA

សមាជិក​ក្រុម​យុវជន អេស.ប៊ី.អ៊ិន (SBN) យុវជន ហេង ពិសិដ្ឋ ដែល​សមាជិក​មួយ​ចំនួន​ចូលរួម​ក្នុង​សកម្មភាព​នេះ​ដែរ បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​នេះ​បាន​ជួយ​ច្រើន​ដល់​យុវជន​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ថ្មីៗ ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​ភូមិ​ទទួល​បាន​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​តំបន់​អារ៉ែង៖ «ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពួក​គាត់​អាច​ចូល​ទៅ​មើល​ក្នុង​ហ្គូហ្គល (Google) គាត់​អាច​ឃើញ​ទីតាំង​ហ្នឹង ហើយ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​ដោយ​ខ្លួន​ឯង​បាន ក្នុង​ករណី​គាត់​ទាក់ទង​អ្នក​ភូមិ ឬ​អ្នក​ដែល​ធ្លាប់​ទៅ​ទីនោះ និង​ចុះ​បង្រៀន​ប្រជា​សហគមន៍​ឲ្យ​ចេះ​សរសេរ​ព័ត៌មាន​ខ្លី និង​ផ្តល់​ព័ត៌មាន​គាត់​អាច​ការពារ​ព្រៃ​ឈើ​ក្នុង​សហគមន៍​នោះ​បាន តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ចេញ​មក​ក្រៅ ឬ​មក​អ្នក​សារព័ត៌មាន​អាជីព​ឲ្យ​ជួយ​ផ្សព្វផ្សាយ»

ក្រុមហ៊ុន​ហ្គូហ្គល (Google) ធ្លាប់​បាន​ធ្វើ​ផែនទី​បង្ហាញ​ផ្លូវ​ទៅ​កាន់​តំបន់​អារ៉ែង​រួច​ម្តង​មក​ហើយ​នៅ​ចន្លោះ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ប៉ុន្តែ​មិន​ទាន់​សព្វ​ជ្រុងជ្រោយ​នៅ​ឡើយ។ លោក ម៉ូសេ បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក​ចង់​ធ្វើ​ដាច់​ដោយឡែក​មួយ​ទៀត និង​ធ្វើ​បច្ចុប្បន្នភាព​បន្ត​ពី​ហ្គូហ្គល (Google) ដោយ​ថត​បញ្ចូល​នូវ​ទីតាំង​ថ្មីៗ​ថែម​ទៀត ដែល​ក្នុង​ផែនទី​ហ្គូហ្គល (Google) មិន​ទាន់​មាន។

ចំណែក​យុវជន អាន វិចិត្រ ជា​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ស្ថិត​ក្នុង​ក្រុម​ការងារ​ផែនទី​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​ទៅ​សិក្សា​ស្វែង​យល់ និង​ធ្វើ​ផែនទី​រូបភាព​ពី​ភូមិសាស្ត្រ​នៅ​តំបន់​អារ៉ែង​នោះ ដោយសារ​តំបន់​នេះ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​កម្រ​មួយ ដែល​ទើប​ត្រូវ​បាន​គេច​ចេញ​ពី​គម្រោង​វារីអគ្គិសនី​មួយ​រយៈ​នេះ៖ «បរិស្ថាន​អារ៉ែង​ដែល​គេ​ចាត់​ទុក​ថា​ជា​ព្រៃ​ចុង​ក្រោយ ហើយ​ទីនោះ​ស្ថិត​នៅ​ឆ្ងាយ ទាំង​ផ្លូវ​ពិបាក ថែម​ទាំង​រដ្ឋាភិបាល​កំពុង​ប៉ុនប៉ង​ធ្វើ​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន មួយ ដើម្បី​ធ្វើ​ទំនប់​វារីអគ្គិសនី ដែល​នាំ​ឲ្យ​ប៉ះពាល់​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ដែល​រស់នៅ​តំបន់​ហ្នឹង»

លោក ង៉ែត ម៉ូសេ បាន​ឲ្យ​ដឹង​ថា ជំហាន​ទី​ពីរ​ដែល​ឈាន​ទៅ​បញ្ចប់​គម្រោង​នេះ នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​បន្ត​ទៀត​នៅ​ចុង​ឆ្នាំ​២០១៥ នេះ។ លោក​ឲ្យ​ដឹង​ទៀត​ថា ទៅ​ថ្ងៃ​ខាង​មុខ អង្គការ​លោក​មាន​គម្រោង​ធ្វើ​ផែនទី​ដូច​គ្នា​នេះ​នៅ​តំបន់​ទេសចរណ៍​ដាច់​ស្រយាល​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។